Report Corruption by phone 1292 or 7777 or Report Online

កម្មវិធីបង្ហាញលទ្ធផលការសិក្សាស្រាវជ្រាវស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជននៅប្រទេសកម្ពុជា”

សេចក្ដីថ្លែងការណ៍ព័ត៌មាន

ការផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី

“ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម”

 

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះបានរៀបចំកម្មវិធី​ផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាព​បច្ចុប្បន្ន និងបញ្ហាប្រឈម”។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ការសិក្សានេះស្វែងយល់អំពី​ស្ថានភាពបច្ចុប្បន្នរបស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំ ហើយកំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗក្នុង​ការបង្កើតបរិយាកាសអំណោយផលសម្រាប់ពួកគេ ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់​ប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។ មានមនុស្សសរុបចំនួន ៥៦៩រូប បានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ទាំងតាមរយៈការពិភាក្សាជាក្រុម និងការសម្ភាសស៊ីជម្រៅ។ ក្នុងនោះរួមមាន មន្ត្រីរដ្ឋាភិបាល(ថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ) អង្គការសង្គមស៊ីវិល គ្រឹះស្ថានឧត្តមសិក្សា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរភេទ បុគ្គលអន្តរភេទ និងអ្នកមិនកំណត់ភេទនិងយេនឌ័រ(LGBTIQ) ក្រុមសិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងយុវជន។

លទ្ធផលសិក្សាស្រាវជ្រាវនេះបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានវឌ្ឍនភាពខ្លះៗរបស់ស្ត្រី និងយុវជនក្នុង​តួនាទីជាអ្នកដឹកនាំក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមក ហើយស្ត្រី និងយុវជនត្រូវបានចាត់ទុក និងជឿថាគឺជាកម្លាំងចលករ​ដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមក្ដី ពួកគេនៅតែមានតំណាងតិចតួចណាស់នៅក្នុងវិស័យ​សាធារណៈ ជាពិសេសក្នុងតួនាទីដឹកនាំទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

បន្ថែមពីនេះទៀត លទ្ធផលស្រាវជ្រាវចង្អុលបង្ហាញនូវកត្តាមួយចំនួន—វប្បធម៌ សង្គម និងសេដ្ឋកិច្ច—ដែល​បាន​រួមចំណែកក្នុងស្ថានភាពខាងលើនេះ។ តួយ៉ាង លទ្ធផលស្រាវជ្រាវបង្ហាញថា កង្វះស្ត្រីនៅក្នុងតួនាទីដឹកនាំមាន​ការទាក់ទងនឹងផ្នត់គំនិត និងឥរិយាបថបុរេនិច្ឆ័យចំពោះសមត្ថភាពរបស់ស្រ្តី ក៏ដូចជាតួនាទីរបស់ស្រ្តីដែលមនុស្សទូទៅ​តែងតែរំពឹងទុក ហើយកត្តាទាំងនេះគឺជាឧបសគ្គធំបំផុតដែលរារាំងស្ត្រីក្នុងការក្លាយជាអ្នកដឹកនាំ។ ស្របគ្នានេះដែរ ការរើសអើងទៅលើអាយុ ឧបសគ្គលក្ខណៈស្ថាប័ន និងឧបសគ្គផ្នែកហិរញ្ញវត្ថុត្រូវបានរកឃើញថាគឺជាឧបសគ្គសំខាន់ៗ​ដែលរារាំងយុវជនក្នុងការក្លាយជាអ្នកដឹកនាំ។

ការសិក្សានេះក៏បង្ហាញផងដែរថា ផ្នត់គំនិត និងការធ្វើបុរេនិច្ឆ័យទៅលើសមត្ថភាពរបស់ស្ត្រីនៅតែចាក់ជ្រៅក្នុង​ចំណោមប្រជាពលរដ្ឋទូទៅមួយចំនួន។ ជាក់ស្ដែង លទ្ធផលនៃការវិភាគដែលជាផ្នែកមួយនៃការសិក្សានេះបង្ហាញថា ចំនួនស្រ្តី(៩៣%)ច្រើនជាងបុរស(៣៨%)យល់ស្របថាស្ត្រីអាចក្លាយជាអ្នកដឹកនាំល្អ។ ការស្ទង់មតិនេះក៏បង្ហាញដែរថា ភាគច្រើននៃអ្នកចូលរួមផ្តល់ចម្លើយជឿថា ស្រ្តីកំពុងចងខ្លួនឯងមិនឱ្យក្លាយជាអ្នកដឹកនាំ។ បន្ថែមលើនេះ ការវិភាគទៅ​លើការពិភាក្សាជាក្រុម និងការសម្ភាសស៊ីជម្រៅកំណត់ឃើញឧបសគ្គចម្បងចំនួន៧ ដែលរារាំងស្រ្តីពីការឈានទៅ​តួនាទីដឹកនាំ រួមមាន៖ បន្ទុកគ្រួសារ កង្វះការលើកទឹកចិត្ត/ការគាំទ្រ ឥទ្ធិពលរបស់បុរសលើសលប់ក្នុងវិស័យ​សាធារណៈ ការអប់រំ/សមត្ថភាព/ទំនុកចិត្តរបស់ស្ត្រីនៅទាប ការរើសអើងដោយបុរស និងស្ត្រីដទៃទៀត ផ្នត់គំនិតដែល​រឹតត្បិតសេរីភាពរបស់ស្ត្រី និងឧបសគ្គផ្នែកសុខភាព(ត្រូវបានគេយល់ថាមានភាពទន់ខ្សោយ និងការមានគភ៌)។

ទាក់ទងនឹងភាពជាអ្នកដឹកនាំរបស់យុវជន ភាគច្រើននៃអ្នកចូលរួមក្នុងការស្រាវជ្រាវនេះជឿថា វាមានសារៈសំខាន់​​ដើម្បីឱ្យយុវជនចូលរួមនៅក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្ត។ ដូចគ្នានឹងស្ត្រីដែរ ឧបសគ្គចម្បងចំនួន៧ដែលមាន​ការទាក់ទងគ្នា ត្រូវបានរកឃើញថាបានដាក់កម្រិតលើឱកាសសម្រាប់យុវជនដើម្បីឈានទៅកាន់តួនាទីដឹកនាំ ដូចជា៖ ការបន្ទច់បង្អាក់ពីឪពុកម្ដាយ ការរើសអើងទៅលើអាយុ ឱកាសសម្រាប់យុវជនដើម្បីក្លាយជាអ្នកដឹកនាំនៅមានកម្រិត ការធ្វើចំណាកស្រុកដើម្បីការងារ សេរីភាពក្នុងការបញ្ចេញមតិនៅមានកម្រិត បក្ខពួកនិយម និងកង្វះជំនាញទន់។

កញ្ញា ស្រី សុធាវី សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ “ដរាបណា​ផ្នត់គំនិត និងការធ្វើបុរេនិច្ឆ័យចំពោះស្ត្រី និងយុវជននៅតែមាន ពួកគេអាចនៅតែមើលឃើញថាវាជាការពិបាកដើម្បី​បំពេញតួនាទីសំខាន់ៗនៅក្នុងសង្គមជាតិ”។ “ស្ត្រី ហើយនិងយុវជនគួរតែត្រូវបានផ្តល់ឱកាសគ្រប់គ្រាន់ និងបរិយាកាស​អំណោយផល ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនឯង និងបង្ហាញខ្លួនឱ្យមនុស្សទូទៅបានស្គាល់ បញ្ចេញនូវសក្តានុពល​របស់ពួកគេ និងដើរតួនាទីយ៉ាងសកម្មនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត”។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះបង្ហាញយ៉ាងច្បាស់ថា ថ្វីបើស្ត្រី និងយុវជនមានចំនួនដ៏ច្រើន និងមាន​សក្ដានុពលក៏ដោយ ពួកគេនៅតែមានបរិមាណតិចតួចណាស់នៅក្នុងតួនាទីដឹកនាំ ជាពិសេសក្នុងវិស័យសាធារណៈ។ អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់ និងពង្រឹងសិទ្ធិ​អំណាចយុវជនជាពិសេសស្ត្រីឱ្យចូលរួមក្នុងតួនាទីដឹកនាំ។ សំខាន់ជាងនេះទៅទៀត វាមានភាពចាំបាច់នៃកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នាក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់យុវជន និងស្ត្រីដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាព​នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តដោយគ្មានការភ័យខ្លាច ការវិនិច្ឆ័យ ការរើសអើង និងការបំភិតបំភ័យ។ ការគាំទ្រសមស្របគួរតែផ្តល់ជូនផងដែរដល់ស្ត្រី និងយុវជន ដើម្បីបង្កើត និងធានានូវបរិយាកាសអំណោយផល សម្រាប់ការចូលរួម និងការដើរតួនាទីកាន់តែសំខាន់របស់ស្ត្រី និងយុវជនក្នុងជីវភាពសង្គម សេដ្ឋកិច្ច និងនយោបាយ។

###

ដើម្បីទាញយករបាយការណ៍ស្រាវជ្រាវនេះ សូមចូលទៅកាន់៖ www.ticambodia.org/library

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

លោក ប៉ិច ពិសី             នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា

ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០

អ៊ីមែល៖ piseypech@ticambodia.org

ទាញយកសេចក្ដីថ្លែងការណ៍ព័ត៌មាន