កម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន

គោលបំណងទី៣៖ ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ក៏ដូចជាយុវជនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់តម្លាភាពទាំង ជា លក្ខណៈបុគ្គល និងសហគមន៍ទាំងមូល។

តាមរយៈការកសាងបណ្ដាញយុវជន និងសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋដែលមានស្រាប់កន្លងមក បច្ចុប្បន្ននេះយើងព្យាយាមបន្ដ៖

  • ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ជាពិសេសយុវជនដើម្បីជួយឱ្យពួកគេអនុវត្តន៍សកម្មភាពជាក់លាក់នៅក្នុងសហគមន៍ និងតំបន់មូលដ្ឋាន ជួយរៀបចំពួកគេឱ្យក្លាយជាក្រុមសហគមន៍ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងកសាងសមត្ថភាពរបស់ពួកគេទៅលើសកម្មភាពផ្ដួចផ្ដើមឱ្យមានគណនេយ្យភាពសង្គមផ្សេងៗ។ ដូច្នេះ ពួកគេអាចជំរុញឱ្យមិត្តិភក្ដិចូលរួមសកម្មភាពទាំងនោះបន្ថែមទាំងជាលក្ខណៈបុគ្គល និងសហគមន៍ទាំងមូល។

សកម្មភាពទាំងនោះអាចរួមមាន៖ ការតាមដានឃ្លាំមើលរបស់ប្រជាពលរដ្ឋទៅលើគម្រោងអភិវឌ្ឍន៍សហគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការ គ្រប់គ្រងព្រៃឈើ ការបម្រើសេវាសាធារណៈ ការបំពេញការងាររបស់គ្រូបង្រៀន និងការធ្វើសវនកម្មទៅលើខ្ទង់ចំណាយនៅក្នុងមូលដ្ឋាន។ល។

សកម្មភាពផ្ដួចផ្ដើមឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជន

ការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយជានិច្ចកាល គឺជាគន្លឹះចម្បងនៃការងាររបស់អង្គការតម្លាភាពកម្ពុជា។ អង្គការតម្លាភាពកម្ពុជានឹងបន្តពង្រឹងសិទ្ធិអំណាច និងទំនុកបម្រុងដល់យុវជនដឹកនាំវ័យក្មេងដែលមានសក្ដានុពលដោយផ្ដល់ជាចំណេះដឹង និងឧបករណ៍សម្រាប់ពួកគេដើម្បីលើកកម្ពស់តម្លាភាព និងចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងអាជីព និងកម្មវិធីបោះជំរុំយុវជន។ ជាងនេះទៅទៀត អង្គការតម្លាភាពកម្ពុជានឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា បណ្ដាញហ្វេសប៊ុក និងយូធូបដើម្បីបញ្ជ្រាបទៅកាន់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេស។