សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១
សេចក្ដីថ្លែងការណ៍ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ២០២១នាថ្ងៃនេះ។ ឆ្នាំនេះកម្ពុជាទទួលបានពិន្ទុ ២៣ ដែលកើនឡើងចំនួនពីរពិន្ទុបើធៀបនឹងឆ្នាំមុន(២១) ហើយឈរនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងសកលលោក។ ខណៈដែលពិន្ទុឆ្នាំនេះអាចត្រូវបានមើលឃើញថា ជាសញ្ញាណវិជ្ជមាន ប៉ុន្តែពិន្ទុនេះនៅតែមានកម្រិតទាប ដែលបង្ហាញថា កម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។
នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំនេះ កម្ពុជាទទួលបានពិន្ទុ ២៣ លើពិន្ទុអតិបរមា ១០០ គឺឡើងពីពិន្ទុ ២១ ដែលទទួលបានក្នុងឆ្នាំ២០២០។ ជាមួយនឹងពិន្ទុនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៥៧ ក្នុងចំណោម ១៨០ ប្រទេស និងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការសិក្សា។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នៅលើតែប្រទេសអាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។ លទ្ធផលពិន្ទុCPIរបស់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន គឺមានភាពចម្រុះ។ ប្រទេសសិង្ហបុរីបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសស្អាតស្អំបំផុតទាំង១០លើពិភពលោកដោយរក្សាពិន្ទុដដែល(៨៥) និងជាប់ចំណាត់ថ្នាក់លេខ ៤ ជាមួយប្រទេសស៊ុយអែត និងន័រវែស។ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានទទួលបានពិន្ទុទាបជាងឆ្នាំមុន ដូចជា៖ ម៉ាឡេស៊ី (ធ្លាក់ចុះពី ៥១ មក ៤៨) ថៃ (៣៦ មក ៣៥) និងហ្វីលីពីន (៣៤ មក ៣៣)។ ឯប្រទេសផ្សេងទៀតទទួលបានពិន្ទុប្រសើរជាងឆ្នាំមុន៖ វៀតណាម (កើនឡើងពី ៣៦ ដល់ ៣៩) ឥណ្ឌូណេស៊ី (៣៧ ដល់ ៣៨) និង ឡាវ (២៩ ដល់ ៣០)។ មានតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលរក្សាពិន្ទុដដែល (២៨)។
លទ្ធផលCPIរបស់ប្រទេសកម្ពុជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសតម្លាភាពសារពើពន្ធ និងការកៀរគរធនធាន កំណែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងការលើកកម្ពស់រដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក ហើយនិងការគ្រប់គ្រង និងឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ-១៩។ យ៉ាងណាមិញ តាមការវិភាគទៅលើប្រភពទិន្នន័យដែលកំណត់លទ្ធផលពិន្ទុCPIរបស់កម្ពុជា – រួមមាន៖ របាយការណ៍គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក និងការវាយតម្លៃ ស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក – បង្ហាញថា កម្ពុជាមិនទាន់មានភាពប្រសើរឡើងនោះទេពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ នីតិរដ្ឋ និងគុណភាពនៃគោលនយោបាយ និងក្របខ័ណ្ឌស្ថាប័នដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
ទាក់ទងទឹងលទ្ធផលសន្ទស្សន៍CPIឆ្នាំ២០២១សម្រាប់កម្ពុជា លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ “អង្គការតម្លាភាពកម្ពុជាសាទរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងកិច្ចគាំពារសុខភាពសាធារណៈ ការកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩ និងការធ្វើឲ្យប្រសើរនូវសេវាសាធារណៈតាមរយៈការកាត់បន្ថយអំពើពុករលួយខ្នាតតូច។ យ៉ាងណាក៏ដោយ ពិន្ទុCPIរបស់កម្ពុជានៅមានកម្រិតទាបនេះ បង្ហាញជារួមថា អភិបាលកិច្ច ជាពិសេសស្ថាប័នសាធារណៈ នៅតែបន្តរងការប៉ះពាល់យ៉ាងខ្លាំង ខណៈដែលអំពើពុករលួយទ្រង់ទ្រាយធំនៅតែជាឧបសគ្គធំបំផុត។ ឆន្ទៈនយោបាយកាន់តែខ្លាំង និងកិច្ចខិតខំប្រឹងប្រែងកាន់តែមុះមុត គឺចាំបាច់ខ្លាំងណាស់ ដើម្បីធ្វើឱ្យស្ថានភាពនេះមានភាពប្រសើឡើង។ បន្ថែមពីនេះទៀត ជារឿយៗ សន្ទស្សន៍CPIត្រូវបានប្រើប្រាស់ដោយវិនិយោគិនបរទេសក្នុងការសម្រេចចិត្តវិនិយោគក្នុងប្រទេសណាមួយ។ ហើយវាកាន់តែសំខាន់ថែមទៀតនៅក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ–១៩។”
ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១បង្ហាញថា កម្រិតនៃអំពើពុករលួយនៅតែមានសភាពដដែលនៅទូទាំងពិភពលោក ដោយប្រទេសប្រមាណ ៨៦% មានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះក្នុងការដោះស្រាយបញ្ហាអំពើពុករលួយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ លទ្ធផលពិន្ទុCPIជាមធ្យមនៅទូទាំងពិភពលោកបន្តនៅដដែល គឺពិន្ទុ ៤៣ ក្នុងរយៈពេល១០ជាប់ៗគ្នា ហើយពីរភាគបី(២/៣)នៃប្រទេសទាំងនោះទទួលបានពិន្ទុតិចជាង ៥០ ដែលបង្ហាញពីភាពអសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដែលជាឫសគល់នៃអំពើពុករលួយ។ ទិន្នន័យនេះបានបង្ហាញថា ទោះបីជាមានភាពប្រសើរឡើងមួយចំនួន ក៏ប្រទេសភាគច្រើននៅតែបរាជ័យក្នុងការដោះស្រាយបញ្ហាអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។ បើប្រៀបធៀបកម្រិតតំបន់ តំបន់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺអឺរ៉ុបខាងលិច និងសហភាពអឺរ៉ុប ជាមួយពិន្ទុជាមធ្យមចំនួន ៦៦។ តំបន់ដែលទទួលបានពិន្ទុទាបជាងគេ គឺអនុតំបន់សាហារ៉ា(អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន ៣៣ ហើយនិងតំបន់អឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាល មានពិន្ទុជាមធ្យមចំនួន ៣៦។ ដោយឡែក តំបន់អាស៊ីប៉ាស៊ីហ្វិច រក្សាពិន្ទុជាធម្យម៤៥ ដដែល។
ការវិភាគលើលទ្ធផលក៏បង្ហាញផងដែរថា ប្រទេសដែលបំពានលើសិទ្ធិសេរីភាពពលរដ្ឋតែងទទួលបានពិន្ទុទាបនៅក្នុងសន្ទស្សន៍CPI។ យោងតាមការរកឃើញ ប្រទេសដែលទទួលបានពិន្ទុខ្ពស់នៅលើសន្ទស្សន៍CPI ក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើសន្ទស្សន៍ប្រជាធិបតេយ្យ ជាពិសេសទៅលើសិទ្ធិសេរីភាពពលរដ្ឋ ខណៈប្រទេសដែលជាប់ចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍CPI ក៏ជាប់ចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យ ទាក់ទងនឹងសិទ្ធិសេរីភាពពលរដ្ឋផងដែរ។ ភាពអសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ធ្វើឱ្យមានបញ្ហារំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែចុះខ្សោយ ហើយការរឹតត្បិតកាន់តែខ្លាំងឡើង។ នៅពេលដែលសិទ្ធិ និង សេរីភាពទាំងនេះអន់ថយបន្តិចម្ដងៗ ហើយលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ នោះរបបគ្រប់គ្រងបែបរឹតត្បិតនឹងកើតឡើង ដែលរួមចំណែកដល់ការកើនឡើងនៃកម្រិតអំពើពុករលួយកាន់តែខ្ពស់។
លោក ប៉ិច ពិសី បន្ថែមថា “ចំណាត់ថ្នាក់ទាបរបស់កម្ពុជានៅក្នុងសន្ទស្សន៍CPI មានន័យថា កម្ពុជាត្រូវប្រឹងប្រែងទ្វេដងដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបង្កើនបរិយាកាសនយោបាយសេរី ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ ស្របតាមជំពូក៣ មាត្រា៤១ និង៤២ នៃរដ្ឋធម្មនុញ្ញកម្ពុជា”។
ជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយអំពើពុករលួយ អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនរបៀបវារៈកំណែទម្រង់តាមរយៈការ៖
- គោរពសិទ្ធិចាំបាច់ដើម្បីធ្វើឱ្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាចមានការទទួលខុសត្រូវ។ រដ្ឋាភិបាលគួរបញ្ចប់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ ហើយធានាថាយុត្តិធម៌ចំពោះបទល្មើសប្រឆាំងអ្នកការពារសិទ្ធិមនុស្សត្រូវតែជាកិច្ចការអាទិភាពបំផុត។
- ស្ដារ និងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាច។ ស្ថាប័នសាធារណៈដែលទទួលបន្ទុកជាអ្នកត្រួតពិនិត្យមានដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័នសវនកម្ម ត្រូវតែមានឯករាជ្យភាព មានធនធានគ្រប់គ្រាន់ និងត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីស្វែងរក និងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង។ រដ្ឋសភា និងតុលាការត្រូវតែមានឯករាជ្យភាព និងអាចទប់ស្កាត់ការបំពានហួសដែនសមត្ថកិច្ចរបស់អង្គនីតិប្រតិបត្តិ។
- ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ ដែលរួមមាន៖ ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជាពិសេសមាត្រាដែលពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងការបរិហារបង្កាច់កេរ្តិ៍ ឬការរាយការណ៍មិនពិត និងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ សាក្សី អ្នកជំនាញ និងជនរងគ្រោះ ហើយនិងសេចក្ដីព្រាងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីសាធារណៈ។
- ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព។
អង្គការតម្លាភាពកម្ពុជាប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេស។
###
ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ គឺជាសន្ទស្សន៍ឈានមុខ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលវាយតម្លៃចំណាត់ថ្នាក់ដល់ប្រទេស និងដែនដីនានានៅលើសកលលោក ដោយផ្អែកលើការយល់ឃើញអំពីទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈរបស់ប្រទេសទាំងនោះ ជាមួយការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍CPIត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមផ្សេងៗ ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ធុរជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២១ ផ្ដល់ចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុប១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃ និងទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនានា។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ មានដូចជា៖
១. ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២០
២. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២១
៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០២០
៤. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០២០
៥. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២១
៦. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២០១
៧. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២២
៨. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០២០។
សម្រាប់ព័ត៌មានលម្អិតអំពីលទ្ធផល និងប្រភពទិន្នន័យដែលពាក់ព័ន្ធ សូមចូលទៅកាន់៖ www.transparency.org និង www.ticambodia.org/cpi2021-kh
###
អង្គការតម្លាភាពអន្តរជាតិ គឺអង្គការសង្គមស៊ីវិលដែលឈានមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖
- លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា
ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០
អ៊ីមែល៖ piseypech@ticambodia.org
ទាញយក CPI 2021_Short Methodology_KH
ទាញយក CPI 2021_Technical Methodology_KH
ទាញយក CPI 2021_Source Description
This post is also available in: អង់គ្លេស