កម្មវិធីកសាង និងគាំទ្រភាពជាដៃគូ

គោលបំណងទី២៖ ពង្រឹងសម្ព័ន្ធភាពជាមួយគ្នាក្នុងចំណោមអង្គការសង្គមស៊ីវិលនានាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់សុចរិត ភាព។

ការកសាង និងគាំទ្រភាពជាដៃគូដែលអង្គការតម្លាភាពកម្ពុជាបានបង្កើតដោយជោគជ័យជាមួយអង្គការសង្គមស៊ីវិលនានា យើងនឹងបន្តចូល រួមក្នុង កិច្ចខិតខំប្រឹងប្រែងតស៊ូមតិក្នុងវិស័យទាំងនានាដែលសំខាន់ដើម្បីពង្រឹងប្រព័ន្ធសុចរិតភាពក្នុងប្រទេសកម្ពុជាដោយគ្មានព្រំដែនកំណត់ដូចជា៖

  • កំណែទម្រង់ការបោះឆ្នោត
  • សិទ្ធិទទួលបានព័ត៌មាន
  • រដ្ឋាភិបាលបើកទូលាយ (Open Government)
  • តម្លាភាពថវិកា
  • កំណែទម្រង់ស្ថាប័នតុលាការ
  • ការផ្ដួចផ្ដើមឱ្យមានតម្លាភាពក្នុងវិស័យឧស្សាហកម្ម និងនិស្សារណកម្ម
  • អភិបាលកិច្ច និងសុចរិតភាពធនធានព្រៃឈើ។

យើងនឹងព្យាយាមពង្រឹងសមត្ថភាពទៅដល់អង្គការសង្គមស៊ីវិល និងក្រុមអង្គការមិនមែនរដ្ឋាភិបាលនានាដើម្បីធ្វើឱ្យពួកគេអាចជំរុញ ការធ្វើកំណែ ទម្រង់កាន់តែមានប្រសិទ្ធភាព។

តម្លាភាពថវិកា

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាគន្លឹះក្នុងកំណែទម្រង់ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាមួយគំនិតនេះ អង្គការតម្លាភាពកម្ពុជានឹងធ្វើការ ជាមួយក្រុមការងារអង្គការសង្គមស៊ីវិលដែលធ្វើការទៅលើតម្លាភាពថវិកា ដើម្បីរៀបចំការស្ទាបស្ទង់ថវិកាបើកទូលាយ ចូលរួមក្នុងការរៀបចំកញ្ចប់ ថវិកាជាតិប្រចាំឆ្នាំ លើកកម្ពស់ការយកចិត្តទុកដាក់ជាសាធារណៈទៅលើតម្លាភាពថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយចូលរួមជា មួយរដ្ឋាភិបាលក្នុងការលើកកម្ពស់តម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ព្រមទាំងការបើកទូលាយចំពោះព័ត៌មានថវិកាជាតិផងដែរ។

ភាពជាដៃគូនៃរដ្ឋាភិបាលបើកទូលាយ (Open Government Partnership)
ការសាកល្បងដើម្បីធ្វើឱ្យរដ្ឋាភិបាលកាន់តែមានតម្លាភាព និងគណនេយ្យភាពមិនមែនជារឿងថ្មីនោះទេសម្រាប់អង្គការសង្គមស៊ីវិល និងរដ្ឋា ភិបាល។ យ៉ាងណាក៏ដោយ សកម្មភាពបន្ត និងផែនការជាក់លាក់ចាំបាច់ត្រូវតែមានដើម្បីទទួលបានជោគជ័យនេះពេញលេញ។ ហេតុនេះ អង្គ ការតម្លាភាពកម្ពុជានឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីផ្ដល់ការគាំទ្ររដ្ឋាភិបាលឱ្យក្លាយជាសមាជិកនៃភាពជាដៃគូនៃរដ្ឋាភិបាលបើកទូលាយដែលជាការផ្ដួចផ្ដើមព្រមព្រៀងពីពហុភាគីក្នុងគោលបំណងធ្វើឱ្យមានស្ថិរភាពនៃការប្ដេជ្ញាជាក់លាក់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់តម្លាភាព ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ។

ការផ្ដួចផ្ដើមឱ្យមានតម្លាភាពក្នុងវិស័យឧស្សាហកម្ម និងនិស្សារណកម្ម

ទោះបីជាការលើកកម្ពស់តម្លាភាពនៅក្នុងវិស័យឧស្សាហកម្ម និងនិស្សារណកម្ម គឺជាប្រភេទការងារដែលមានឧបសគ្គយ៉ាងខ្លាំង ប៉ុន្តែយើងជឿ ថាការព្យាយាមជំរុញឱ្យមានតម្លាភាព និងសុចរិតភាពនៅក្នុងគ្រប់វិស័យនេះទាំងមូល នឹងបង្កើនប្រាក់ចំណូលឱ្យរដ្ឋាភិបាលជាបណ្ដើរៗ តាមរយៈ ការប្រមូលពន្ធដារ និងពន្ធគយ។ យើងនឹងធ្វើការរួមគ្នាជាមួយដៃគូផ្សេងទៀត និងក្រុមការងារធ្វើការលើវិស័យឧស្សាហកម្ម និងនិស្សារណកម្ម ដើម្បី ធ្វើការតស៊ូមតិឱ្យមានតម្លាភាពនៅក្នុងវិស័យនេះ។