មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ ហៅកាត់ថា “អេឡាក់” ត្រូវបានសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយដំណើរការជាអ្នកផ្តល់ការប្រឹក្សាផ្នែកច្បាប់ដោយសម្ងាត់ និងឥតគិតថ្លៃទៅដល់សាក្សី និងជនរងគ្រោះនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវយន្តការសាមញ្ញដែលមានទំនុកចិត្ត ហើយអាចធ្វើបានសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើពាក្យបណ្តឹងពាក់ព័ន្ធនឹងអំពើពុករលួយ។

“អេឡាក់” នឹង៖

  • ផ្តល់ជូនការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ
  • រក្សាការសម្ងាត់នៃរឿងកី្ត និងពាក្យបណឹ្តង
  •  បញ្ជូនរឿងកី្តពាក់ព័ន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយ និងដៃគូសហការផេ្សងទៀត
  • តាមដានពាក្យបណ្តឹងរបស់អតិថិជនក្នុងដំណាក់កាលនីតិវិធី។

“អេឡាក់” នឹងមិន៖

  • ធើ្វការស៊ើបអង្កេតករណីអំពើពុករលួយដោយសារសាក្សីទូរស័ព្ទមក ស្វែងរកភស្តុតាង និងលួចស្តាប់សំលេងតាមទូរស័ព្ទ។ល។
  • ធើ្វការងារជំនួសសមត្ថកិច្ចដែលមានស្រាប់
  • ផ្តល់អ្នកតំណាងផ្លូវច្បាប់ជូនអតិធិជនរបស់ខ្លួន
  • ចូលរួមធ្វើនយោបាយ ឬបម្រើនិន្នាការនយោបាយ
  • ធានាចំពោះសេចកី្តរំពឹងទុករបស់អតិថិជននៅក្នុងរឿងកី្តនោះទេ។

វីដេអូ៖ ដល់ពេលដែលយើងត្រូវនិយាយប្រឆាំងនឹងអំពើពុករលួយ!!

យន្តការរាយការណ៍អំពើពុករលួយទាំង៥ប្រភេទផ្តល់ជូនដោយអង្គការតម្លាភាពកម្ពុជា

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់នៃអង្គការតម្លាភាពកកម្ពុជាដែលត្រូវបានបើកដំណើរការជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៣ មក ផ្តល់ជូននូវការប្រឹក្សាយោបល់ និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយដោយឥតគិតថ្លៃ ព្រមទាំងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយសំខាន់ៗជាច្រើន ដើម្បីកំចាត់អំពើពុករលួយនោះគឺ ត្រូវរាយការណ៍ពីអំពើពុករលួយ ។ លុះត្រាតែមានជំនួយពីពលរដ្ឋទាំងអស់ ទើបយើងអាចជួយគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាបាន ។ អង្គការតម្លាភាពកម្ពុជា ចង់ផ្ដល់អំណាចដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ និងផ្ដល់ជាភាពងាយស្រួលក្នុងការរាយការណ៍អំពើពុករលួយ ។

ការរាយការណ៍អំពើពុករលួយគឺជាការទប់ស្កាត់អំពើពុករលួយ !

 ១. ខ្សែទូរស័ព្ទ

                មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់បានដាក់ដំណើរការនូវទូរស័ព្ទ ២ ខ្សែ គឺលេខ ១២៩២ (សម្រាប់ប្រព័ន្ធសែលកាត) និងលេខ ៧៧៧៧ (សម្រាប់ប្រព័ន្ធស្មាត) សម្រាប់សាធារណជនធ្វើការហៅទូរស័ព្ទមកកាន់យើងខ្ញុំដើម្បីធ្វើការរាយការណ៍អំពីអំពើពុករលួយ និងទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ ។ ខ្សែទូរស័ព្ទទាំងពីរនេះដំណើរការរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១២:០០ ព្រឹក និងចាប់ពីម៉ោង ១:៣០នាទី រហូតដល់ម៉ោង ៥:០០ ល្ងាច។ នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ប្រព័ន្ធទូរស័ព្ទរបស់យើងនឹងត្រូវប្តូរទៅជាប្រព័ន្ធថតសម្លេងវិញ ដែលលោកអ្នកអាចនៅតែធ្វើការហៅចូល និងផ្ញើសារជាសម្លេង ។ ក្រុមការងាររបស់មជ្ឈមណ្ឌលនឹងហៅទូរស័ព្ទទៅកាន់លោកអ្នកវិញនៅក្នុងម៉ោងធ្វើការ ។ ការសន្ទនាតាមទូរស័ព្ទត្រូវបានរក្សាជាការសម្ងាត់បំផុត ។

២. ប្រអប់ទទួលការរាយការណ៍អំពើពុករលួយ

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់បានបង្កើតដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន ១១ ចាប់តាំងពីឆ្នាំ ២០០៥ មក ។ អង្គការក្រៅរដ្ឋាភិបាលចំនួន ១០ មានការិយាល័យរបស់ខ្លួននៅក្នុងខេត្តចំនួន ៩ ផ្សេងគ្នា ។ ដោយឡែក អង្គការដៃគូមួយមានការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យសាខាចំនួន ១៣ នៅតាមបណ្តាខេត្តចំនួន១៣ ផ្សេងគ្នា ។ ចាប់តាំងពីឆ្នាំ ២០០៥ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ បានដាក់ប្រអប់ទទួលការរាយការណ៍អំពើពុករលួយចំនួន ២៤ ប្រអប់ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន ១៧ រួមមានខេត្ត កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, រតនគិរី, កំពង់ធំ, សៀមរាប, ព្រះវិហារ, ស្វាយរៀង, កំពង់ស្ពឺ, កំពត, ព្រះសីហនុនិងកោះកុង។ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង ឬឯកសារនា នាពាក់ព័ន្ធនឹងអំពើពុករលួយ និងឯកសារយោង ឬភស្តុតាង ចូលទៅក្នុងប្រអប់ដែលត្រូវបានដាក់នៅមុខការិយាល័យអង្គការជាដៃគូ ។ រាល់ពាក្យបណ្តឹង និងឯកសារទាំងអស់ត្រូវបានរក្សាជាការសម្ងាត់បំផុត ។

៣. ទម្រង់រាយការណ៍អំពើពុករលួយតាមប្រព័ន្ធអ៊ីនធឺណិត

ឥឡូវនេះ សាធារណជនអាចរាយការណ៍អំពើពុករលួយតាមរយៈប្រព័ន្ធអ៊ីនធឺណិតមកកាន់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់។ តំណភ្ជាប់ទៅកាន់ទម្រង់រាយការណ៍នេះគឺមាននៅលើគេហទំព័ររបស់អង្គការតម្លាភាពកម្ពុជា និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើការរាយការណ៍អំពើពុករលួយតាម  រយៈគេហទំព័រ។  ដើម្បីចូលទៅកាន់ទម្រង់រាយការណ៍៖ http://www.ticambodia.org/onlinereport  ។ ករណី ឬព័ត៌មានដែលបានរាយការណ៍មកកាន់យើងខ្ញុំត្រូវបានរក្សាជាការសម្ងាត់បំផុត ។

៤. សារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់

ប្រជាពលរដ្ឋគ្រប់រូបអាចរាយការណ៍អំពើពុករលួយតាមរយៈការផ្ញើសារអេឡិចត្រូនិចភ្ជាប់ជាមួយឯកសារមកកាន់សារអេឡិចត្រូនិចរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈ alac@ticambodia.org  ។ សារអេឡិចត្រូនិចនេះត្រូវបានបង្កើតឡើងដោយអង្គការតម្លាភាពអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រកបដោយការការពារសុវត្ថិភាពខ្ពស់។ រាល់ការទំនាក់ទំនងជាមួយមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់តាមរយៈសារអេឡិចត្រូនិចត្រួវបានរក្សាជាការសម្ងាត់បំផុត ។

៥. ការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយផ្ទាល់

ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តមួយចំនួនជុំវិញរាជធានី ត្រូវបានលើកទឹកចិត្តជាខ្លាំងឲ្យមកកាន់ការិយាល័យអង្គការតម្លាភាពកម្ពុជាដើម្បីជួបជាមួយមេធាវីរបស់មជ្ឈមណ្ឌល និងទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃ។ ការពិគ្រោះយោបល់ត្រូវបានរក្សាជាការសម្ងាត់បំផុត ។

អសយដ្ឋានអង្គការតម្លាភាពកម្ពុជា ៖ ផ្ទះលេខ 0៣ ផ្លូវលេខ ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទូរស័ព្ទៈ (+៨៥៥) ២៣ ២១៤ ៤៣០

 សូមទាក់ទងមកមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់

សារអេឡិចត្រូនិច៖  alac@ticambodia.org
ទូរស័ព្ទមកកាន់លេខហតឡាញ៖1292  ឬ 7777

ពាក្យបណ្តឹងក៏អាចធ្វើបានតាមរយៈការបំពេញទម្រង់អេឡិចត្រូនិចនៅផ្នែកខាងក្រោមនៃទំព័រនេះផងដែរ។


រាយការណ៍អំពើពុករលួយតាមរយះ : http://www.ticambodia.org/onlinereport

This post is also available in: អង់​គ្លេស