អំពីក្រុមការងារ

លោក ព្រាប កុល
នាយកប្រតិបត្តិ
kolpreap@ticambodia.org / kolpreap@gmail.com

លោក ព្រាប កុល គឺជានាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ ក្នុងនាមជាស្ថានិកអង្គការនេះ លោកកុលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំក្របខណ្ឌគោលការណ៍ស្ថាប័ន ផែនការយុទ្ធសាស្ត្រ ក៏ដូចជាការស្វែងរកមូលនិធិសម្រាប់អង្គការផងដែរ។ លោកធ្លាប់បម្រើការងារនៅសម្ព័ន្ធUNCAC (អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ) ក្នុងតួនាទីជាអ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចអំឡុងខែមិថុនា ឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំ២០១៤។

តាមរយៈបទពិសោធន៍ការងារជាង១៨ឆ្នាំនៅតាមអង្គការអន្តរជាតិ និងភ្នាក់ងារអភិវឌ្ឍន៍ជាច្រើន លោកកុលមានបទពិសោធន៍ និងចំណេះដឹងយ៉ាងជ្រាលជ្រៅទៅលើផ្នែកអភិបាលកិច្ច គណនេយ្យភាពសង្គម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកធ្លាប់បម្រើការងារជាទីប្រឹក្សាកម្មវិធីនៅធនាគារពិភពលោកប្រចាំរាជធានីភ្នំពេញ ជានាយកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិប្រចាំកម្ពុជា(NDI) និងធ្លាប់បម្រើការងារជាមួយអង្គការបេសកកម្មរបស់សហភាពអឺរ៉ុបដើម្បីការបោះឆ្នោតនៅកម្ពុជាផងដែរ។

លោកកុលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្កេតការបោះឆ្នោតអន្តរជាតិ និងការផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការបោះឆ្នោតពីសាកលវិទ្យាល័យ Pasque Country នៃប្រទេសអេស៉្បាញ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យកម្ពុជា សញ្ញាបត្រភាសាអង់គ្លេសពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដុះបណ្ដាល(ACE) វិញ្ញាបនបត្រពីមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាកលនៃសាកលវិទ្យាល័យអូហាយ៉ូ(OHIO)សហរដ្ឋអាមេរិក វិញ្ញាបនបត្រវិជ្ជាជីវៈផ្នែកការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាពីសភានៅចក្រភពអង់គ្លេស និងវិញ្ញាបនបត្រផ្នែកអភិបាលកិច្ច និងគណនេយ្យភាពសង្គមពីសាលាអាតេណេអូ(Ateneo School of Government) ប្រទេសហ្វីលីពីន។ លោកកុលគឺជាអ្នកបណ្ដុះបណ្ដាលជំនាញការទំនាក់ទំនងដែលទទួលស្គាល់ដោយមជ្ឈមណ្ឌល Oxford សម្រាប់ភាពជាអ្នកដឹកនាំនៃចក្រភពអង់គ្លេស។

លោកកុលត្រូវបានតែងតាំងជាអគ្គរាជទូតសន្តិភាពនៃសហព័ន្ធសន្តិភាពសាកល (UPF) តាំងពីខែមិថុនា ឆ្នាំ២០១០។


លោក ប៉ិច ពិសី
នាយកកម្មវិធីជាន់ខ្ពស់
piseypech@ticambodia.org

លោក ប៉ិច ពិសី បានចូលរួមជាមួយក្រុមការងារនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២។ លោកពិសីមានជំនាញគ្រប់គ្រង និងបទពិសោធន៍ជាច្រើនផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ក៏ដូចជាផ្នែកការងារលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គោលនយោបាយជាតិ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពជំនួយ ដែលជំនាញ និងបទពិសោធន៍ទាំងនេះលោកទទួលបានពីការបម្រើការងារនៅក្នុងវិស័យអភិវឌ្ឍន៍អស់រយៈពេលជាង១៣ឆ្នាំជាមួយនឹងស្ថាប័ននានាដូចជា៖ អង្គការឃែរអន្តរជាតិប្រចាំកម្ពុជា (CARE International) សមាគមHaringeyសម្រាប់ ការងារស្ម័គ្រចិត្ត និងសហគមន៍(HAVCO)នៅទីក្រុងឡុងដ៍ អង្គការយូណេស្កូ អង្គការUNDP និងBBC Media Action។ លោកពិសីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសាកលភាវូបនីយកម្ម ការអភិវឌ្ឍ និងអន្តរកាលពីសាកលវិទ្យាល័យWestminsterនៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា។


លោក ស៊ុន ឡុង
នាយកប្រតិបត្តិការជាន់ខ្ពស់
longsun@ticambodia.org

លោក ស៊ុន ឡុង បានចូលរួមក្រុមការងារនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។ ស្ទើរតែ២៣ឆ្នាំនៅក្នុងជីវិតការងាររបស់លោក លោកឡុងបានបម្រើការងារនៅអង្គការអន្តរជាតិជាច្រើនដូចជា៖ អង្គការDanChurchAid/ChristianAid (DCA/CA)តួនាទីជាប្រធានសម្របសម្រួលផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស អង្គការAcademy for Educational Development (AED)តួនាទីជាប្រធានគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ អង្គការPharmaciens Sans Frontieres (PSF)តួនាទីជាមន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាល វិទ្យាស្ថានInstitute to Serve Facilitators of Development (VBNK)តួនាទីជាប្រធានគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ អង្គការServices for the Health in Asian and African Regions (SHARE)តួនាទីជាមន្ត្រីផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ “អ៊ុនតាក់” (UNTAC)តួនាទីជាអ្នកបកប្រែភាសាខ្មែរ-អង់គ្លេស។ អំឡុងពេលនោះ លោកឡុងបានរៀនសូត្រ ក៏ដូចជាបានចែករំណែកចំណេះដឹង និងជំនាញរបស់លោកទៅក្នុងស្ថាប័ន ដៃគូការងារ មិត្តភក្ដិដែលលោកបានបំពេញការងារជាមួយ។ ជំនាញ និងបទពិសោធន៍អាជីពការងាររបស់លោកមានដូចជា៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងគោលនយោបាយនានារបស់អង្គការ ការគ្រប់គ្រងបុគ្គលិក និងការកសាងសមត្ថភាព ការគ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស រដ្ឋបាល លទ្ធកម្ម ភស្ដុភា និងការិយាល័យ។ លោកឡុងត្រូវបានតែងតាំងជាអ្នកតំណាងយុវជនកម្ពុជាក្នុងសន្និសិទអន្តរជាតិស្ដីពីមនុស្ស និងការអភិវឌ្ឍ (ICPD+5)នៅក្នុងទីក្រុងHague ប្រទេសNetherlandsកាលពីឆ្នាំ១៩៩៩ដោយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) និងមូលនិធិប្រជាជនពិភពលោក(WPF)។ លោកឡុងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័យAustralia’s Charles Sturt បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យPreston និងសញ្ញាបត្រផ្នែកគណនេយ្យពីមហាវិទ្យាល័យRegion College។ បន្ថែមពីនេះទៀត លោកធ្លាប់បានចូលរួម និងរៀបចំកម្មវិធីសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល វេទិកាសាធារណៈជាច្រើននៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ី និងអឺរ៉ុបផងដែរ។


លោក សៀង ម៉េងអូន
ប្រធានគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្ស
mengaunseang@ticambodia.org

លោក សៀង ម៉េងអូន បានចូលរួមក្រុមការងារនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២។ លោកម៉េងអូនបានបម្រើការងារនៅអង្គការក្នុងស្រុក និងអង្គការអន្តរជាតិប្រចាំកម្ពុជារយៈពេលជិត១៦ឆ្នាំដែលលោកបានទទួលនូវបទពិសោធន៍ ចំណេះដឹង និងជំនាញយ៉ាងច្បាស់លាស់ផ្នែករដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស។ លោកធ្លាប់បម្រើការងារជាជំនួយការប្រធានគ្រប់គ្រងការិយាល័យប្រចាំតំបន់នៃវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស(CIHR) ជំនួយការរដ្ឋបាល និងសម្ភារៈនៃអង្គការLutheran World Federation (LWF) ជំនួយការរដ្ឋបាលនៃអង្កការផេកកម្ពុជា(Pact Cambodia) ហើយលោកត្រូវបានឡើងតំណែងបន្តបន្ទាប់ជាជំនួយការជាន់ខ្ពស់ផ្នែករដ្ឋបាល មន្ត្រីរដ្ឋបាល មន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាល និងធនធានមនុស្ស។ បន្ទាប់មកលោកបានបម្រើការនៅគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC)ជាប្រធានគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្ស។ លោកម៉េងអូនបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលពាណិជ្ជកម្មជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៨ និងបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។


លោក បូ ឌីណេរ
មន្ត្រីលទ្ធកម្ម
dinebo@ticambodia.org

លោក បូ ឌីណេរ បានចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជានាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ក្នុងតួនាទីជាមន្ត្រីលទ្ធកម្ម។ លោកឌីណេរបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្មឆ្នាំ២០០៧ពីសាកលវិទ្យាល័យបៀលប្រាយ។ លោកមានបទពិសោធន៍ច្រើនជាង១២ឆ្នាំក្នុងការងារធ្វើលទ្ធកម្ម ការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាការផ្គត់ផ្គង់សម្ភារៈដល់កម្មវិធី និងជំនួយការកម្មវិធីដើម្បីរៀបចំបង្កើតកម្មវិធីថ្មី ថែមទាំងដើរតួនាទីជាអ្នកសម្របសម្រួលជាមួយអង្គការ សហគមន៍ និងជាអ្នកធ្វើបទបង្ហាញពីកម្មវិធីនៅពេលប្រជុំម្ដង។ មុនពេលចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជា លោកឌីណេរបានធ្វើការនៅអង្គការផេកកម្ពុជា(Pact Cambodia)តួនាទីជាមន្ត្រីរដ្ឋបាល និងធនធានមនុស្សដែលលោកបានរៀបចំគោលការណ៍រដ្ឋបាល ក៏ដូចជាសៀវភៅគោលការណ៍ណែនាំសម្រាប់ស្ថាប័នផងដែរ។


លោក ផាន ប៊ុនធិ

សវនករផ្ទៃក្នុង
bunthiphan@ticambodia.org

លោក ផាន ប៊ុនធិ បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជានាខែកុម្ភៈ ឆ្នាំ២០១៥។ លោកប៊ុនធិមានបទពិសោធន៍១០ឆ្នាំក្នុងកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ហើយលោកបានបម្រើការងារ នៅតាមអង្គការក្នុងស្រុក និងអង្គការអន្តរជាតិមួយចំនួនដូចជា៖ អង្គការអប់រំវិជ្ជាជីវះដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៌សង្គម តួនាទីជាមន្ត្រីផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ អង្គការអភិវឌ្ឈន៌ និងការពារបរិស្ថាន  តួនាទីជាជំនួយការផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ អង្គការយុវសន្តិភាពតួនាទីជាមន្ត្រីផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងអង្គការ អុកស្វាម តួនាទីជាជំនួយការ ផ្នែកហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា  ហើយគាត់កំពុងបន្តការសិក្សា អនុបណ្ឌិតផ្នែកគ្រប់គ្រងហានិភ័យក្នុងការធានា រ៉ាប់រង ធនាគារ និងហិរញ្ញវត្ថុជាមួយសាកលវិទ្យាល័យភូមិន្ទនិតិស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងជាមួយ សាកលវិទ្យាល័យ Nantes ប្រទេសបារាំង។


កញ្ញា យឹម សុខលីម
ជំនួយការជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ
soklimyim@ticambodia.org

កញ្ញា យឹម សុខលីម បានចូលរួមក្រុមការងារជាមួយអង្គការតម្លាភាពកម្ពុជានាខែកក្កដា ឆ្នាំ២០១៤ក្នុងតួនាទីជាអ្នកហាត់ការផ្នែកហិរញ្ញវត្ថុ ហើយ៦ខែក្រោយមកក្លាយជាជំនួយការផ្នែកហិរញ្ញវត្ថុ និងក្រោយមកក្លាយជាជំនួយការជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ។ អំឡុងពេលសិក្សាបរិញ្ញាបត្រ កញ្ញាបានហាត់ការផ្នែកហរិញ្ញវត្ថុនៅក្នុងអង្គការដៃគូរៀបចំការអភិវឌ្ឍន៍សហគមន៍(CMDP) និងគម្រោងពង្រឹងសហគ្រិនធុនតូច និងមធ្យម (MSME) ព្រមទាំងធ្លាប់ជាគណនេយ្យករនៅគម្រោងCPWFនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។


លោក លឹម សុកលី
អ្នកជំនាញផ្នែកត្រួតពិនិត្យ និងវាយតម្លៃ
soklylim@ticambodia.org

លោក លឹម សុកលី បានចូលរួមក្រុមការងារកាលពីខែមេសា ឆ្នាំ២០១៥។ លោកសុកលី គឺជាអ្នកជំនាញខាងទិន្នន័យ និងស្ថិតិ ថែមទាំងមានបទពិសោធន៍ជាង១០ឆ្នាំក្នុងការបង្រៀនស្ថិតិ និងគណិតវិទ្យានៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជា។ មុនពេលចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជា លោកធ្លាប់បម្រើការងារនៅវិទ្យាស្ថានសាធារណៈអន្តរជាតិរយៈពេល៦ឆ្នាំជាអ្នកវិភាគស្ថិតិ និងរៀបចំការស្ទាបស្ទង់មតិសាធារណៈជនចំនួន៦លើក។ ក្រៅពីនេះ លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាដល់និស្សិត ជាអ្នកស្រាវជ្រាវ និងជាអ្នកប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការវិភាគទិន្នន័យដល់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផងដែរ។ លោកសុកលីបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្រ្តផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តធម្មជាតិផ្នែកគណិតវិទ្យាអនុវត្តន៍ពីសាកលវិទ្យាល័យ Arizona State សហរដ្ឋអាមេរិក។


លោក ប៉ែន រក្សា
ប្រធានគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ – កម្មវិធីកំណែទម្រង់ និងការចូលរួមជាមួយវិស័យសាធារណៈ និងកម្មវិធីកសាង និងគាំទ្រភាពជាដៃគូ
raksapen@ticambodia.org

លោក ប៉ែន រក្សា បានចូលរួមក្រុមការងារនាថ្ងៃទី២ ខែតុលា ឆ្នាំ២០១២។ លោកមានបទពិសោធន៍ការងារច្រើនជាង១៧ឆ្នាំនៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ តាមរយៈប្រវត្តិនៃការសិក្សាផ្នែកវិស្វកម្ម រដ្ឋបាលអាជីវកម្ម និងការគ្រប់គ្រងសាធារណៈ លោករក្សាបានបម្រើការងារនៅក្នុងស្ថាប័នឯកជន និងសាធារណៈ ក្រុមហ៊ុនអន្តរជាតិ អង្គការអន្តរជាតិ និងភ្នាក់ងារអង្គការសហប្រជាជាតិដូចជា៖ ក្រុមហ៊ុនAriston ក្រុមហ៊ុនSL International គណៈកម្មាធិការទន្លេមេគង្គ(MRC) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសម្របសម្រួល និងភាពជាដៃគូក្នុងការផ្ដល់ជំនួយ និងអង្គការUNDP។ លោករក្សាបានពាំនាំបទពិសោធន៍ការងារយ៉ាងច្បាស់លាស់ក្នុងផ្នែកគ្រប់គ្រង ការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស ការគ្រប់គ្រងគម្រោង និងការកសាងបណ្ដាញ និងភាពជាដៃគូ។ លោកក៏មានចំណេះដឹងជ្រៅជ្រះអំពីការវិភាគគោលនយោបាយ ការរៀបចំ និងត្រួតពិនិត្យគម្រោងផងដែរ។ លោករក្សាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងសាធារណៈពីសាលាជាតិរដ្ឋបាលនៃប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។


លោកស្រី សោម ច័ន្ទធីតា
មន្ត្រីកម្មវិធីជាន់ខ្ពស់ – កម្មវិធីកំណែទម្រង់ និងការចូលរួមជាមួយវិស័យសាធារណៈ និងកម្មវិធីកសាង និងគាំទ្រភាពជាដៃគូ
chanthidasom@ticambodia.org

លោកស្រី សោម ច័ន្ទធីតា បានចាប់ផ្តើមការងារជាមួយក្រុមការងារអង្គការតម្លាភាពកម្ពុជានាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ ធីតាមានបទពិសោធន៍ជាង៧ឆ្នាំធ្វើការជាមួយស្ថាប័នអប់រំ និងអង្គការអន្តរជាតិនានាដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អេស្ប៉ាញ គណៈកម្មាការទន្លេមេគង្គ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសអាឡឺម៉ង់។ ក្នុងពេលបំពេញការងារ ធីតាបានធ្វើការទៅលើផ្នែកជាច្រើនដូចជា៖ រដ្ឋបាល និងហិរញ្ញវត្ថុ អភិវឌ្ឍន៍ទេសចរណ៍ និងស្រាវជ្រាវ ព្រមទាំងក្នុងវិស័យកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយសហការជាមួយនឹងដៃគូរដ្ឋាភិបាលដូចជា៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។ ធីតាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនិរន្តរភាព ពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុននៅឆ្នាំ២០១១ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០០៧ ព្រមទាំងបរិញ្ញាបត្រភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសនៅឆ្នាំ២០០៧។


កញ្ញា នាង សុវ៉ាតថា
មន្ត្រីកម្មវិធី – កម្មវិធីកំណែទម្រង់ និងការចូលរួមជាមួយវិស័យសាធារណៈ និងកម្មវិធីកសាង និងគាំទ្រភាពជាដៃគូ
sovathaneang@ticambodia.org

កញ្ញា នាង សុវ៉ាតថា បានចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជានាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងតួនាទីជាមន្ត្រីកម្មវិធី។ កញ្ញាសុវ៉ាតថាបានបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យកម្ពុជា (UC)។ កញ្ញាមានបទពិសោធន៍ច្រើនជាង៥ឆ្នាំជាមួយអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងនៅប្រទេសអ៊ីតាលី។ កញ្ញាមានបទពិសោធន៍ក្នុងការងារគ្រប់គ្រង អនុវត្ត និងតាមដានកម្មវិធីឬគម្រោង ថែមទាំងដើរតួនាទីជាអ្នកកសាងបណ្តាញជាមួយអង្គការជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋដើម្បីធ្វើការងារតស៊ូមតិនានាក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ មុនពេលចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជា កញ្ញាបានធ្វើការនៅអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា (World Vision International) តួនាទីជាមន្ត្រីគម្រោងកសាងបណ្តាញយុវជន។


លោក ជិន លីដា
មេធាវី – មជ្ឈមណ្ឌលតស៊ូ និងប្រឹក្សាយោបល់ផ្នែកច្បាប់
lydachin@ticambodia.org

លោក ជិន លីដា បានចូលរួមក្រុមការងារនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ លោកលីដាមានបទពិសោធន៍ការងារលើផ្នែកច្បាប់ សិទ្ធិមនុស្ស ជំនាញតស៊ូមតិផ្នែកច្បាប់ ព្រមទាំងចំណេះដឹងផ្នែកការគ្រប់គ្រងដែលលោកទទួលបានពីការបំពេញការងារជាមួយអង្គការធ្វើការលើវិស័យច្បាប់ និងសិទ្ធិមនុស្សអស់រយៈពេលជិត១០ឆ្នាំ។ លោកលីដាធ្លាប់បម្រើការងារនៅគណៈមេធាវីកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការយុវជនកម្ពុជាដើម្បីការអភិវឌ្ឍន៍ និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បរិញ្ញាបត្រនីតិសាស្ត្រជំនាញនីតិសាធារណៈ និងនីតិឯកជនពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងបរិញ្ញាបត្រភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស។ លោកលីដាបានទទួលវិញ្ញាបនបត្រសម្បទាវិជ្ជាជីវៈមេធាវីពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមេធាវី និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈមេធាវីកម្ពុជានាឆ្នាំ២០០៥។


លោក លី ពិជ័យ
មន្ត្រីកម្មវិធីជាន់ខ្ពស់ – កម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន
picheyly@ticambodia.org

លោក លី ពិជ័យ បានចូលធ្វើការនៅអង្គការតម្លាភាពកម្ពុជានាថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។ លោកពិជ័យធ្លាប់បានធ្វើការក្នុងកម្មវិធីជម្រុញការចូលរួមរបស់យុវជន និងការអភិវឌ្ឍន៍អស់រយៈពេលជាង៧ឆ្នាំមកហើយនៅប្រទេសកម្ពុជា។ ភាគច្រើននៃកិច្ចការសម្របសម្រួលរបស់លោក គឺជាប់ពាក់ព័ន្ធអង្គការជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជារួមមាន៖ អង្គការអន្តរជាតិអេស្ប៉ាញ សន្ដិភាព និងអភិវឌ្ឍន៍ ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រុមយុវជនឈានមុខនៃប្រទេសកម្ពុជាទៅលើគម្រោងដែលលើកទឹកចិត្ត និងជម្រុញការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍន៍ការអប់រំ ការងារ ការប្រឆាំងអំពើពុករលួយ និងការងារស្ម័គ្រចិត្ដ។ លោកពិជ័យបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តសង្គម (ផ្នែកទស្សនវិជ្ជាអប់រំ)ពីសាកលវិទ្យាល័យខេមរៈ និងបរិញ្ញាបត្រផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថែមទាំងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអស់រយៈពេលជាង២ឆ្នាំនៅវិទ្យាស្ថានសហរដ្ឋអាមេរិកសម្រាប់មេដឹកនាំសិស្សនិស្សិត(SUSI)ក្នុងសហរដ្ឋអាមេរិក ភាពជាអ្នកដឹកនាំសម្រាប់មេដឹកនាំវ័យក្មេងនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងកូរ៉េ រួមទាំងជំនាញទំនាក់ទំនងថ្នាក់អន្តរជាតិជាន់ខ្ពស់ដែលត្រូវបានទទួលស្គាល់ដោយមជ្ឈមណ្ឌលនៃភាពជាអ្នកដឹកនាំរបស់Oxfordនៃចក្រភពអង់គ្លេស។


លោក ឈាង អម្រិត
ជំនួយការកម្មវិធី – កម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន
amrithchheang@ticambodia.org

លោក ឈាង អម្រិត បានចាប់ផ្តើមការងារជាមួយអង្គការតម្លាភាពកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។ មុនចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជា អម្រិតមានបទពិសោធន៍រយៈពេល៣ឆ្នាំបម្រើការនៅតាមស្ថាប័នអន្តរជាតិមួយចំនួនដូចជា៖ អង្គការយុវជនអាយស៊ែក ទីភ្នាក់ងារភីសខ័ររបស់ស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅប្រទេសកម្ពុជា និងស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ខេមបូឌា។ អម្រិតមានបទពិសោធន៍ភាគច្រើនទៅលើផ្នែកការអនុវត្ត និងគាំទ្រគម្រោងព្រមទាំងការបណ្តុះបណ្តាល។ អម្រិតទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ ក្នុងនោះផ្នែកអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យកម្ពុជាក្រោមកម្មវិធីអាហារូបករណ៍ និងផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ បន្ថែមពីនេះ នៅដើមឆ្នាំ២០១៥ អម្រិតក៏ទទួលបានអាហារូបករណ៍កម្មវិធីផ្លាស់ប្តូរការសិក្សារនៅវិទ្យាស្ថានកិច្ចការប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យឈៀងម៉ៃប្រទេសថៃផងដែរ។


កញ្ញា សូហ្វៀ អាស្ពេស៊ី អ៊ារៀស
ប្រធានកម្មវិធី – កម្មវិធីពង្រឹងសុចរិតភាពធុរកិច្ច
sophiaaspesiareias@ticambodia.org

កញ្ញា សូហ្វៀ អាស្ពេស៊ី អ៊ារៀស បានចូលរួមជាមួយក្រុមការងារអង្គការតម្លាភាពកម្ពុជានាខែធ្នូ ឆ្នាំ២០១៦។ មុនពេលចួលបម្រើការងារនៅទីនេះ កញ្ញាធ្លាប់ធ្វើជាអ្នកស្មគ្រ័ចិត្តជាមួយអង្គការគោលដៅយុត្តិធម៌ (Destination Justice) និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កន្លងមក កញ្ញាធ្លាប់បម្រើការងារជាទីប្រឹក្សាយោបល់ផ្នែកច្បាប់ និងគោលនយោបាយឱ្យក្រុមហ៊ុនកិច្ចការនយោបាយនៅឯទីក្រុងសាក្រាមេនតូ ក្នុងរដ្ឋកាលីហ្វរញ៉ា។ បន្ថែមពីនេះ កញ្ញាអ៊ារៀសធ្លាប់បម្រើការងាររយៈពេល២ឆ្នាំឱ្យសមាគមមេធាវីអាមេរិក ដែលផ្តួចផ្តើមនីតិរដ្ឋនៅផ្នែកអាហ្វ្រិក។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផ្នែកកិច្ចការអន្តរជាតិពីសាលាកិច្ចការអន្តរជាតិអ៊ីលៀតនៃសាកលវិទ្យាល័យចចវ៉ាស៊ីនតោន និងកម្រិតសិក្សាJ.D.ផ្នែកច្បាប់អន្តរជាតិសាធារណៈពីសាកលវិទ្យាល័យច្បាប់សាន់តាក្លារ៉ា។ សព្វថ្ងៃ កញ្ញាក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។


លោកស្រី ហួត រតនៈ
មន្ត្រីសម្របសម្រួលកម្មវិធី – កម្មវិធីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍសមត្ថភាព
ratanakhouth@ticambodia.org

លោកស្រី ហួត រតនៈ បានចាប់ផ្តើមការងារនៅអង្គការតម្លាភាពកម្ពុជានាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ក្នុងតួនាទីជាមន្ត្រីសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងសមាជិកភាព។ លោកស្រីមានបទពិសោធន៍ការងារច្រើនជាង២០ឆ្នាំ ជាមន្ត្រីគ្រប់គ្រងកម្មវិធីជាច្រើនផ្នែកមានដូចជា៖ អភិបាលកិច្ច ប្រយុទ្ធប្រឆាំងអំពើពុករលួយ ពង្រឹងសមត្ថភាពសង្គមស៊ីវិលរួមមាន៖ ការប៉ាន់ប្រមាណសមត្ថភាព៖ ស្ថាប័ន (OCA) សហគមន៍ (CPI) បណ្តាញ (ONA) ស្ថាប័នរដ្ឋាភិបាល (GOPI) នៅថ្នាក់ក្រោមជាតិ និងការដាក់ពិន្ទុសហគមន៍ (CSC)។ ផ្នែកអភិវឌ្ឍសមត្ថភាពរួមមាន៖ ការរៀបចំក្របខណ្ឌការងារបណ្តុះបណ្តាល និងបង្រៀនផ្ទាល់លើជំនាញពាក់ព័ន្ធនឹងផ្នែកខាងលើ ព្រមទាំងមានការស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍ក្របខណ្ឌគណនេយ្យភាពសង្គម (ISAF Tool) ។ ចំពោះសមាជិកភាពនៃវិជ្ជាជីរៈការងារ៖ បច្ចុប្បន្នលោកស្រី ជាក្រុមប្រឹក្សាភិបាល CCIM អង្គការ GADC អង្គការ BFD និងសមាជិកក្រុមការងារកម្ពុជាដើម្បីយន្តការសិទ្ធិមនុស្សជាតិ និងអាស៊ាន។ លោកស្រីក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា រយៈពេល៤ឆ្នាំផងដែរ (២០១០-២០១៤) និងជាសមាជិកនៃគណៈកម្មការផ្តល់យោបល់កម្មវិធីវិទ្យុឈ្មោះ “អភិបាលកិច្ចល្អមូលដ្ឋាន” វិទ្យុជាតិកម្ពុជា ឆ្នាំ២០១០។ លោកស្រីបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យអាយអាយស៊ីឆ្នាំ២០០៦  សញ្ញាបត្រផ្នែកគំនូរបច្ចេកទេសពីវិទ្យាស្ថាន PTU-៩២ នៅទីក្រុងលេនីនក្រាត (Sun Petersburg) ប្រទេសរុស្ស៊ីឆ្នាំ១៩៨៧ សញ្ញាបត្រភាសាអង់គ្លេសពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្ដោះបណ្ដាលភាសាអង់គ្លេស(ACE)ឆ្នាំ១៩៩៤ និងវិញ្ញាបនប័ត្រ វគ្គ ISAF ២០១៤ វគ្គទំនាក់ទំនងសាធារណៈ ២០១៤ វគ្គបណ្ដុះបណ្ដាលគ្រូ ពី ITD ២០១២ វគ្គគ្រប់គ្រងគម្រោង ពី OXCEL កម្ពុជា ២០១២ វគ្គការប៉ាន់ប្រមាណសមត្ថភាពស្ថាប័ន (OCA) ២០០៨ វគ្គ Octagon ២០០៥ វគ្គបណ្តុះបណ្តាលស្តីពី MERL ចំនួន ៣វគ្គ ២០០៥ វគ្គគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន Life Academy, ក្រុង Karlstad ប្រទេសស៊ុយអែដ ឆ្នាំ២០០១ និង វគ្គស្តីពី សង្គមអ៊ិនធឺណិត (Internet Society) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៩៧។


កញ្ញា ហោ មួយស៊ាង
ជំនួយការកម្មវិធីជាន់ខ្ពស់ – កម្មវិធីកម្មវិធីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍសមត្ថភាព
mouyseanghor@ticambodia.org

កញ្ញា ហោ មួយស៊ាង បានចូលរួមក្រុមការងារកាលពីខែមករា ឆ្នាំ២០១៥ដើម្បីជួយគាំទ្រកម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន។ កន្លងមកកញ្ញាធ្លាប់បម្រើការងារជាជំនួយការផ្នែកតស៊ូមតិ និងកសាងបណ្ដាញនៅអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាអង្គការមួយធ្វើការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ និងសិទ្ធិអ្នកដទៃនៅលើផ្លូវបើកបរ។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រសេដ្ឋកិច្ចផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងសញ្ញាបត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងទទួលបានវិញ្ញាបនបត្រជំនាញតស៊ូមតិផងដែរ។


លោក អ៊ឹម នរិន្ទ
មន្រ្តីសម្របសម្រួលកម្មវិធី – កម្មវិធីស្រាវជ្រាវ តស៊ូមតិ និងប្រមូលមូលនិធិសាធារណៈ
norinim@ticambodia.org

លោក អ៊ឹម នរិន្ទ បានចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជានាខែធ្នូ ឆ្នាំ២០១៦។ លោកនរិន្ទបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរ៖ ផ្នែកសង្គមវិទ្យានយោបាយពីសាកលវិទ្យាល័យLondon School of Economics and Political Science (LSE) នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស (ឆ្នាំ២០១៦) និងផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ University of Malaya នៃទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី (ឆ្នាំ២០១៣)។ លោកនរិន្ទក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ IIC University of Technology (ឆ្នាំ២០០៨)។ លោកនរិន្ទមានបទពិសោធន៍ការងារជាង៨ឆ្នាំជាមួយអង្គការលីកាដូក្នុងតួនាទីជាច្រើនដូចជា៖ មន្ត្រីឯកសារ មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិកុមារ និងពលកម្មកុមារ និងមន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិ។


លោក ខេង រដ្ឋា
ជំនួយការកម្មវិធី – កម្មវិធីស្រាវជ្រាវ តស៊ូមតិ និងប្រមូលមូលនិធិសាធារណៈ
rathakheng@ticambodia.org

លោក ខេង រដ្ឋា បានចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជានាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ មុនពេលធ្វើការងារនេះ រដ្ឋាគឺជាយុវជនមួយរូបដែលបានចូលរៀនវគ្គភាពជាអ្នកដឹកនាំវ័យក្មេងជំនាន់ទី១របស់អង្គការតម្លាភាពកម្ពុជាឆ្នាំ២០១៤។ ក្រោយមក រដ្ឋា និងមិត្តភក្ដិបានផ្ដួចផ្ដើមបង្កើតវគ្គបណ្ដុះបណ្ដាល កម្មវិធីយុទ្ធធានាការផ្សព្វផ្សាយ និងកិច្ចពិភាក្សាដេញដោយរបស់យុវជនទៅលើផ្នែកអភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ រដ្ឋាក៏ធ្លាប់ធ្វើការជាជំនួយការកម្មវិធីស្ម័គ្រចិត្តនៅអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)ដែលធ្វើការពង្រឹងសិទ្ធិអំណាចយុវជនឱ្យមានការទទួលខុសត្រូវសង្គម និងក្លាយជាពលរដ្ឋសកម្ម។ រដ្ឋាបានរៀបចំវេទិកាសាធារណៈ វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា កិច្ចពិភាក្សាជាមួយអ្នកនយោបាយ កម្មវិធីទស្សនៈកិច្ចសិក្សាទៅតំបន់ផ្សេងៗ កម្មវិធីប្រកួតប្រជែងអត្ថបទ ព្រមទាំងសកម្មភាពកសាងសមត្ថភាព និងស្មារតីក្រុម។ បន្ថែមពីនេះ រដ្ឋាក៏មានបទពិសោធន៍ក្នុងវិស័យស្រាវជ្រាវជាច្រើនផងដែរ។ រដ្ឋាធ្លាប់ធ្វើការជាអ្នកប្រមូល និងបញ្ចូលទិន្នន័យទាំងគុណវិស័យ និងបរិវិស័យ ជាអ្នកសម្របសម្រួលកិច្ចពិភាក្សាFGD អ្នកកត់ត្រា មេក្រុម និងជំនួយការស្រាវជ្រាវ។ រដ្ឋាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម ឯកទេសចិត្តវិទ្យាដោយទទួលបានអាហារូបករណ៍រដ្ឋពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


លោក កេង គុណាង

kunnangkeng@ticambodia.org

លោក កេង គុណាង បានចូលរួមជាមួយអង្គការតម្លាភាពម្ពុជា ក្នុងចាប់ពី ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៧ ។ គុណាងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ ២០១២ នៃសាកលវិទ្យាល័យ ជាស៊ីម កំចាយមារ ជំនាញ អភិវឌ្ឍន៍ជនបទ ។ក្នុងកំឡុងពេលសិក្សាក្នុងសាកលវិទ្យាល័យគាត់បានចូលរួមស្ម័គ្រចិត្តជាមួយអង្គការក្នុងស្រុក និងសកលវិទ្យាល័យចំនួន ២ឆ្នាំ ហើយបន្ទាប់ពីបញ្ចាប់ការសិក្សាគាត់បានបំរើការក្នុងអង្គការក្នុងស្រុកមួយឈ្មោះថា អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ ដែលកាងារភាគច្រើនរបស់គាត់ផ្តោតលើផែ្នកសំខាន់ៗដូចជា ៖ វិស័យកសិកម្ម សុខភាព លើកកម្ពស់ជីវភាព និងអភិបាលកិច្ចល្អ ។បន្ថែមពីនោះគាត់ក៍ធ្លាប់ធ្វើការជាមួយអង្គការ អាយ ឌី អី កម្ពុជា ជាអ្នកសម្របសម្រួសថ្នាក់ស្រុក ក្នុងការផ្លាស់ប្តូរឥរិយាបទអនាម័យសហគមន៍ជនបទ។


កញ្ញា ឈន រក្សា

reaksharchhorn@ticambodia.org

កញ្ញា ឈន រក្សា ចូលរួមជាមួយអង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៧។ នាងបញ្ចប់បរិញ្ញាប័ត្រ ផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រងពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៥។ អំឡុងពេលសិក្សា នាងធ្លាប់ ធ្វើជាបុគ្គលិក ហាត់ការនៅមីក្រូហិរញ្ញវត្តុ វីសិនហ្វាន ខេមបូឌា។ បន្ទាប់ពីបញ្ចប់ថ្នាក់មហាវិទ្យាល័យមក នាងធ្វើជាបុគ្គលិកគណនីនៅក្នុងក្រុមហ៊ុន ស៊ីបីអឹម។


លោក ទៀន សាមមើឌី

samedytein@ticambodia.org

លោក ទៀន សាមមើឌី បានចូលរួមជាមួយអង្គការតម្លាភាពម្ពុជា ក្នុងចាប់ពី ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៧ ។ លោក ទៀន សាមមើឌី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ ២០១៤ នៃសាកលវិទ្យាល័យ អង្គរខេមរា ជំនាញ ច្បាប់សាធារណះ ។ក្នុងកំឡុងពេលសិក្សាក្នុងសាកលវិទ្យាល័យគាត់បានចូលរួមស្ម័គ្រចិត្តជាមួយអង្គការ ក្រុមប្រឹក្សាយុវជនកម្ពុជា គាត់ភាគច្រើនធ្វើលើយុវជន ហើយបន្ទាប់ពីបញ្ចាប់ការសិក្សាគាត់បានបំរើការក្នុងអង្គការក្នុងស្រុកមួយឈ្មោះថា អង្គការសម្ព័ន្ធសប្បុរសធម៏ ដែលកាងារភាគច្រើនរបស់គាត់ផ្តោតលើផែ្នកសុខភាព។បន្ថែមពីនោះគាត់ក៍ធ្លាប់ធ្វើការជាមួយ មជ្ឈមណ្ឌលអភិវឌ្ឍន៏ស្ត្រីនិងកុមារនៅកម្ពុជា ជាមន្ត្រីកម្មវិធី ដើម្បីលើកម្ពស់វិស័យទេសចរណ៏នៅក្នុងសហគមន៏។


ស្ថាពរ

ស្ថាពរ បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជានៅឆ្នាំ ២០១៨ ក្នុងនាមជាអ្នកហាត់ការផ្នែកច្បាប់ ហើយក្រោយមកនៅឆ្នាំ ២០១៨ គាត់ត្រូវបានជ្រើសរើសជាជំនួយការផ្នែកច្បាប់សម្រាប់គម្រោង ALAC ។ សព្វថ្ងៃគាត់ជានិស្សិតឆ្នាំទី៤ សិក្សាបរិញ្ញាបត្រនីតិសាស្ត្រជាអង់គ្លេស (ELBBL) នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) ។ ស្ថាពរ បានចាប់ផ្តើមការងារស្ម័គ្រចិត្តតាំងពីគាត់សិក្សាឆ្នាំទី នៅ១សាកលវិទ្យាល័យ។ បទពិសោធដ៏សំខាន់មួយក្នុងចំណោមបទពិសោធន៍ការងារជាអ្នកស្ម័គ្រចិត្ត គឺយុវជនអាស៊ានបញ្ឈប់ទាសភាព ក្នុងគោលបំណងបញ្ចប់ការកេងប្រវ័ញ្ចនិងការពារការជួញដូរមនុស្ស។ ក្នុងឆ្នាំទី២ នៅសាកលវិទ្យាល័យ គាត់បានបានធ្វើការជាបុគ្គលិកហាត់ការនៅមជ្ឈមណ្ឌល ដាប់ប៊ែលយូ អេស ឌី  ហាន់ដា សម្រាប់សិទ្ធិមនុស្សនិងយុត្តិធម៌អន្តរជាតិក្នុងនាមជាអ្នកឃ្លាំមើលសវនាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) លើសំណុំរឿង 00/២ ។ បំណងប្រាថ្នារបស់ស្ថាពរ គឺការចូលរួមដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។


លោក សំប៉ាន សុវត្ថិ

លោក សំប៉ាន សុវត្ថិ បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជានៅនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ ។ រយៈពេល ២៧ ឆ្នាំក្នុងជីវិតការងាររបស់គាត់ លោក សំប៉ាន សុវត្ថិ បានធ្វើការជាមួយអង្គការជាតិ និង អន្តរជាតិជាច្រើនក្នុងនោះមានដូចជាគណៈកម្មាធិការសុខភាពកម្ពុជា (CHCO) ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ អង្គការអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)  ជាអ្នកសម្របសម្រួលគាំទ្រកម្មវិធីថ្នាក់ខេត្ត អង្គការសេវាកម្មប្រជាពលរដ្ឋអន្តរជាតិ (PSI) ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ អង្គការសេវាជំនួយកាតូលិក (CRS) ជាអនុប្រធានផ្នែកហិរញ្ញវត្ថុ អង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហប្រជាជាតិ(UNESCO) ជាមន្រ្តីអភិវឌ្ឍន៍កម្មវិធី និងលទ្ធកម្ម សម្រាប់គម្រោងអក្ខរកម្ម អង្គការ GOAL ជាមន្ត្រីគម្រោងអនាម័យ អជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់) ជាមន្រ្តីភាសាអង់គ្លេស អ្នកបកប្រែភាសា និងអ្នកសំរបសំរួលមន្ត្រីបោះឆ្នោត ព្រមទាំងជា គ្រូបង្រៀនអនុវិទ្យាល័យផ្នែកគណិតវិទ្យា។ ជំនាញនិងបទពិសោធន៍វិជ្ជាជីវៈរបស់គាត់គឺ ការអភិវឌ្ឍការគ្រប់គ្រងផ្ទៃក្នុង គោលនយោបាយសម្រាប់អង្គការ ការគ្រប់គ្រងបុគ្គលិក និងការកសាងសមត្ថភាពបុគ្គលិក ហិរញ្ញវត្ថុ ធនធានមនុស្ស រដ្ឋបាល លទ្ធកម្ម និងការគ្រប់គ្រងការិយាល័យ។ លោកសំប៉ាន សុវត្ថិ ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសកលវិទ្យាល័យបៀលប្រាយបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុពីវិទ្យាស្ថានគ្រប់គ្រងជាតិ និងការសរសេរអក្សរអង់គ្លេសនៅ Region College។ លើសពីនេះទៀតលោកបានចូលរួមក្នុងសិក្ខាសាលា វគ្គបណ្តុះបណ្តាល និង វេទិកាផ្សេងៗនៅប្រទេសកម្ពុជា តំបន់អាស៊ី និងសហរដ្ឋអាមេរិក។


លោក ឈួន ហៃ

លោក ឈួន ហៃ បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ ។ ហៃបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ជំនាញគ្រប់គ្រងធុរកិច្ច ក្នុងឆ្នាំ ២០១៦ ពីសាកលវិទ្យាល័យបៀលប្រាលសាខាខេត្តរតនគិរី ។ ហៃមានបទពិសោធន៍ការងាររយៈពេល ៥ឆ្នាំមកហើយ ក្នុងនោះមានដូចជា៖ នៅក្នុងការិយាល័យផែនការ និងគាំទ្រនៅសាលាស្រុកអណ្តូងមាស ជាមន្រ្តីលេខាធិការដ្ឋាន កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ជាមន្រ្តីគាំទ្របច្ចេកទេស និងក្រោយមកជាទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ បម្រើការងារនៅរដ្ឋបាលស្រុកអណ្តូងមាស។


កញ្ញា ជា ស្រីពៅ

កញ្ញា ជា ស្រីពៅ  បានចូលរួមជាមួយអង្គការតម្លាភាពម្ពុជា ក្នុងចាប់ពី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ ស្រីពៅ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ ២០១៣ នៃសាកលវិទ្យាល័យបៀលប្រាយ ជំនាញធនាគារ និងហិរញ្ញវត្ថុ។ ក្នុងកំឡុងពេលសិក្សាក្នុងសាកលវិទ្យាល័យ ស្រីពៅបានចូលរួមស្ម័គ្រចិត្ត ជាភ្នាក់ងារធានារ៉ាប់រងសុខភាពសហគមន៍ជាមួយអង្គការសម្ព័ន្ឋសុខភាពកុមារ និងសុខភាពបន្តពូជ ហើយបន្ទាប់ពីបញ្ចាប់ការសិក្សាគាត់បានបំរើការក្នុងអង្គការក្នុងស្រុកមួយឈ្មោះថា អង្គការសកម្មភាពដើម្បីសុខភាព ជាភ្នាក់ងារប័ណ្ណសុខភាពរយះពេល ១ឆ្នាំ។ គាត់ក៍ធ្លាប់ធ្វើការជាមួយ ក្រុមហ៊ុនសីលាបង់រំលួស រយះពេល ២ឆ្នាំ ផងដែរ ជាអ្នកសម្របសម្រួសកម្ចីខ្នាតតូចដល់សហគមន៍។


កញ្ញា នក់ ស្រីលាភ

កញ្ញា នក់ ស្រីលាភ បានចូលបំរើការងារនៅអង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដោយមានតួនាទី ជាជំនួយការគម្រោងនៅការិយាល័យប្រចាំតំបន់ខេត្តបាត់ដំបង។ ស្រីលាភ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តបន្ទាយមានជ័យ និង បរិញ្ញាបត្រ ជំនាញ   គណនេយ្យនៅសាកលវិទ្យាល័យបាត់ដំបង ។ ស្រីលាភមានបទពិសោធន៍ជាង៣ឆ្នាំ ធ្វើការជាមួយ យុវជន លើវិស័យអភិបាលកិច្ចល្អ និង សហគមន៍អភិវឌ្ឍន៍កសិកម្ម។ មុនពេលចូលបំរើការងារនៅអង្គការតម្លាភាពកម្ពុជា នាងធ្វើការនៅអង្គការក្នុងស្រុកមួយដែលមានឈ្មោះថា ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ដោយមានតួនាទីជាបុគ្គលិកគម្រោង។ នាពេលបច្ចុប្បន្ននេះ នាងកំពុងបន្តការសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក វិទ្យាសាស្ត្រកសិកម្ម និរន្តរភាពនៅសាកលវិទ្យាល័យបាត់ដំបង។


កញ្ញា ឈឺន សុភា

ជំនួយការ ទំនាក់ទំនង

sopheachheun@ticambodia.org

កញ្ញាសុភាឥឡូវកំពុងជានិស្សិតឆ្នាំទី៤នៅវិទ្យាស្ថានសិក្សាបរទេសជំនាញសិក្សាអន្តរជាតិដែលស្ថិតនៅក្រោមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីការសិក្សារបស់នាង សុភាក៏បានចូលរួមប្រលោកក្នុងសង្គមដូចជាធ្វើការងារស្ម័គ្រចិត្ត និងហ្វឹកហាត់ការងារ។ ជំហានដំបូងរបស់នាង សុភាបានធ្វើការងារស្ម័គ្រចិត្តនៅផ្នែកទីផ្សា និងលក់ដែលនៅក្នុងគម្រងស្នាដៃ និងអនាគត៣។ ក្នុងឆ្នាំ២០១៧ កញ្ញាបានមានឧកាសក្លាយជាឯកអគ្គរដ្ឋទូត

យុវជនរបស់អង្គការយុវជនAIESEC កម្ពុជាជាអ្នកបកប្រែឲ្យនិស្សិតបរទេស បន្ទាប់មកក៏ក្លាយសមាជិករបស់AIESEC។ បន្ទាប់ពីបញ្ចប់ពីAIESEC សុភាក៏ចាប់ផ្តើមហ្វឹកហាត់ការងារនៅអាក់សិនអេតកម្ពុជានៅដេបាត់ដឺម៉ង់ទំនាក់ទំនងបានលើសពី៨ខែនៅក្នុងឆ្នាំ២០១៨។ នាដើមខែកុម្ភៈឆ្នាំ២០១៩ កញ្ញាបានចាប់ផ្តើមក្លាយជាជំនួយការទំនាក់ទំនងនៅអង្គការតម្លាភាពកម្ពុជា។