សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨

 សេចក្ដីថ្លែងការណ៍ព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ លទ្ធផលនៃសន្ទស្សន៍បាននាំមកនូវក្ដីបារម្ភចំពោះសកលលោក តួយ៉ាងប្រទេសចំនួនច្រើនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ស្ថានភាពនៃអំពើពុករលួយរបស់ប្រទេសភាគច្រើនដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃនេះមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងនោះទេ។ មានប្រទេស/ដែនដីចំនួនតែ២០ប៉ុណ្ណោះ ដែលមានការប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លទ្ធផលនៃសន្ទស្សន៍បានរកឃើញអំពីទំនាក់ទំនងរវាងអំពើពុករលួយ និងសុខុមាលភាពផ្នែកប្រជាធិបតេយ្យនៅទូទាំងសកលលោក។ ប្រទេសដែលមានប្រជាធិបតេយ្យពេញលេញ(Full democracy)ទទួលបានពិន្ទុជាមធ្យម ៧៥ នៅលើមាត្រដ្ឋានសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ប្រទេសដែលមានប្រជាធិបតេយ្យមិនពេញលេញ(Flawed democracy)ទទួលបានពិន្ទុជាមធ្យម ៤៩ ខណៈប្រទេសកាន់របបកូនកាត់(Hybrid regime)ដែលបង្ហាញពីធាតុផ្សំនៃទំនោរទៅរកអត្តាធិបតេយ្យ ទទួលបានពិន្ទុជាមធ្យម ៣៥ ហើយប្រទេសដែលកាន់របបអត្តាធិបតេយ្យ(Autocratic regime)ទទួលបានពិន្ទុទាបបំផុត គឺជាមធ្យមត្រឹមតែ៣០ប៉ុណ្ណោះនៅលើមាត្រដ្ឋាននៃសន្ទស្សន៍នេះ។ ប្រភពទិន្នន័យលម្អិតមាននៅផ្នែកខាងក្រោម។

លទ្ធផលនៃសន្ទស្សន៍ក្នុងឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ២០ពិន្ទុ លើពិន្ទុអតិបរមា ១០០ ដែលធ្លាក់ចុះចំនួន ១ពិន្ទុ ធៀបនឹងឆ្នាំមុន។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ លទ្ធផលនេះចង្អុលបង្ហាញថា ទោះបីជាកម្ពុជាសម្រេចបាននូវ លទ្ធផលជាក់លាក់មួយចំនួនពីកិច្ចខិតខំប្រឹងប្រែងលើកំណែទម្រង់របស់ខ្លួន ដូចជា៖ វិស័យអប់រំ ការចុះបញ្ជីសាជីវកម្ម ការប្រមូលចំណូលថវិកាជាតិ និងការផ្ដល់សេវាសាធារណៈមូលដ្ឋានក៏ដោយក្ដី កិច្ចខិតខំប្រឹងប្រែងទាំងនោះមិនទាន់អាចផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកជំនាញ និងសហគមន៍អាជីវកម្មនៅឡើយទេ ជាពិសេសនៅពេលដែលអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយត្រូវបានសង្កេតឃើញថានៅមានទំហំដដែល ឬអាចកើនឡើងនៅក្នុងទិដ្ឋភាពមួយចំនួន។ កំណែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធសំខាន់ៗជាពិសេសទាក់ទងនឹងនីតិរដ្ឋ មានភាពប្រសើរឡើងតិចតួច ឬមិនប្រសើរឡើងនោះទេ។ តាមរយៈរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ ដែលវាស់ស្ទង់ពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ប្រទេសកម្ពុជាទទួលបានពិន្ទុប្រសើរឡើងជាងមុនបន្តិច ខណៈដែល សូចនាករផ្សេងទៀតនៅរក្សាពិន្ទុដដែល។ ផ្ទុយទៅវិញ ពិន្ទុស្ដីអំពីអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ១៩/១០០ ក្នុងឆ្នាំ២០១៧ មកត្រឹម ១២/១០០ ក្នុងឆ្នាំ២០១៨ (យោងតាមគម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (V-Dem) ឆ្នាំ២០១៨)។

ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ត្រូវបានគេកត់សម្គាល់ថាបរិយាកាសនយោបាយមិនអំណោយផល ដែលប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងស្ថាប័នប្រជាធិបតេយ្យមួយចំនួនអាចបំពេញតួនាទីបានតិចតួចបំផុតក្នុងការត្រួតពិនិត្យ និងធានាតុល្យភាពអំណាចដើម្បីប្រឆាំងនឹងអំពើពុករលួយ ខណៈដែលយន្តការធានាគណនេយ្យភាពផ្នែកនយោបាយត្រូវបានធ្វើឱ្យចុះទន់ខ្សោយក្រោយការរំលាយគណបក្សប្រឆាំង។

កញ្ញា វង្ស សុជាតា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាបានបោះជំហានជាវិជ្ជមានមួយចំនួនក្នុងការលុបបំបាត់អំពើពុករលួយតាមវិស័យនានា ដែលបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្តខ្លះ ដូចជា៖ ការកាត់បន្ថយអំពើពុករលួយទ្រង់ទ្រាយតូច និងការបង្កើនចំណូលថវិកា តាមរយៈការប្រមូលសារពើពន្ធ និងសេវាកម្មគយ ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈជាមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយមិនត្រូវបានដោះស្រាយត្រឹមត្រូវទេនោះ អំពើពុករលួយនឹងបន្តបង្កើតភាពអយុត្តិធម៌សង្គម និងបង្កជាហានិភ័យដល់ការអភិវឌ្ឍប្រទេសកម្ពុជា”

បើក្រឡេកមើលស្ថានភាពក្នុងតំបន់ ប្រទេសកម្ពុជានៅតែជាប្រទេសទទួលបានពិន្ទុទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច និងទទួលបានពិន្ទុទាបជាងគេនៅក្នុងតំបន់អាស៊ាន។ ប្រទេសនៅក្នុងតំបន់អាស៊ានទទួលបានលទ្ធផលពិន្ទុផ្សេងៗគ្នា។ ប្រទេសសិង្ហបុរីបន្តឈរលើចំណាត់ថ្នាក់ប្រសើរជាងប្រទេសដទៃ បន្ទាប់ពីទទួលបាន ១ពិន្ទុបន្ថែម និងប្ដូរពីលេខរៀងទី៦ មកនៅលេខរៀងទី៣នៃប្រទេសស្អាតស្អំជាងគេនៅលើពិភពលោក។ ប្រទេសហ្វីលីពីនគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលទទួលបាន២ពិន្ទុបន្ថែម បើធៀបនឹងឆ្នាំមុន។ ប្រទេសឥណ្ឌូណេស៊ីក៏ទទួលបាន ១ពិន្ទុបន្ថែមផងដែរ។ ដោយឡែក ប្រទេសម៉ាឡេស៊ី និងប្រទេសឡាវនៅរក្សាពិន្ទុដដែល ខណៈប្រទេសថៃ និងមីយ៉ាន់ម៉ា  ធ្លាក់ចុះ ១ពិន្ទុ។ ប្រទេសវៀតណាមជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលធ្លាក់ចុះ ២ពិន្ទុ។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ជាមូលដ្ឋាននិងជារចនាសម្ព័ន្ធ។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨ បានបញ្ជាក់ច្បាស់អំពីទំនាក់ទំនងរវាងការមានប្រជាធិបតេយ្យល្អពិតប្រាកដដែលទ្រទ្រង់ប្រព័ន្ធគណនេយ្យភាពរឹងមាំ និងប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងវិស័យសាធារណៈ” ។ លោកបន្ថែមថា៖ “អំពើពុករលួយកាន់តែរីកលូតលាស់ កាលណាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធសុចរិតភាពមានភាពទន់ខ្សោយ”

ជាថ្មីម្តងទៀត អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ពន្លឿនការអនុវត្តសកម្មភាពកំណែទម្រង់ជាប្រព័ន្ធដែលជាចំណុចអាទិភាព។ ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ និងការអនុម័តឱ្យបានទាន់ពេលវេលានូវបទប្បញ្ញត្តិដែលលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានសាធារណៈ និងការពារបុគ្គលរាយការណ៍ គឺជាជំហានចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយ។ ការពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងការលើកកម្ពស់នីតិរដ្ឋ និងដោះស្រាយគម្លាតរវាងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយគឺជាវិធានការដ៏ចាំបាច់។ ការគាំទ្រអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏មានសារៈសំខាន់ដូចគ្នាផងដែរ។ សំខាន់ជាងនេះទៅទៀត ប្រទេសកម្ពុជាត្រូវការជាបន្ទាន់នូវយន្តការធានាគណនេយ្យភាពដ៏គួរឱ្យទុកចិត្ត ក៏ដូចជាការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងធានាតុល្យភាពអំណាចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អង្គការតម្លាភាពកម្ពុជាប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋឱ្យកាន់តែប្រសើរឡើង។

 

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ដែលធ្វើចំណាត់ថ្នាក់លេខរៀងលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈទៅតាមប្រទេស និងដែនដីនីមួយៗនៅលើសកលលោក តាមរយៈការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមជាច្រើន ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៨ ធ្វើចំណាត់ថ្នាក់លេខរៀងចំពោះប្រទេស និងដែនដី សរុបចំនួន ១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន ១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃ និងទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនានា។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ មានដូចជា៖

១. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០១៧-២០១៨

២. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០១៨

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៧

៤. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០១៨

៥. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៧

៦. ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (EOS) ឆ្នាំ២០១៨

៧. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០១៧-២០១៨

៨. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (V-Dem) ឆ្នាំ២០១៨។

 

សម្រាប់ព័ត៌មានលម្អិតអំពីលទ្ធផល និងប្រភពទិន្នន័យដែលពាក់ព័ន្ធ សូមចូលទៅកាន់៖ www.transparency.org

សម្រាប់សេចក្ដីថ្លែងការណ៍ព័ត៌មានជាភាសាខ្មែរ សូមចុច

សម្រាប់សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៨ សូមចុច

សម្រាប់លទ្ធផលនៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៨ សូមចុច

សម្រាប់សំណួរដែលសួរជាញឹកញាប់ សូមចុច

###

 

អង្គការតម្លាភាពអន្តរជាតិ គឺអង្គការសង្គមស៊ីវិលដែលឈានមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

 

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

  • លោក ព្រាប កុល នាយកប្រតិបត្តិ

ទូរស័ព្ទលេខ៖ (៨៥៥) ០១២ ៨៧៧ ៨៣៣

អ៊ីមែល៖ kolpreap@ticambodia.org

  • លោក ប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់

ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០

អ៊ីមែល៖ piseypech@ticambodia.org

This post is also available in: អង់​គ្លេស