អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី

សេចក្ដីថ្លែងការណ៍ព័ត៌មាន

អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី និងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ

ទីក្រុងប៊ែរឡាំង – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦

អង្គការតម្លាភាពអន្ដរជាតិ សូមធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាត លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។

កាលពីព្រឹកថ្ងៃអាទិត្យ លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ នៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ យើងទាមទាឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ តម្លាភាព និង ហ្មត់ចត់លើឃាតកម្មដ៏យង់ឃ្នងមួយនេះ។

អង្គការតម្លាភាពអន្តរជាតិ បានសម្ដែងក្ដីព្រួយបារម្ភពីកំនើននៃការរឹតបន្ដឹងចំពោះអង្គការសង្គមស៊ីវិល និងការយាយីចំពោះសកម្មជនសិទ្ធិមនុស្ស និងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ មួយឆ្នាំកន្លងទៅ អង្គការតម្លាភាពអន្តរជាតិបានព្រមានអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពី ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំពោះលទ្ធភាពរបស់ប្រទេសមួយនេះក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបង្កឧបសគ្គដល់ការប្រើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល។ ដប់សប្ដាហ៍កន្លងទៅនេះ អង្គការតម្លាភាពអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរឲ្យបញ្ឈប់ការយាយីដល់មន្រ្តីអង្គការសង្គមស៊ីវិលផងដែរ។

ក្នុងមាត្រាទី ១៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នកាលពីឆ្នាំ ២០០៧ ដែលតម្រូវឲ្យរដ្ឋាភិបាលមានយន្តការត្រឹមត្រូវដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ ក្រុមទាំងនេះរួមមាន សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើកិច្ចការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ជាថ្មីម្ដងទៀត អង្គការតម្លាភាពអន្តរជាតិអំពាវនាវដល់អាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ធ្វើការស៊ើបអង្កេតដោយឯករាជ្យទាក់ទងនឹងករណីឃាតកម្ម លោកបណ្ឌិត កែម ឡី និងអំពាវនាវដល់អាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីដល់អង្គការសង្គមស៊ីវិល និងគោរពទៅតាមកិច្ចព្រមព្រៀងនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ។

ទំនាក់ទំនងសំភាសន៍៖

លោក គ្រីស សានដឺ (Chris Sanders)

ទូរស័ព្ទៈ +49 30 34 38 20 666

Leave a Reply