សេចក្ដីថ្លែងការណ៍ព័ត៌មានស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០១៦

សេចក្ដីថ្លែងការណ៍ព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ – លទ្ធផលនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានបង្ហាញឲ្យឃើញថា ការយល់ឃើញពីអំពើពុករលួយក្នុងស្ថាប័នសាធារណៈនៅកម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុដដែល ដូចឆ្នាំមុនពោលគឺ ពិន្ទុ២១ ដោយផ្អែកលើមាត្រដ្ឋានសកលពី ០(ពុករលួយខ្លាំង) ទៅ១០០(ស្អាតស្អំខ្លាំង) និងទទួលបានចំណាត់ថ្នាក់លេខ១៥៦ក្នុងចំណោមប្រទេសចំនួន១៧៦ ។យ៉ាងណាមិញ ការផ្លាស់ប្តូរក្នុងចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅឆ្នាំ២០១៦នេះ គឺដោយសារសន្ទស្សន៍ឆ្នាំនេះបានរាប់បញ្ចូលប្រទេសចំនួន៨ថែមទៀត។ ហេតុដូចនេះយើងមិនអាចបកស្រាយថា ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ អន់ជាងឆ្នាំ២០១៥ឡើយ ។

លទ្ធផលឆ្នាំ២០១៦ បានបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលដែលបានធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងវិស័យមួយចំនួនក្តី ក៏ភាពប្រសើរឡើងដ៏តិចតួចទាំងនោះ មិនទាន់អាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកជំនាញ សហគមន៍ជំនួញ និងសាធារណជននៅឡើយ។ ជាក់ស្តែងអនុសាសន៍ជាមូលដ្ឋានជាច្រើនដែលបានផ្តល់ដោយអ្នកជំនាញការខាងអភិបាលកិច្ច និងការប្រឆាំងអំពើពុករលួយមិនត្រូវបានរាជរដ្ឋាភិបាលយកមកអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាឡើយ។ ជាការពិត សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អង្គការតម្លាភាពកម្ពុជាបានអំពាវនាវជាប់ជានិច្ចដល់រាជរដ្ឋាភិបាលឲ្យធ្វើកំណែទម្រង់រចនាសម្ព័ន្ធនិងកំណែទម្រង់ជាប្រព័ន្ធនៅក្នុងស្ថាប័នជាតិសំខាន់ៗ ដោយផ្តោតលើកំណែទម្រង់វិស័យតុលាការ ការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ដោយអនុលោមតាមស្តង់ដាអន្តរជាតិ។ លើសពីនេះទៀត អង្គការតម្លាភាពកម្ពុជាក៏បានស្នើឲ្យធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដោយរួមបញ្ចូលទាំង ប្តី ប្រពន្ធ និងសមាជិកក្រុមគ្រួសារផ្ទាល់ផងដែរ។ ម្យ៉ាងទៀត យើងក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃឯករាជ្យភាពពិតប្រាកដរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាការចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បញ្ហាបក្សពួកនិយម និងទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នសាធារណៈ។ ជាអកុសលមកដល់ពេលនេះ លទ្ធផលដែលធ្វើបាន គឺមានកម្រិតតិចតួច ហើយការអនុវត្តនៅមិនទាន់បានពេញលេញនៅឡើយ។

ខណៈដែលពិន្ទុរបស់កម្ពុជាក្នុងឆ្នាំ២០១៦មិនបានប្រែប្រួល ក៏មានការប្រសើរឡើងគួរឲ្យកត់សម្គាល់នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានមួយចំនួនដែលក្នុងនោះប្រទេសមីយ៉ាន់ម៉ាបានកើន៦ពិន្ទុ (ពី២២ ទៅ២៨) ប្រទេសឡាវបានកើន៥ពិន្ទុ (ពី២៥ ទៅ៣០) ប្រទេសវៀតណាមបានកើន២ពិន្ទុ (ពី៣១ដល់៣៣)។ ដោយទ្បែក ប្រទេសសិង្ហបុរីបានថយ១ពិន្ទុ (ពី៨៥ ចុះមក៨៤) ប្រទេសម៉ាឡេស៊ីបានថយ១ពិន្ទុ (ពី៥០ ចុះមក៤៩) និងប្រទេសថៃបានថយ៣ពិន្ទុ(ពី៣៨ ចុះមក៣៥)។

លោក ឱក សេរីសោភក្តិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាបានមានប្រសាសន៍ថា «ពិន្ទុរបស់កម្ពុជាក្នុងឆ្នាំ២០១៦នេះ បង្ហាញឲ្យឃើញថាទោះបីជាកំណែទម្រង់ស្ថាប័នសាធារណៈបានទទួលលទ្ធផលនៅក្នុងវិស័យមួយចំនួនក៏ដោយ ក៏នៅតែមិនទាន់ធានាបាននូវការវិវឌ្ឍន៍ឆ្ពោះទៅរកការបង្កើតនូវវប្បធម៌តម្លាភាព និងសុចរិតភាពនៅឡើយដែរ។» លោកបានបន្តទៀតថា៖ «អ្នកធ្វើកំណែទម្រង់នៅក្នុងប្រទេសកម្ពុជាគួរតែពិចារណាឲ្យបានម៉ត់ចត់ និងទុកជាមេរៀនចំពោះករណីដែលរកឃើញថា ប្រទេសមីយ៉ាន់ម៉ាបានវិវឌ្ឍន៍ខ្លួនជាវិជ្ជមានជាងប្រទេសកម្ពុជានៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ។»

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ គឺជាសូចនាករដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយរៀងរាល់ឆ្នាំនៅទូទាំងសកលលោក សម្រាប់វាស់វែងពីទំហំនៃអំពើពុករលួយនៅប្រទេសនានាដោយមានការដាក់ពិន្ទុពី០ (ពុករលួយខ្លាំង) ដល់១០០(ស្អាតស្អំខ្លាំង)។ សន្ទស្សន៍នេះឆ្លុះបញ្ចាំងពីការយល់ឃើញរបស់អ្នកឯកទេស និងធុរៈជនទូទាំងពិភពលោក ព្រមទាំងមានការផ្ទៀងផ្ទាត់ជាមួយប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមជាច្រើន។ វិនិយោគិនជាច្រើនបានពឹងផ្អែកលើសន្ទស្សន៍នេះក្នុងការធ្វើសេចក្តីសម្រេចចិត្តខាងធុរៈកិច្ចតាមប្រទេសនានា ហើយការស្រាវជ្រាវបានបង្ហាញថា មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតរវាងពិន្ទុនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ និងកំណើននៃកម្រិត  វិនិយោគបរទេសផងដែរ។

  • សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៦របស់កម្ពុជា៖ ពិន្ទុ២១លើ១០០។
    ចំណាត់ ថ្នាក់១៥៦ លើ១៧៦។
  • សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥របស់កម្ពុជា៖ ពិន្ទុ២១លើ១០០។
    ចំណាត់ ថ្នាក់១៥០ លើ១៦៨។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា «ទោះបីជាពិន្ទុស្ថិតនៅដដែលដូចឆ្នាំកន្លងទៅក្តី យើងបានសង្កេតឃើញមានភាពវិជ្ជមានមួយចំនួនទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់ ដែលផ្តល់លទ្ធផលជាក់ស្តែងមួយចំនួន តួយ៉ាង ដូចជាការបង្កើនចំណូលក្នុងការប្រមូលពន្ធដារ ការកាត់បន្ថយអំពើពុករលួយតូចតាចតាមរយៈការផ្តល់សេវាសាធារណៈសំខាន់ៗមួយចំនួនដែលគួរឲ្យកត់សម្គាល់»។ ក៏ប៉ុន្តែ លោកបានមានប្រសាសន៍បន្ថែមទៀតថា «ដរាបណាគ្មានកំណែទម្រង់សំខាន់ៗដូចបានរៀបរាប់ក្នុងបណ្តាអនុសាសន៍ខាងលើទេនោះ  ពិន្ទុក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយពិបាកនឹងប្រែប្រួលណាស់។»

ជាថ្មីម្តងទៀត  អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឲ្យរាជរដ្ឋាភិបាលបង្កើនសកម្មភាពទាក់ទងនឹងកំណែទម្រង់ជាអាទិភាព និងប្តេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាក្នុងការជួយអនុវត្តកម្មវិធីកំណែទម្រង់ សំខាន់ៗដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព គណនេយ្យភាព និងការអភិវឌ្ឍបែបប្រជាធិបតេយ្យប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលបង្ហាញពីទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈតាមប្រទេសនីមួយៗដោយដាក់ពិន្ទុតាមមាត្រដ្ឋានពី០ (ពុករលួយខ្លាំង) ទៅ១០០ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានគណនា និងផ្ទៀងផ្ទាត់ជាមួយប្រភពទិន្នន័យរបស់ ស្ថាប័នដែលមានកិត្តិនាមជាច្រើនដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកឯកទេស និងធុរៈជនមកពីទូទាំងពិភពលោក។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៦ ចាត់ចំណាត់ថ្នាក់ និងលេខរៀងសម្រាប់ ១៧៦ប្រទេសដោយពឹងផ្អែកទៅលើការស្ទង់មតិរបស់ស្ថាប័នចំនួន១៣ ដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកឯកទេសនិងធុរៈជនមកពី ទូទាំងពិភពលោក។ ប្រភពទិន្នន័យចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់ប្រទេសកម្ពុជាឆ្នាំ២០១៦នេះ។ ប្រភពទិន្នន័យទាំងនោះមានដូចជា៖

១. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០១៦

២. ការស្ទង់មតិពីធុរៈជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (EOS) ឆ្នាំ២០១៦

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៥

៤. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០១៦

៥. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (VDEM) ឆ្នាំ២០១៦

៦. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០១៦

៧. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០១៦

៨. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៥

សម្រាប់ព័ត៌មានបន្ថែមពីឯកសារយោងនៃប្រភពទិន្នន័យទាំង១៣ ក៏ដូចជាប្រភេទនៃអ្នកឆ្លើយតប និងកម្រងសំនួរ

សូមចុចត្រង់នេះ www.transparency.org

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

លោក ឱក សេរីសោភក្តិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា ទូរស័ព្ទលេខ ០១២ ៨១៥ ៣០២

ឬតាមរយៈអ៊ីម៉ែល sokserei@ticambodia.org

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ទូរស័ព្ទលេខ ០១២ ៨៧៧ ៨៣៣

ឬតាមរយៈអ៊ីម៉ែល kolpreap@ticambodia.org
###

Transparency International is the civil society organisation leading the fight against corruption