សេចក្ដីថ្លែងការណ៍ព័ត៌មាន របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០

រាជធានីភ្នំពេញ​ ថ្ងៃទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០២០

​របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដែលធ្វើឱ្យ​ប៉ះពាល់ដល់ការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តលើរដ្ឋាភិបាល។

របាយការណ៍នេះបានបង្ហាញថា នៅទ្វីបអាស៊ី អ្នកចូលរួមផ្តល់បទសម្ភាសន៍ជិត ៣ ភាគ ៤ ជឿថាអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលគឺជាបញ្ហាធំមួយសម្រាប់ប្រទេសរបស់ពួកគេ។ ហើយមានម្នាក់ក្នុងចំណោម ៥ នាក់ (១៩ ភាគរយ) ឆ្លើយថាបានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈកាលពីឆ្នាំមុន ឬស្មើនឹងប្រជាពលរដ្ឋប្រមាណ ៨៣៦ លាននាក់ នៅក្នុងប្រទេសទាំង១៧ នៅតំបន់អាស៊ី ។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយ​​ជាសកលដែលធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិ គឺជាការ​សិក្សា​ស្រាវជ្រាវបែបវិទ្យាសាស្រ្តស្ថិតិ ដោយស្ទង់មតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំង​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយ​​​​​ជាសកល​ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី បានធ្វើការសិក្សាស្ទង់មតិជាមួយប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់នៅ​បណ្តា​ប្រទេសចំនួន១៧ ចាប់ពី ខែមីនា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២០។ ​

នៅប្រទេសកម្ពុជា ការស្ទង់មតិត្រូវបានធ្វើឡើងតាមទូរស័ព្ទដៃ នៅចន្លោះពីខែមិថុនា ដល់ខែកក្កដា។ របាយការណ៍​​ស្តី​ពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០នេះបានបង្ហាញថា​ ការយល់ឃើញរបស់សាធារណជនទាក់ទង​ទៅ​នឹងអំពើពុករលួយមានភាពប្រសើរឡើង​​​ បើធៀបទៅនឹងលទ្ធផលនៅក្នុងរបាយការណ៍កាលពីឆ្នាំ២០១៦។ ទោះជាយ៉ាង​នេះក្តី របាយការណ៍នេះបានបង្ហាញថា បទពិសោធន៍របស់ប្រជាពលរដ្ឋទាក់ទងទៅនឹងអំពើពុករលួយ នៅតែមានកម្រិត​ខ្ពស់នៅឡើយ។ ­­­­­­­­­­

ជាក់ស្តែង កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរត្រឹមតែ២៨ភាគរយ យល់ថាអំពើពុករលួយមានការថយចុះ ហើយប្រមាណ៦៦ភាគរយ យល់ថាអំពើពុករលួយនៅតែមាន និងបន្តកើនឡើង។ ចំណែក​ឯនៅឆ្នាំ២០២០វិញ លទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋ ៥៥ភាគរយ យល់ឃើញថា អំពើពុករលួយនៅប្រទេស​កម្ពុជាមានការថយចុះ ហើយ៤១ភាគរយផ្សេងទៀត យល់ថាអំពើពុករលួយនៅតែមាន និងបន្តកើនឡើងដដែល ទោះជាការ​​យល់​ឃើញជា​រួមរបស់​ប្រជាពលរដ្ឋទៅលើទិដ្ឋភាពអំពើពុក​រលួយនៅកម្ពុជាមាន​ភាព​ប្រសើរក្តី លទ្ធផលនៃ​ការស្ទង់មតិនេះបាន​បង្ហាញ​​ថា ​​​​ស្ថាប័នតុលាការ ប៉ូលីស­­­­­­­­­­ និងរដ្ឋាភិបាលនៅតែជាស្ថាប័ន ដែល​ពលរដ្ឋជឿថាពុក​រលួយ​ជាងគេ​។  ជាឧទាហរណ៍ ៨៩ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍គិតថាអំពើពុករលួយ មាននៅ​​ក្នុងចំណោមមន្រ្តីប៉ូលីស ៧២ភាគរយយល់ថាមាន​អំពើពុករលួយនៅក្នុងចំណោមមន្រ្តីរដ្ឋាភិបាល ហើយ ៧២ភាគរយ គិតថាមានអំពើពុករលួយនៅក្នុងវិស័យ​តុលាការ។

ចំពោះបទពិសោធន៍របស់ប្រជាពលរដ្ឋទាក់ទងទៅនឹងអំពើពុករលួយ របាយការណ៍បានបង្ហាញថា ប្រជាពលរដ្ឋ​នៅតែ​ប្រឈមនឹងអំពើពុករលួយនៅក្នុងការប្រើប្រាស់សេវាសាធារណៈមួយចំនួន។  ជាឧទាហរណ៍ ៣៧ភាគរយនៃអ្នក​ចូលរួម​ផ្តល់សម្ភាសន៍ ឆ្លើយថាឆ្លាប់បានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈក្នុងរយៈពេល ១២ខែកន្លងមកនេះ។​ ក្នុងចំណោមអ្នកបានឆ្លើយថាបានធ្លាប់សូកប៉ាន់ ៤០ភាគរយបញ្ជាក់ថាធ្លាប់សូកប៉ាន់ដើម្បីទទួលបានឯកសារបញ្ជាក់​អត្តសញ្ញាណ និង៣៨ភាគរយបានសូកប៉ាន់ដល់ប៉ូលីស។

ចំពោះការចូលរួមរបស់សាធារណ:ជនវិញ របាយការណ៍នេះបានរកឃើញថា ៦៨ភាគរយនៃអ្នកផ្តល់បទ​​​សម្ភាសន៍ ​​ជឿជាក់ថា​​​ប្រជាពលរដ្ឋទូទៅ​​​អាចចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ យ៉ាងណាក៏​ដោយ លទ្ធផល​​នៃ​ការស្ទង់មតិនេះ បានបង្ហាញថាពលរដ្ឋនៅតែបន្តមានភាពភ័យខ្លាចក្នុងការផ្តល់ព័ត៌មានអំពីអំពើពុក​រលួយ។ ជាក់ស្តែង មានតែ ២,៥ភាគរយប៉ុណ្ណោះនៃអ្នកដែលបានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈ ឆ្លើយថា​ធ្លាប់​រាយ​ការណ៍​អំពី​អំពើពុករលួយ។​ បន្ថែមពីនេះ មានអ្នកផ្លល់ចម្លើយតែ ៣៨ភាគរយប៉ុណ្ណោះដែល​យល់ថាពលរដ្ឋ​អាចផ្តល់​ព័ត៌មានអំពី​អំពើពុករលួយដោយគ្មានភាពភ័យខ្លាច ខណៈដែល ៥៧ភាគរយទៀត យល់ថា​ពលរដ្ឋមានការភ័យ​ខ្លាច​នៅ​ក្នុងរឿងនេះ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា  “អំពើពុករលួយនៅតែបន្ត​យាយី​ដល់នីតិដ្ឋ ការទទួលបានយុត្តិធម៌ និងជាឧបសគ្គចំបងក្នុងការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា។” លោកបានបន្ថែមថា​ “នៅអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដែលកើតចេញពីផលប៉ះពាល់ជាអវិជ្ជមាន ដែលបង្កដោយ​ការ​រីករាលដាលនៃជំងឺកូវីដ១៩ ការដកប្រព័ន្ធអនុគ្រោះពន្ធ “អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)” និងការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ការកាត់បន្ថយអំពើពុក​រលួយ​នៅក្នុងវិស័យសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីឱ្យកម្ពុជា​អាចបង្កើន​ប្រសិទ្ធភាពនៃការផ្តល់សេវាដល់ពលរដ្ឋ វិស័យ​​​ឯកជន និងរក្សាស្ថេរភាពសេដ្ឋកិច្ច និងការទទួលបានយុត្តិធម៌សង្គម។”

អង្គការតម្លាភាពកម្ពុជា បន្តស្នើដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យ​​​​ពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលុប​បំបាត់​ការស៊ី
​សំណូក និងសូក​ប៉ាន់ និងអំពើពុករលួយគ្រប់រូបភាពនៅក្នុងវិស័យសាធារណៈ  ពង្រឹងអំណាច និងលើកកម្ពស់ការ​ចូលរួមរបស់ពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធានាថាពួកគេអាចរាយការណ៍អំពីអំពើពុករលួយ​ដោយ​គ្មាន​ការភ័យខ្លាច តាមរយៈការអនុម័ត​​​ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គល​​​រាយការណ៍​ដោយ​​​អនុលោមតាម​​​ស្តង់ដា​​​​​​អន្តរជាតិ។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍តាមទូរស័ព្ទចំនួន១០០០នាក់ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលបានបង្ហាញពីទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹង​អំពើពុក​រលួយ​នៅក្នុងប្រទេសកម្ពុជា។

ទាញយក Press-Release-GCB-2020-English

ទាញយក Press-Release-GCB-2020-Khmer

ទាញយក GCB-2020 – Presenation – English

ទាញយក GCB-2020 – Presenation – Khmer

 

This post is also available in: អង់​គ្លេស