សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៧

POSTER-01

សេចក្ដីថ្លែងការណ៍ព័ត៌មាន

 

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧។ សន្ទស្សន៍នេះធ្វើការវាយតម្លៃចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកទៅលើការយល់ឃើញរបស់អ្នកជំនាញ និងធុរៈជនអំពីកំរិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈនៅក្នុងប្រទេសនីមួយៗ។ សន្ទស្សន៍នេះធ្វើការផ្ដល់ពិន្ទុចំពោះប្រទេសទាំងនោះដោយផ្អែកលើមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ នៅក្នុងឆ្នាំនេះ លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរកឃើញថា ប្រទេសចំនួនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ដែលមានពិន្ទុជាមធ្យម ៤៣។ ហើយក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើននៅតែមានការប្រែប្រួលជាវិជ្ជមានតិចតួច ឬមិនមានការប្រែប្រួលសោះ។ គួរឱ្យកត់សម្គាល់ជាងនេះទៅទៀត ការវិភាគចង្អុលបង្ហាញថា ប្រទេសដែលទទួលបានចំណាត់ថ្នាក់អំពើពុករលួយកាន់តែធ្ងន់ធ្ងរ ហាក់បីដូចជាមានទំនោរក្នុងការគំរាមកំហែងទៅលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំង។

នៅក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាទទួលបានពិន្ទុ ២១ លើពិន្ទុអតិបរមា ១០០ ដែលបង្ហាញថាប្រទេសកម្ពុជានៅរក្សាពិន្ទុដដែលក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយប្រទេសកម្ពុជាឈរនៅលេខរៀងទី១៦១ ក្នុងចំណាត់ថ្នាក់ជាសកលដែលមានប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានយកមកសិក្សានៅឆ្នាំនេះ។ ការប្រែប្រួលចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧នេះ ក៏ព្រោះតែមានការបញ្ចូលបន្ថែមនូវប្រទេសចំនួន៤ផ្សេងទៀតទៅក្នុងការសិក្សា ដែលធ្វើឱ្យចំនួនប្រទេស និងដែនដីសរុបកើនឡើងពី ១៧៦ (ឆ្នាំ២០១៦) ទៅ ១៨០ប្រទេស (ឆ្នាំ២០១៧)។ ហេតុដូច្នេះ ការប្រែប្រួលចំណាត់ថ្នាក់មិនមែនមានន័យថា កម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈនៅប្រទេសកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរជាងឆ្នាំកន្លងមកនោះទេ។

លទ្ធផលឆ្នាំ២០១៧បង្ហាញថា បើទោះជារដ្ឋាភិបាលប្រឹងប្រែងធ្វើកិច្ចការងារមួយចំនួននាពេលថ្មីៗនេះដូចជា ការបោះជំហានគួរឱ្យកត់សម្គាល់ទៅលើការកែលម្អក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិមួយចំនួន ព្រមទាំងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការចុះបញ្ជីសាជីវកម្ម និងការប្រមូលពន្ធជាដើមក៏ដោយក្ដី កិច្ចខិតខំប្រឹងប្រែងទាំងនោះនៅមិនទាន់គ្រប់គ្រាន់ដែលអាចធ្វើឱ្យមានការផ្លាស់ប្ដូរទស្សនៈនៃការយល់ឃើញរបស់អ្នកជំនាញ និងសហគមន៍អាជីវកម្មទៅលើស្ថានភាពនៃអំពើពុករលួយក្នុងវិស័យសាធារណៈនៅប្រទេសកម្ពុជានៅឡើយទេ។ ការវិភាគក៏បានកត់សម្គាល់ផងដែរថា កំណែទម្រង់ សំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលត្រូវបានលើកឡើងដោយអ្នកជំនាញផ្នែកអភិបាលកិច្ច និងអ្នកជំនាញប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនត្រូវបានយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលានៅឡើយ។ ការកាត់បន្ថយបញ្ហាអំពើពុករលួយក្នុងវិស័យយុត្តិធម៌ និងការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌នៅតែជាបញ្ហាមួយដែលត្រូវការវិធានការឆ្លើយតបជាបន្ទាន់។ អង្គការតម្លាភាពកម្ពុជាស្នើឱ្យមានការធ្វើវិសោធនកម្មទៅលើខ្លឹមសារនៃមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយរួមមាន៖ ការចែងអំពីសារៈសំខាន់នៃការប្រកាសទ្រព្យសម្បត្តិជាសាធារណៈ ដោយរួមបញ្ចូលទាំងប្ដី ប្រពន្ធ និងសមាជិកគ្រួសារផ្ទាល់ផងដែរ។ អង្គការតម្លាភាពកម្ពុជាក៏សូមស្នើឱ្យបង្កើត និងពង្រឹងការអនុវត្តបទប្បញ្ញត្តិ ឬយន្តការពាក់ព័ន្ធនានាក្នុងការដោះស្រាយបញ្ហាបក្សពួកនិយម និងទំនាស់ផលប្រយោជន៍នៅក្នុងស្ថាប័នសាធារណៈផងដែរ។

លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា៖ “ទោះបីជាកម្ពុជាទទួលបានពិន្ទុដដែលដូចឆ្នាំមុន ប៉ុន្តែយើងសង្កេតឃើញថារដ្ឋាភិបាលសម្រេចបាននូវលទ្ធផលពីកិច្ចខំប្រឹងប្រែងលើកំណែទម្រង់មួយចំនួនផងដែរ។ ឧទាហរណ៍៖ ការបង្កើនការប្រមូលពន្ធ និងការកាត់បន្ថយអំពើពុករលួយខ្នាតតូចក្នុងការផ្ដល់សាវាសាធារណៈសំខាន់ៗមួយចំនួនទៅដល់ប្រជាពលរដ្ឋ ដែលជាផ្នែកមួយនៃកំណែទម្រង់គួរឱ្យកត់សម្គាល់ដទៃទៀត” ។ លោកបន្ថែមថា៖ “លុះត្រាតែមានការអនុវត្តកំណែទម្រង់សំខាន់ៗ ទើបអាចផ្លាស់ប្ដូរការយល់ឃើញទៅលើអំពើពុករលួយនៅក្នុងសន្ទស្សន៍នេះបាន”

បើក្រឡេកមើលស្ថានភាពក្នុងតំបន់ ប្រទេសកម្ពុជាទទួលបានពិន្ទុទាបជាងគេបើប្រៀបធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ាន ហើយជាប្រទេសទទួលបានពិន្ទុទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ ខណៈពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់ប្រទេសកម្ពុជាឆ្នាំ២០១៧មិនមានការប្រែប្រួល ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានទទួលបានពិន្ទុប្រសើរជាងមុនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ប្រទេសព្រុយណេកើន ៤ពិន្ទុ(ពី៥៨ ទៅ៦២) ប្រទេសថៃកើន ២ពិន្ទុ(ពី៣៥ ទៅ៣៧) ប្រទេសវៀតណាមកើន ២ពិន្ទុ(ពី៣៣ ទៅ៣៥) ប្រទេសមីយ៉ាន់ម៉ាកើន ២ពិន្ទុ(ពី២៨ ទៅ៣០)។ ដោយទ្បែក ប្រទេសមួយចំនួនក៏ទទួលបានពិន្ទុទាបជាងមុន ឬរក្សានៅដដែលផងដែរ ដូចជា៖ ប្រទេសម៉ាឡេស៊ីថយ ២ពិន្ទុ(ពី៤៩ មក៤៧) ប្រទេសហ្វីលីពីនថយ ១ពិន្ទុ(ពី៣៥ មក៣៤) និងប្រទេសឡាវថយ ១ពិន្ទុ (ពី៣០ មក២៩) ចំណែកប្រទេសសឹង្ហបុរី (៨៤ពិន្ទុ) និងប្រទេសឥណ្ឌូណេស៊ី (៣៧ពិន្ទុ) រក្សាពិន្ទុនៅដដែល។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា៖“រដ្ឋាភិបាលកម្ពុជាគួរអនុវត្តកិច្ចខិតខំប្រឹងប្រែងនានាដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសហគមន៍ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនទៅលើអត្ថិភាព មូលហេតុ ភាពធ្ងន់ធ្ងរ និងការគំរាមកំហែងនានាដែលបង្កឡើងដោយអំពើពុករលួយ ដូចមានចែងក្នុង មាត្រា ១៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន”

ជាថ្មីម្តងទៀត អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលបង្កើត និងបង្កើនការអនុវត្តសកម្មភាពកំណែទម្រង់ជាប្រព័ន្ធដែលជាចំណុចអាទិភាព។ ហើយសេចក្ដីព្រាងច្បាប់ស្ដីពី ការការពារបុគ្គលរាយការណ៍ សេចក្ដីព្រាងច្បាប់ស្ដីពី ការការពារសាក្សី អ្នកជំនាញ និងជនរងគ្រោះ និងសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន គួរតែត្រូវបានអនុម័តឱ្យបានទាន់ពេលវេលា។ ការធានានូវឯករាជ្យភាពរបស់តុលាការ គឺជាគន្លឹះក្នុងការកសាងទំនុកចិត្តពីសាធារណជន និងការពង្រឹងជំនឿចិត្តពីវិនិយោគិន។ រដ្ឋាភិបាលក៏គួរតែធានានូវបរិយាកាសអំណោយផលសម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកសាងនីតិរដ្ឋ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យផងដែរ។ អង្គការតម្លាភាពកម្ពុជាប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែ-ទម្រង់សំខាន់ៗ និងដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព គណនេយ្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ដែលធ្វើចំណាត់ថ្នាក់ លេខរៀងលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈទៅតាមប្រទេស និងដែនដីនីមួយៗនៅលើសាកលលោក តាមរយៈការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមជាច្រើន ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈនៃការយល់ឃើញរបស់ធុរៈជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧ ធ្វើចំណាត់ថ្នាក់លេខរៀងចំពោះប្រទេស និងដែនដី សរុបចំនួន ១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន ១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃ និងទស្សនៈនៃការយល់ឃើញរបស់ធុរៈជន និងអ្នកជំនាញនានា។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ មានដូចជា៖

១. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០១៧-២០១៨

២. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០១៧

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៦

៤. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០១៧

៥. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៧

៦. ការស្ទង់មតិពីធុរៈជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (EOS) ឆ្នាំ២០១៧

៧. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០១៧-២០១៨

៨. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (V-Dem) ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានលម្អិតអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧ សូមចូលទៅកាន់៖ ទីនេះ

 

###

អង្គការតម្លាភាពកម្ពុជា គឺជាសាខាប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ ដែលឈរលើជំហរអព្យាក្រឹត្យ និងឯករាជ្យ ហើយឈានមុខក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អង្គការតម្លាភាពកម្ពុជាមានបេសកកម្មធ្វើការជាមួយស្ថាប័ននានា រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត និងប្រជាពលរដ្ឋទូទៅ ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព គណនេយ្យភាព និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

 

សម្រាប់សេចក្ដីថ្លែងការណ៍ព័ត៌មានជាភាសាខ្មែរ សូមចុច PRESS RELEASE_CPI 2017_KH_Final

For Frequently Asked Question, please Click CPI_2017_FAQs_EN

សម្រាប់សំណួរដែលសួរជាញឹកញាប់ សូមចុច

For presentation on Results, please Click CPI 2017-Result Presentation_ENG_Final

សំរាប់បទបង្ហាញលទ្ធផលជាភាសាខ្មែរ សូមចុច CPI 2017-Result Presentation-KH_Final

For presentation on Methodology, please Click CPI 2017-Methodology Presenation-ENG_Final

សំរាប់បទបង្ហាញវិធីសាស្រ្ត សូមចុច CPI 2017_Methodology Presentation_KH_Final

###

Transparency International Cambodia (TI Cambodia) is a National Chapter of Transparency International, a neutral and independent civil society organisation leading the fight against corruption. The organisation has a mission to work with all key stakeholders including the Government, Civil Society Organisations, Private Companies, other relevant stakeholders and citizens to promote transparency, integrity and accountability and reduce corruption in Cambodia.

 

This post is also available in: អង់​គ្លេស