Report Corruption by phone 092/069/060 57 87 87 Report Online

ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

សេចក្តីថ្លែងការណ៍រួម

អង្គការ​សង្គមស៊ីវិលកម្ពុជា​សូម​ស្នើអោយរាជរដ្ឋាភិបាល  និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន​ឱ្យបាន​​​ឆាប់ស្របតាមបទដ្ឋាន​អន្តរជាតិ និងធានាបាន​នូវ​សិទ្ធិ​សេរីភាពក្នុងការទទួល ​ព័ត៌មានក្នុងយុគសម័យឌីជីថលដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់ វិស័យ ជាពិសេសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បន្ទាប់ពីអស់រយៈពេល​ជាង​មួយ​ទសវត្សរ៍ ​ដែល​សេចក្តីព្រាង​ច្បាប់​​ដ៏សំខាន់​នេះបាន​ចាប់​ផ្តើម​​តាក់តែង​ឡើង ប្រជាជនកម្ពុជានៅតែមានកង្វល់អំពីសិទ្ធិ​របស់​​ខ្លួន​ក្នុងការទទួល ព័ត៌មាន​សាធារណៈ​នៅ​ឡើយ ​ដោយសារតែ​ អជ្ញាធរ​ទាំង​​​ថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់​នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួន ព្រម​ទាំង​កង្វះ​ធនធាន និងសមត្ថភាព​មានកម្រិត បើទោះបីជា​គោលការណ៍​អន្តរជាតិ និងជាតិអំពាវនាវឱ្យរដ្ឋបាល សាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួល​ខុស​ត្រូវ​របស់ខ្លួនក្នុងការបើកចំហ​ព័ត៌មាន​ក៏​ដោយ។

នៅក្នុងប្រទេសជឿនលឿន​ និង​ជាពិសេស​ប្រទេស​ដែលប្រាថ្នា​ចង់​ក្លាយ​ខ្លួនជា​ប្រទេសអភិវឌ្ឍន៍ ដែល​មានចំណូលមធ្យមព័ត៌មានសាធារណៈគឺជាគន្លឹះមួយនៃភាពជោគជ័យ។ សាធារណជន​ត្រូវ​ការ​ព័ត៌មាន ដើម្បីតាមដានការងាររបស់តំណាងរបស់ខ្លួននៅគ្រប់កម្រិត ហើយវិស័យឯកជន​ត្រូវការ​ព័ត៌មាន​ដើម្បី​បង្កើតយុទ្ធសាស្រ្តអាជីវកម្ម សេចក្តីព្រាងផែនការរយៈពេលវែង និងធ្វើការសម្រេចចិត្ត​ទាក់​ទង​នឹង​ការ​វិនិយោគផងដែរ។ ប្រសិនបើ មិនមានតម្លាភាព និងការទទួលបានឯកសារថវិកា​កិច្ច​សន្យាសាធារណៈ និង​ទិន្ន​ន័យ​ហិរញ្ញវត្ថុដែលរឹងមាំទេ នោះមិនមានក្រុមហ៊ុនពិតប្រាកដណាមួយទោះ ខ្នាតតូច មធ្យម ឬធំ បរទេស ឬក្នុងស្រុក នឹងវិនិយោគធនធានរបស់ខ្លួន​ដែលត្រូវការសម្រាប់ការរីកចម្រើននៃប្រទេសរបស់យើងឡើយ។

​នា​ពេលថ្មីៗនេះ រាជរដ្ឋា​ភិ​បាល​បានបើកចំហទិន្នន័យទាក់ទងគម្រោងអភិវឌ្ឍថ្នាក់ជាតិមួយចំនួន ដែល​នេះជាការចូលរួម​ចំណែកដ៏សំខាន់ក្នុងការលើក​កម្ពស់​​សិទ្ធិ​ទទួលព័ត៌មាននៅកម្ពុជា។ ​ទោះជាយ៉ាងណា​ ក៏ ដំណើរការនៃការផ្តល់និងទទួលព័ត៌មាន​សាធារណៈ​​ផ្សេងៗទៀតនៅមានកម្រិតនៅឡើយ ដែលប៉ះពាល់​ជាយ​ថា​ហេតុ​ដល់សិទ្ធិនិងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាសំខាន់ៗ​ដូចជា​គម្រោងអភិវឌ្ឍន៍ធំៗ នីតិវិធីលទ្ធកម្មសាធារណៈជាតិ ក៏ដូចជាសម្បទានដីសេដ្ឋកិច្ច របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន បញ្ហាដីធ្លី និងជម្លោះផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់លើសិទ្ធិ និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋជាច្រើន។

ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល និងយុវជនទទួលស្គាល់ការខិតខំប្រឹងប្រែង​មួយចំនួនរបស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់សិទ្ធិ​ទទួល​ព័ត៌មាន ជាពិសេសនៅថ្នាក់ក្រោមជាតិតាម​រយៈ​​កម្មវិធី​មួយចំនួន​ដូចជា អភិបាល​កិច្ចល្អ​មូលដ្ឋាន ក្របខណ្ឌគណនេយ្យភាព​សង្គម ការអភិវឌ្ឍតាម​បែបប្រជាធិប​តេយ្យ និងការិយាល័យច្រកចេញចូល​តែមួយជាដើម។ ការប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុងការចាប់​ផ្តើមដំណើរ​ការធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលព័ត៌មានទទួលបានការកោតសរសើរពី​ក្រុម​ការងារអង្គការ​សង្គមស៊ីវិល​។ ក្នុងជំនួបជាមួយអ្នក​សារព័ត៌មាន​ក្នុងស្រុកលើកទី៥ ​កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានប្តេជ្ញាចិត្តអនុម័តច្បាប់ស្តីពីការទទួលព័ត៌មានក្នុងឆ្នាំ២០២៤​ ឬយ៉ាងយូរឆ្នាំ២០២៥ ក្នុងអាណត្តិសភា លើកទី៧។

ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល បានចាប់ផ្តើមយុទ្ធនាការតាម Facebook ដើម្បីប្រមូលទស្សនៈពីសាធារណជនលើការគាំទ្រ ឬមិនគាំទ្រឲ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មានសាធារណៈពិតជាក់លាក់ដល់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥​។ ជាលទ្ធផលត្រឹម ថ្ងៃទី ០៧ ខែតុលា ២០២៥ មានប្រជាពលរដ្ឋដែលប្រើប្រាស់ Facebook បានចូលរួមចំនួន១៤៩ គណនី និង១៤៥ គណនី​(នាក់) បានគាំទ្រឲ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មានសាធារណៈពិតជាក់លាក់ ដល់ប្រជាពលរដ្ឋ។ ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល នឹងបន្តយុទ្ធនាការតាម Facebook​ និងដោយផ្ទាល់​ក្នុងឆ្នាំ ២០២៦ ដើម្បីប្រមូល      ទស្សនៈពីសាធារណជនលើការគាំទ្រ ឬមិនគាំទ្រឲ្យមានច្បាប់សិទ្ធិទទួលព័ត៌មាន ដើម្បីលើកកម្ពស់ការទទួលបានព័ត៌មានសាធារណៈពិតជាក់លាក់។

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៥ ក្រោមប្រធានបទអំពី​“ច្បាប់​ស្តីពីសិទ្ធិទទួលព័ត៌មានធានាឱ្យមានសិទ្ធិទទួលព័ត៌មានបរិស្ថាននិងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ក្នុងយុគសម័យឌីជីថល”    ​ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល សូមស្នើ​ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នូវចំណុច​ដូចខាងក្រោម​៖

  • ពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួល ព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិក្នុងឆ្នាំ ២០២៥ ​យ៉ាងយូរត្រឹមឆ្នាំ២០២៦។
  • សូមបញ្ជាក់ឱ្យ​បាន​ច្បាស់​អំពីព័ត៌មានណា​ខ្លះជាប្រភេទព័ត៌មានសម្ងាត់ ក្នុងច្បាប់ស្តីពីសិទ្ធិ​ទទួល​ ព័ត៌មាន។
  • ណែនាំក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ បើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ ជាពិសេស តម្លៃសេវាកម្ម ​នីតិវិធីក្នុងការទទួលបានសេវាសាធារណៈ និងពេលវេលាកំណត់​ដោយ​ច្បាប់នៅកម្រិត​ថ្នាក់ជាតិ ព័ត៌មានសេដ្ឋកិច្ច និងការវិនិយោគ កិច្ចសន្យា​ដីសម្បទាន​សេដ្ឋកិច្ច របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន គម្រោងអភិវឌ្ឍធំៗ គម្រោងលទ្ធ​កម្ម​សាធារណៈ​ថ្នាក់ជាតិ បញ្ហាដីធ្លី ការបណ្តេញ​ចេញដោយបង្ខំ និងវិវាទដ៏ទៃទៀត​។​
  • ពង្រឹង និងបង្កើតនូវយន្តការទាំងឡាយ​ជាពិសេសយកចិត្តទុកដាក់​លើ​ការផ្សព្វផ្សាយ​តាមប្រព័ន្ធ​ផ្សព្វផ្សាយគ្រប់ប្រភេទ​រួមទាំងប្រព័ន្ធឌីជីថល ដើម្បីធានាថា​ប្រជាពលរដ្ឋ ​​ក្រុមយុវជន ជនមានពិការភាព និងជនជាតិ ដើមភាគតិច ទទួល​បាននូវព័ត៌មានពេញលេញ​។
  • ផ្តល់កិច្ចការពារចំពោះប្រជាពលរដ្ឋគ្រប់រូបដែលបានបង្ហាញនិងចែក​ចាយនូវ​ព័ត៌មានពិតប្រាកដ ឬ ព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍​សាធារណៈ។
  • ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិទទួលព័ត៌មាន និងលើកទឹកចិត្ត​ប្រជាពលរដ្ឋ​ ជា​ពិសេស យុវជន​ឱ្យចូល​រួមក្នុងការស្វែងរកព័ត៌មានសាធារណៈទាំងឡាយដែល​ពាក់​ព័ន្ធ​នឹង ជីវភាព​រស់ នៅប្រចាំថ្ងៃ។
  • បង្កើតឱ្យមានបរិយាកាសកាន់តែប្រសើរឡើង សម្រាប់ការចូលរួម​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​យុវជនក្នុង​ដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា។

ថ្ងៃ​ពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់​ សប្តស័ក ព.ស ២៥៦៩

រាជធានីភ្នំពេញ ថ្ងៃទី​​០៨ ខែតុលា ឆ្នាំ២០២៥
ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ឡាំ សុជាតិ
នាយកប្រតិបត្តិ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
តំណាងក្រុមការងារសិទ្ធិទទួលព័ត៌មាន នៃអង្គការសង្គមស៊ីវិល(A2IWG) ចំនួន ១៨  
ទូរសព្ទ៖ ០១២ ៧១៨ ៦១១

ទាញយកសេចក្តីថ្លែងការណ៍រួម

This post is also available in: អង់​គ្លេស