Report Corruption by phone 092/069/060 57 87 87 Report Online

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ – សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនាថ្ងៃនេះ ដែលប្រទេសកម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុអតិបរិមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥៧។ ជារួម ពិន្ទុរបស់កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ពី២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២។ ទោះបីជាការកើនឡើងពិន្ទុនេះអាចត្រូវបានមើលឃើញថាជាការវិវឌ្ឍល្អក៏ដោយ ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលបង្ហាញថាមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស។

លទ្ធផលសន្ទស្សន៍CPIឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេទី២ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទាបជាងគេទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច គឺនៅលើតែប្រទេសមីយ៉ាន់ម៉ា(ចំណាត់ថ្នាក់ទី១៥៧) និងកូរ៉េខាងជើង(ចំណាត់ថ្នាក់ទី១៧១)ប៉ុណ្ណោះ។ លទ្ធផលពិន្ទុរបស់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន គឺមានភាពចម្រុះ ដោយពិន្ទុរបស់ប្រទេសមួយចំនួនមានការធ្លាក់ចុះ។ ប្រទេសមីយ៉ាន់ម៉ាមានការធ្លាក់ចុះពិន្ទុខ្លាំងជាងគេ ពោលគឺថយចុះ ៥ពិន្ទុ បើប្រៀបធៀបទៅឆ្នាំមុន(ពី ២៨ ដល់ ២៣)។ នេះបានន័យថាមីយ៉ាន់ម៉ាឥឡូវនេះត្រូវបានមើលឃើញថាជាប្រទេសពុករលួយបំផុតនៅអាស៊ីអាគ្នេយ៍។ ទោះបីពិន្ទុរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះចំនួន ២ពិន្ទុ ធៀបទៅនឹង ឆ្នាំ២០២០(ពី ៨៥ ដល់ ៨៣) ក៏ប្រទេសនេះនៅតែបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសស្អាតស្អំបំផុតទាំង៥លើ​សកលលោក។ ប្រទេសផ្សេងទៀតដែលទទួលបានពិន្ទុទាបជាងឆ្នាំមុន រួមមាន៖ ឥណ្ឌូណេស៊ី(ធ្លាក់ចុះពី ៣៨ ដល់ ៣៤) និងម៉ាឡេស៊ី (៤៨ ដល់ ៤៧)។ ប្រទេសនៅក្នុងតំបន់ដែលមានភាពល្អប្រសើរជាងឆ្នាំមុន មានដូចជា៖ វៀតណាម (កើនឡើងពី ៣៩ ដល់ ៤២) ថៃ(៣៥ ដល់ ៣៦) និងឡាវ(៣០ ដល់ ៣១)។ មានតែប្រទេសហ្វីលីពីនប៉ុណ្ណោះ ដែលរក្សាពិន្ទុដដែល (៣៣)។

យោងតាមការវិភាគបន្ថែមរបស់អង្គការតម្លាភាពកម្ពុជាទៅលើប្រភពទិន្នន័យទាំង៨ ដែលត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយរបស់កម្ពុជាបង្ហាញថា ការកើនឡើងពិន្ទុបន្តិចបន្តួចក្នុងឆ្នាំនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្តារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច លើកកម្ពស់សេវាសាធារណៈ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសតម្លាភាពសារពើពន្ធ និងការកៀរគរធនធាន។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អប្រសើរគួរឱ្យកត់សម្គាល់នោះ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ សម្រាប់ប្រទេសកម្ពុជា៖ “យើងសូមសរសើររដ្ឋាភិបាលកម្ពុជាចំពោះសមិទ្ធិផលជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យមានការថយចុះជាលំដាប់នូវអំពើពុករលួយខ្នាតតូច។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេក្នុងចំណោមសមិទ្ធិទាំងនោះ គឺកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគំនិតផ្តួចផ្តើមចំពោះការផ្តល់សេវាច្រកចេញចូលតែមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការកៀរគរ​ចំណូល ការគ្រប់គ្រងសារពើពន្ធ និងការផ្តល់សេវាសាធារណៈនៅក្នុងប្រទេស” ។ លោកបានបន្តថា៖ “យ៉ាងណាក៏ដោយ យើងក៏ជឿផងដែរថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ប្រសិនបើគ្មានកំណែទម្រង់ទាំងនេះទេ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនឹងពុំមានប្រសិទ្ធភាព និងមិនមាននិរន្តរភាព ដោយសារតែកង្វះខាតការត្រួតពិនិត្យនិងគណនេយ្យភាពដែលចាំបាច់ ដើម្បីធានាថាថវិកាឬមូលនិធិសាធារណៈត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។ បន្ថែមលើសពីនេះ មានតែឆន្ទៈ និងការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មុះមុតដើម្បីកំណែទម្រង់នីតិរដ្ឋប៉ុណ្ណោះ ទើបអាចកាត់បន្ថយអំពើពុករលួយខ្នាតធំ ដែលនៅតែកើតមាន និងជាផលវិបាកធំបំផុតនៅក្នុងប្រទេសកម្ពុជា”

ក្នុងកម្រិតពិភពលោក សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)បង្ហាញថា ប្រទេសភាគច្រើនមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះក្នុងការដោះស្រាយបញ្ហាអំពើពុករលួយក្នុងរយៈពេលជាងមួយ​ទសវត្សរ៍នេះ ហើយប្រទេសប្រមាណច្រើនជាងពីរភាគបី(២/៣)ទទួលបានពិន្ទុតិចជាង ៥០ លើពិន្ទុអតិបរិមា ១០០។ ទោះបីជាកិច្ចប្រជុំកិច្ចការទូតជាច្រើនក្នុងកម្រិតតំបន់នៅឆ្នាំ២០២២បានលើកឡើងអំពីឱកាសផ្សេងៗ បណ្ដាប្រទេសក្នុងតំបន់អាស៊ីបន្តផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ដោយមិនបានយកចិត្តទុកដាក់លើអាទិភាពផ្សេងទៀត រួមទាំងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ។ តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងទទួលបានពិន្ទុកាន់តែទាប គឺជាមធ្យម ៣៨ ពិន្ទុ  ដោយសាររបបអត្តាធិបតេយ្យរាប់ទសវត្សរ៍–ដែលនៅតែបន្តគ្រប់គ្រងប្រទេសបើទោះបីជាមានចលនាតវ៉ារបស់ប្រជាជន បាននាំឱ្យមានភាពចលាចលរីករាលដាល និងការប៉ះទង្គិចដោយហិង្សា ដោយសារតែប្រជាពលរដ្ឋទាមទារសិទ្ធិសេរីភាព និងការយកចិត្តទុកដាក់លើមតិយោបល់របស់ពួកគេ។ នៅអនុតំបន់សាហារ៉ា(អាហ្វ្រិច) ប្រទេសចំនួន ៤៤ ក្នុងចំណោម​​៤៩ប្រទេសដែលត្រូវបានវាយតម្លៃ គឺនៅតែទទួលបានពិន្ទុតិចជាង៥០។ ការកើនឡើងពិន្ទុរបស់ប្រទេសមួយចំនួនតូច ត្រូវបានលុបពីលើដោយសារការធ្លាក់ចុះខ្លាំងនៃពិន្ទុរបស់ប្រទេសផ្សេងទៀត។ ជាងថ្មីម្តងទៀត អឺរ៉ុបខាងលិច និងសហភាពអឺរ៉ុប គឺជាតំបន់ដែលទទួលបានពិន្ទុសន្ទស្សន៍CPIខ្ពស់ជាងគេ។ យ៉ាងណាក៏ដោយ ការវិវឌ្ឍរបស់ប្រទេសច្រើនជាងពាក់​កណ្ដាលក្នុងតំបន់នេះគឺមានសភាពនៅទ្រឹង អស់រយៈពេលជាងមួយទសវត្សរ៍ហើយ។ ទ្វីបអាមេរិកទទួលបានពិន្ទុជាមធ្យម​ចំនួន ៤៣ លើពិន្ទុអតិបរិមា ១០០ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នានេះ។ កង្វះសកម្មភាពម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងអំពើ​ពុករលួយ និងពង្រឹងស្ថាប័នសាធារណៈ កំពុងជំរុញឱ្យកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយគំរាមកំហែងដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកប​ដោយចីរភាព(SDGs) និងបង្កឱ្យមានអំពើហិង្សា ការបំផ្លាញបរិស្ថាន និងការចំណាកស្រុកពាសពេញសកលលោក។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៨មក សន្តិភាពពិភពលោកកាន់តែមានភាពយ៉ាប់យ៉ឺន ហើយអំពើពុករលួយគឺជាមូលហេតុ និងលទ្ធផលសំខាន់នៃបញ្ហានេះ។ អំពើពុករលួយធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើរដ្ឋាភិបាល និងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការការពារសាធារណជន ដែលនាំឱ្យមានកើនឡើងនូវការគំរាមកំហែងផ្នែកសន្តិសុខដែលកាន់តែពិបាកគ្រប់គ្រង។ ម្យ៉ាងវិញទៀត ជម្លោះគឺបង្កើតឱកាសឱ្យមានអំពើពុករលួយ និងធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយវា។

លោកស្រី Delia Ferreira Rubio ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពអន្តរជាតិមានប្រសាសន៍ថា៖ “មេដឹកនាំអាចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយលើកកម្ពស់សន្តិភាពបានក្នុងពេលតែមួយ។ រដ្ឋាភិបាលត្រូវតែបើកទូលាយនូវឱកាសឱ្យសាធារណជនចូលរួមក្នុងការសម្រេចចិត្ត រាប់ចាប់ពីសកម្មជន និងម្ចាស់អាជីវកម្ម ដល់សហគមន៍ដែលមិនសូវត្រូវបានយកចិត្តទុកដាក់ និងពលរដ្ឋវ័យក្មេង។ ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាជនអាចបញ្ចេញមតិដើម្បីជួយបំបាត់នៅអំពើពុករលួយ និងទាមទារអោយសង្គមមានសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នា”

ជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយអំពើពុករលួយ អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនរបៀបវារៈកំណែទម្រង់តាមរយៈការ៖

  1. ផ្ដន្ទាទោសលើការប្រព្រឹត្តអំពើ និងបទល្មើសពុករលួយទាំងទ្រង់ទ្រាយធំនិងតូច ព្រមទាំងធានាថាអំពើពុករលួយគឺជាហានិភ័យខ្ពស់ និងមានផលចំណេញទាប តាមរយៈការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយប្រកប​ដោយប្រសិទ្ធភាព។
  2. គោរពសិទ្ធិចាំបាច់ដើម្បីធ្វើឱ្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាចមានការទទួលខុសត្រូវ។ រដ្ឋាភិបាលគួរបញ្ចប់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ ហើយធានាថាយុត្តិធម៌ចំពោះបទល្មើសប្រឆាំងអ្នកការពារសិទ្ធិមនុស្សត្រូវតែជាកិច្ចការអាទិភាពបំផុត។
  3. ស្ដារ និងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាច។ ស្ថាប័នសាធារណៈដែលទទួលបន្ទុកជាអ្នកត្រួតពិនិត្យមានដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័នសវនកម្ម ត្រូវតែមានឯករាជ្យភាព មានធនធានគ្រប់គ្រាន់ និងត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីស្វែងរក និងផ្ដន្ទាទោសចំពោះអំពើខុសឆ្គង។ រដ្ឋសភា និងតុលាការត្រូវតែមានឯករាជ្យភាព និងអាចទប់ស្កាត់ការបំពានហួសដែនសមត្ថកិច្ចរបស់អង្គនីតិប្រតិបត្តិ។ ដើម្បី​ឱ្យមានការត្រួតពិនិត្យអំណាចប្រកបដោយប្រសិទ្ធភាព វាជារឿងចាំបាច់ដែលកម្ពុជាត្រូវធានានូវសុចរិតភាពខ្ពស់​បំផុតនៅក្នុងការបោះឆ្នោត និងបរិយាកាសអំណោយផលសម្រាប់ប្រជាពលរដ្ឋ សកម្មជននយោបាយ អ្នកសារព័ត៌មាន និងអាជីវកម្មទាំងអស់ក្នុងការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគេពេញលេញដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
  4. ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការ​អនុវត្តតាមគោលការណ៍អន្តរជាតិ ដែលរួមមាន៖ ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពីការប្រឆាំង​អំពើពុករលួយ ជាពិសេសមាត្រាដែលពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងការបរិហារបង្កាច់កេរ្តិ៍ ឬការរាយការណ៍មិនពិត និងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ សាក្សី អ្នកជំនាញ និងជនរងគ្រោះ ហើយនិងសេចក្ដីព្រាងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីសាធារណៈ។
  5. អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិ និងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋដឹងថាតើថវិកាសាធារណៈត្រូវបានចំណាយលើអ្វីខ្លះ ធនធានរដ្ឋត្រូវបានបែងចែកយ៉ាងដូចម្ដេច ហើយបង្កឱ្យមានការបើកចំហចំពោះការត្រួតពិនិត្យពីអ្នកសារព័ត៌មាន និងសង្គមស៊ីវិល។ ក្នុងករណីព័ត៌មានសម្ងាត់ ត្រូវតែមានគោលការណ៍ណែនាំយ៉ាងម៉ត់ចត់ និងច្បាស់លាស់សម្រាប់ការរក្សាទុកព័ត៌មានទាំងនោះ រួមទាំងក្នុងវិស័យការពារជាតិផងដែរ។
  6. ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព។

អង្គការតម្លាភាពកម្ពុជាប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយអនុវត្តកំណែទម្រង់សំខាន់ៗដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋឱ្យកាន់តែប្រសើរនៅក្នុងប្រទេស។

###

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ គឺជាសន្ទស្សន៍ឈានមុខ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីវាយតម្លៃចំណាត់ថ្នាក់ប្រទេស និងដែនដីនានានៅលើសកលលោក ដោយផ្អែកលើការយល់ឃើញអំពីទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈរបស់ប្រទេសទាំងនោះ ជាមួយការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍CPIត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមផ្សេងៗ ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ធុរជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ផ្ដល់ចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុប១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន១៣ទិន្នន័យ។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍CPI មានដូចជា៖

១. ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២១

២. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២២

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០២១

៤. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០២២

៥. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២២

៦. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២២

៧. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២២​

៨. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០២១​។

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ គឺជាសន្ទស្សន៍ឈានមុខ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីវាយតម្លៃចំណាត់ថ្នាក់ប្រទេស និងដែនដីនានានៅលើសកលលោក ដោយផ្អែកលើការយល់ឃើញអំពីទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈរបស់ប្រទេសទាំងនោះ ជាមួយការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍CPIត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមផ្សេងៗ ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ធុរជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២២ ផ្ដល់ចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុប១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន១៣ទិន្នន័យ។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍CPI មានដូចជា៖

១. ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២១

២. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២២

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០២១

៤. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០២២

៥. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២២

៦. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២២

៧. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២២​

៨. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០២១​។

សម្រាប់ព័ត៌មានលម្អិតអំពីលទ្ធផល និងប្រភពទិន្នន័យដែលពាក់ព័ន្ធ សូមចូលទៅកាន់៖ www.transparency.org និង www.ticambodia.org/cpi2022

###

អង្គការតម្លាភាពអន្តរជាតិ គឺអង្គការសង្គមស៊ីវិលដែលឈានមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

  • លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា

ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០, piseypech@ticambodia.org

ទាញយកសេចក្តីថ្លែងការណ៍ព័ត៌មាន

ទាញយកបទបង្ហាញអំពីពិន្ទុកម្ពុជា

ទាញយកបទបង្ហាញវិធីសាស្ត្រស្រាវជ្រាវ

ទាញយកវិធីសាស្ត្រសង្ខប

ទាញយកវិធីសាស្ត្របច្ចេកទេស

ទាញយកសំណួរដែលសួរជាញឹកញាប់

This post is also available in: អង់​គ្លេស