អង្គការតម្លាភាពកម្ពុជា បានលើកទឹកចិត្តខ្ញំុអោយលើកទឹកចិត្តអ្នកដទៃ

ភា ឌីស្កូ គឺជានិស្សិតឆ្នាំទីបួន ដែលមានអាយុ ២០ ឆ្នាំនៅក្នុងសកលវិទ្យាល័យបាត់ដំបង ។ ឌីស្កូ បានចូលរួមក្នុងព្រឹត្តិការណ៍របស់អង្គការតម្លាភាពកម្ពុជាជាលើកដំបូងដើម្បីអបអរទិវាប្រឆាំងអំពើពុករលួយជាតិនិងអន្ដរជាតិនៅក្នុង ខែធ្នូ ឆ្នាំ២០១៣ ។ សម្រាប់រូបគាត់ផ្ទាល់ ចំនុចដែលមានឥទ្ធិពលមួយក្នុងចំនោមចំនុចដែលគាត់ទទួលបានពីការចូលរួមក្នុងកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា គឺរូបគាត់បានផ្លាស់ប្តូរគំនិត និងមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអភិវឌ្ឍប្រទេស ដែលជាលទ្ធផលបានជំរុញអោយគាត់ទៅចូលរួមសកម្មភាព និងកម្មវិធីនានារបស់អង្គការតម្លាភាពកម្ពុជា ដើម្បីលើកកម្ពស់សុចរិតភាព អភិបាលកិច្ចល្អ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

តាមរយៈកម្មវិធីរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ឌីស្កូបានរៀនសូត្រច្រើនពីការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ។ គាត់បានពន្យល់ថា «ដំបូងខ្ញុំបានរៀនពីតើអ្វីទៅជាអំពើពុករលួយ ។ ខ្ញុំបានរៀនអំពីប្រភេទផ្សេងៗគ្នានៃអំពើពុករលួយ និងទម្រង់របស់វា ។ ខ្ញុំក៏បានរៀនអំពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយផងដែរ» ។ ចំណេះដឹងដែលទទួលបាន បានផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់ឌីស្កូចំពោះអំពើពុករលួយ ។ គាត់បាននិយាយថា «ការផ្លាស់ប្តូរសំខាន់បំផុតនោះ គឺថាខ្ញុំហ៊ានបញ្ចេញទស្សនៈរបស់ខ្ញុំ និងចូលរួមធ្វើសកម្មភាពដើម្បីលើកកម្ពស់សុចរិត និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា» ។ ហេតុផល ឌីស្កូបានផ្តួចផ្តើម និងអនុវត្តគម្រោង និងសកម្មភាពជាច្រើនដែលរូបគាត់បានគិតថានឹងអាចជួយលើកកម្ពស់សុចរិតភាពនៅក្នុងសង្គម ។

គម្រោងដំបូងបំផុតដែលរូបគាត់ និងមិត្តភក្តិរបស់គាត់បានរៀបចំ និងបានអនុវត្តដោយជោគជ័យ គឺជាគម្រោងមួយដែលមានគោលដៅពង្រឹងអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយនៅក្នុង ឃុំភ្នំសំពៅ ខេត្តបាត់ដំបង ។ គម្រោងនេះមានសកម្មភាពចម្បងបី ។ សកម្មភាពចម្បងទីមួយ គឺយុទ្ធនាការជិះកង់មួយ ដែលមានការចូលររួមពីយុវជនប្រមាណ ៣០ រូប រួមជាមួយនឹងគោលបំណងក្នុងការផ្សព្វផ្សាយអំពីអំពើពុករលួយទៅដល់ប្រជាជនក្នុងឃុំ ព្រមទាំងពិភាក្សាអំពីបញ្ហា និងតម្រូវការរបស់ពួកគាត់ និងយករឿងទាំងនេះទៅក្រុមប្រឹក្សាឃុំសង្កាត់ ។ សកម្មភាពទីពីរ ពាក់ព័ន្ធនឹងការចែកចាយខិត្តប័ណ្ណប្រឆាំងអំពើពុករលួយ និងច្បាប់ចម្លងនៃថ្លៃសេវាសាធារណៈនៅក្នុងឃុំ ។ សកម្មភាពទីបី គឺការត្រួតពិនិត្យលើការធ្វើផែនការ និងការអនុវត្តន៍នៃផែនការអភិវឌ្ឍសហគមន៍។ លទ្ធផលដែលទទួលបានពីគម្រោងទាំងមូល មានដូចជា ប្រជាពលរដ្ឋបានចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហា និងតម្រូវការរបស់ពួកគេយ់ាងសកម្ម ។ ខិត្តប័ណ្ណអំពីថ្លៃសេវាសាធារណៈ ត្រូវបានដាក់បង្ហាញជាសាធារណៈ និងកិច្ចប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានធ្វើឡើងជាទៀងទាត់។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលសុខភាពសាធារណៈក្នុងឃុំ បានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋជាងមុន ។

សមិទ្ធិផលសំខាន់មួយផ្សេងទៀតរបស់ឌីស្កូ គឺការទទួលបានជោគជ័យក្នុងការចែកចាយកាតប្រឆាំងអំពើពុករលួយរបស់អង្គការតម្លាភាពកម្ពុជា ។ ឌីស្កូ និងក្រុមរបស់គាត់បានជំរុញអោយក្រុមហ៊ុន និងសាលារៀនឯកជនចំនួន ២៨ ចូលរួមកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រកាតប្រឆាំងនឹងអំពើពុករលួយនេះ។គាត់បានដើរតួនាទីឈានមុខក្នុងការចែកចាយកាតទៅដល់យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០០ នាក់ នៅ ខេត្តបាត់ដំបង។ លើសពីនេះទៀត ឌីស្កូ និងក្រុមរបស់គាត់ បានរៀបចំសិក្ខាសាលាមួយស្តីពីអំពើពុករលួយ និងអភិបាលកិច្ចល្អ ប្រកបដោយជោគជ័យដោយមាននិស្សិតរាប់រយនាក់ចូលរួម។

បន្ថែមពីលើនេះទៀត ដោយការពេញចិត្តលើគម្រោងរបស់ឌីស្កូ និងការជឿលើសមត្ថភាពរបស់គាត់ សាលារៀននិងក្រុមហ៊ុនឯកជនមួយចំនួន បានឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់គាត់ដើម្បីរៀបចំសិក្ខាសាលាក្នុងការលើកកម្ពស់ការយល់របស់និស្សិតនៅសាកលវិទ្យាល័យអំពីការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ ។ អ្វីដែលធ្វើអោយឌីស្កូមានអារម្មណ៍មោទនភាព គឺសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបងជាច្រើន បានព្រមព្រៀងក្នុងការផ្តល់នូវការបញ្ចុះតម្លៃលើថ្លៃសិក្សាដល់សិស្សនិស្សិតដែលមានកាតប្រឆាំងនឹងអំពើពុករលួយ ។ ជាលទ្ធផល សិស្សនិស្សិតជាច្រើន បានទទួលអត្ថប្រយោជន៍ជាច្រើនពីកាតប្រឆាំងអំពើពុករលួយ ។ ឌីស្កូ ក៏បានចូលរួមនៅក្នុងការសរសេរអត្ថបទដើម្បីពង្រឹងអភិបាលកិច្ចល្អនៅកម្ពុជាផងដែរ។

នេះគឺជាអ្វីដែលបានកើតឡើងបន្ទាប់ពីឌីស្កូបានយល់ពីតួនាទីនិងសក្តានុពលនៃការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍប្រទេស ។ ដូចដែលរូបគាត់បាននិយាយថា «យុវជនមានតួនាទីក្នុងការអភិវឌ្ឍសង្គម ។ ការផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្ញុំទាក់ទងទៅនឹងអំពើពុករលួយ គឺជារឿងល្អបំផុតដែលបានកើតឡើងចំពោះខ្ញុំ ។»

This post is also available in: អង់​គ្លេស

Leave a Reply