សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”

រាជធានីភ្នំពេញ​ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ២០២០

ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ អំពើពុករលួយត្រូវបានគេសន្មត់ថា ជា ឧបសគ្គដ៏ធំមួយក្នុងការប្រយុទ្ធនឹងបញ្ហាជំងឺរាតត្បាតសកលនេះ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នអាចសម្រេចទៅបាន លុះត្រាតែមានធាតុផ្សំសុចរិតភាព និងគណនេយ្យភាព។ នៅថ្ងៃនេះ អង្គការតម្លាភាព​កម្ពុជា មានសេចក្តីសោមនស្សក្នុងការចូលរួមអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ ក្នុងចលនា​ជាសកល ក្រោមប្រធានបទ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”

ក្នុងឱកាសអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ អង្គការតម្លាភាពកម្ពុជាបានរៀបចំ​កិច្ចពិភាក្សាទៅលើប្រធានបទធំៗចំនួនពីរ៖ សុចរិតភាពធុរកិច្ចក្នុងអំឡុងពេលជំងឺកូវីដ-១៩ និង ការចូលរួមរបស់​ប្រជាពលរដ្ឋ និងយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។

អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការផ្អាក ឬបញ្ឈប់ប្រតិបត្តិការ ក្នុងអំឡុងពេលនៃការជាប់គាំងចរន្ត​សេដ្ឋកិច្ច​នៅក្នុង និងក្រៅប្រទេសដោយសារតែបញ្ហាជំងឺកូវីដ-១៩ និងការយាយីពីអំពើពុករលួយ។ តួយ៉ាង សហគ្រាស​ធុនតូចនិងមធ្យមដែលពុំសូវមានធនធានដើម្បីទប់ទល់ ដោះស្រាយ និងសម្របខ្លួនទៅនឹងវិបត្តិសេដ្ឋកិច្ច ​គឺមានភាព​ងាយរងគ្រោះ ក៏ដូចជាប្រឈមមុខនឹងអំពើពុករលួយតាមទម្រង់ផ្សេងៗ ដូចជាការប្រកួតប្រជែងមិនស្មើភាព ការធ្វើ​លទ្ធកម្ម​បែបបក្សពួកនិយម និងការគេចវេសកាតព្វកិច្ចច្បាប់ជាដើម ដែលបង្ហាញពីតម្រូវការដ៏ចាំបាច់​ក្នុងការលើក​កម្ពស់សុចរិតភាពក្នុងវិស័យធុរកិច្ច និងបរិយាកាសអាជីវកម្មត្រឹមត្រូវ និងមានតម្លាភាពដើម្បីបង្កើតលក្ខណៈប្រកួត​ប្រជែងដោយយុត្តិធម៌សម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទ។

សម្រាប់ប្រជាជនវ័យក្មេង ជាពិសេសក្រុមយុវជនដែលងាយរងគ្រោះ វិបត្តិជំងឺកូវីដ-១៩បានបង្កហានិភ័យគួរ​ឱ្យកត់សម្គាល់ទៅលើការអប់រំ ការងារ សុខភាពរាងកាយ និងផ្លូវចិត្ត អាហាររូបត្ថម្ភ និងប្រាក់ចំណូលរបស់ពួកគេជាដើម នេះបើតាមការសិក្សានាពេលថ្មីៗនេះរបស់អង្គការOECD លើប្រធានបទ យុវជន និងជំងឺកូវីដ-១៩។ វិសមភាព ដូចជា​ការបាត់បង់ឱកាស និងការមិនសូវទទួលបានឱកាស គឺជាបញ្ហាចម្បងមួយសម្រាប់យុវជនកម្ពុជា។ យោងតាមអង្គការ​យូនីសេហ្វកម្ពុជា ដោយសារជំងឺកូវីដ-១៩ កុមារ និងយុវជននៅប្រទេសកម្ពុជាប្រមាណជាង ៣លាននាក់ បានរងផល​ប៉ះពាល់ពីការបិទសាលារៀន ហើយនេះបានប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជន ជាពិសេសចំពោះអ្នកដែលរស់នៅតាមទីជនបទ។ ដើម្បីដោះស្រាយបញ្ហាវិសមភាពនេះ រដ្ឋាភិបាលចាំបាច់អនុវត្តយន្តការ​អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងមានប្រសិទ្ធភាព ដោយផ្ដោតលើតម្លាភាព និងសុចរិតភាពជាធាតុ​ស្នូល។ ហើយការចូលរួមរបស់យុវជនក្នុងការឃ្លាំមើល និងទាមទារឱ្យសង្គមមួយគ្មានអំពើពុករលួយ គឺជាការចាំបាច់ និងគួរតែ​ត្រូវបានលើកទឹកចិត្តដោយអាជ្ញាធរ។

ដោយសារគណនេយ្យភាព និងតម្លាភាព គឺជាគោលការណ៍សំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំង​នឹងអំពើពុករលួយ និងជាមូលដ្ឋានគ្រឹះក្នុងការយកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព អង្គការតម្លាភាពកម្ពុជា​សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជាបន្តកិច្ចខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ខណៈដែលមិនបន្ធូរដៃក្នុងការទប់ស្កាត់អំពើពុករលួយ  ដើម្បីធានានូវសមភាពសង្គមកាន់តែប្រសើរ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ “វិបត្តិជំងឺកូវីដ-១៩បាន និងកំពុង ធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតជុំវិញពិភពលោកមានហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងអំពើពុករលួយ និង ការបំពាននីតិរដ្ឋ។ តួយ៉ាង មន្ត្រីសាធារណៈ និងអ្នកជំនួញមួយចំនួនតូចឆ្លៀតឱកាសនេះប្រព្រឹត្តអំពើពុករលួយតាម​រូបភាពផ្សេងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមរបស់ខ្លួន។ នេះក៏ដោយសារតែមនុស្សភាគច្រើនបានបង្វែរការយក​ចិត្តទុកដាក់​មកលើវិបត្តិជំងឺកូវីដ-១៩ ជាហេតុធ្វើឱ្យការអនុវត្តយន្តការអភិបាលកិច្ចរបស់រដ្ឋ ឬក្រុមហ៊ុនអាជីវកម្មមាន​ចន្លោះ​ប្រហោង​ថែមមួយកម្រិតទៀត ស្របពេលដែលការចូលរួមពីសាធារណជន និងភាគីពាក់ព័ន្ធក្នុងការតាមដានលើ​បញ្ហានេះក៏មាន​ភាពចុះខ្សោយផងដែរ”។ លោក ប៉ិច ពិសី បន្តថា៖ “ការផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរបស់​រដ្ឋាភិបាលកាន់តែ​ទូលំទូលាយ ការផ្ដល់ឱកាស និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋទូទៅ និង យុវជនក្នុងការ​ចូលរួមដំណើការធ្វើសេចក្ដីសម្រេចចិត្ត និងតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ នឹងជួយឱ្យ​រដ្ឋាភិបាលយកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”៕

###

អង្គការតម្លាភាពអន្តរជាតិ គឺជាអង្គការសង្គមស៊ីវិលឈានមុខក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ទាញយកសេចក្ដីថ្លែងការណ៍ព័ត៌មានទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០

This post is also available in: អង់​គ្លេស