Report Corruption by phone 1292 or 7777 or Report Online

អំពីក្រុមការងារ

លោក ប៉ិច ពិសី
នាយកប្រតិបត្តិ
piseypech@ticambodia.org

លោក ប៉ិច ពិសី បានចូលរួមជាមួយក្រុមការងារ នៅខែមិថុនា ឆ្នាំ២០១២។ លោក ពិសី មានជំនាញគ្រប់គ្រង និងបទពិសោធន៍ជាច្រើនផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ក៏ដូចជាផ្នែកការងារលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គោលនយោបាយជាតិ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពជំនួយ ដែលជំនាញ និងបទពិសោធន៍ទាំងនេះ លោកទទួលបានពីការបម្រើការងារនៅក្នុងវិស័យអភិវឌ្ឍន៍ អស់រយៈពេលជាង១៣ឆ្នាំ ជាមួយនឹងស្ថាប័ននានាដូចជា៖ អង្គការ ឃែរអន្តរជាតិប្រចាំកម្ពុជា (CARE International) សមាគម Haringey សម្រាប់ការងារស្ម័គ្រចិត្ត និងសហគមន៍ (HAVCO) នៅទីក្រុងឡុងដ៍ អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការ BBC Media Action។ លោក ពិសី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសាកលភាវូបនីយកម្ម ការអភិវឌ្ឍ និងអន្តរកាលពីសាកលវិទ្យាល័យ Westminster នៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា។

លោក ស៊ុន ឡុង
នាយកប្រតិបត្តិការជាន់ខ្ពស់
longsun@ticambodia.org

លោក ស៊ុន ឡុង បានចូលរួមក្រុមជាមួយក្រុមការងារនាខែកក្កដា ឆ្នាំ២០១២។ ស្ទើរតែ២៣ឆ្នាំ នៅក្នុងជីវិតការងាររបស់លោក លោក ឡុង បានបម្រើការងារនៅអង្គការអន្តរជាតិជាច្រើនដូចជា៖ អង្គការ DanChurchAid/ ChristianAid (DCA/CA) តួនាទីជាប្រធានសម្របសម្រួលផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងធនធានមនុស្ស អង្គការAcademy for Educational Development (AED) តួនាទីជាប្រធានគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ អង្គការ Pharmaciens Sans Frontieres (PSF) តួនាទីជាមន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាលនៅវិទ្យាស្ថាន Institute to Serve Facilitators of Development (VBNK) តួនាទីជាប្រធានគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៅអង្គការ Services for the Health in Asian and African Regions (SHARE) តួនាទីជាមន្ត្រីផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និងអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ “អ៊ុនតាក់” (UNTAC) តួនាទីជាអ្នកបកប្រែភាសាខ្មែរ-អង់គ្លេស។ អំឡុងពេលនោះ លោក ឡុង បានរៀនសូត្រក៏ដូចជាបានចែករំណែកចំណេះដឹង និងជំនាញរបស់លោកនៅក្នុងស្ថាប័ន ដៃគូការងារ សហការរី ដែលលោកបានបំពេញការងារជាមួយ។ ជំនាញ បទពិសោធន៍ និងអាជីពការងាររបស់លោកមានដូចជា៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងគោលនយោបាយនានារបស់អង្គការ ការគ្រប់គ្រងបុគ្គលិក និងការកសាងសមត្ថភាព ការគ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស រដ្ឋបាល លទ្ធកម្ម ភស្ដុភា និងការិយាល័យ។ លោក ឡុង ត្រូវបានតែងតាំងជាអ្នកតំណាងយុវជនកម្ពុជាក្នុងសន្និសិទអន្តរជាតិស្ដីពីមនុស្ស និងការអភិវឌ្ឍ (ICPD+5) នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ នៅឆ្នាំ១៩៩៩ ដោយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) និងមូលនិធិប្រជាជនពិភពលោក(WPF)។ លោក ឡុង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Australia’s Charles Sturt បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យPreston និងសញ្ញាបត្រផ្នែកគណនេយ្យពីមហាវិទ្យាល័យ Region College។ បន្ថែមពីនេះទៀត លោកធ្លាប់បានចូលរួម និងរៀបចំកម្មវិធីសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល វេទិកាសាធារណៈជាច្រើននៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ី និងអឺរ៉ុបផងដែរ។

លោក សៀង ម៉េងអូន
ប្រធានគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្សជាន់ខ្ពស់
mengaunseang@ticambodia.org 

លោក សៀង ម៉េងអូន បានចូលរួមជាមួយក្រុមការងារនៅខែកក្កដា ឆ្នាំ២០១២។ លោក ម៉េងអូន បានបម្រើការងារនៅអង្គការក្នុងស្រុក និងអង្គការអន្តរជាតិប្រចាំកម្ពុជារយៈពេលជិត ១៦ឆ្នាំ។ លោក ទទួលបាននូវបទពិសោធន៍ ចំណេះដឹង និងជំនាញយ៉ាងច្បាស់លាស់ផ្នែករដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស។ លោកធ្លាប់បម្រើការងារជាជំនួយការប្រធានគ្រប់គ្រងការិយាល័យប្រចាំតំបន់នៃវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស (CIHR) ជំនួយការរដ្ឋបាល និងសម្ភារៈនៃអង្គការ Lutheran World Federation (LWF) ជំនួយការរដ្ឋបាលនៃអង្កការផេកកម្ពុជា (Pact Cambodia) ហើយលោកត្រូវបានដំឡើងតំណែងបន្តបន្ទាប់ជាជំនួយការជាន់ខ្ពស់ផ្នែករដ្ឋបាល មន្ត្រីរដ្ឋបាល មន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាល និងធនធានមនុស្ស។ បន្ទាប់មក លោកបានបម្រើការនៅគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ជាប្រធានគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្ស។ លោក ម៉េងអូន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលពាណិជ្ជកម្មជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យបៀលប្រាយ នៅឆ្នាំ២០០៨ និងបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។

លោក សៅ ធី
មន្ត្រីព័ត៌មានវិទ្យា
sthy@ticambodia.org

លោក សៅ ធី បានចូលរួមក្រុមការងារនាខែមិថុនា ឆ្នាំ២០១៩។ លោកធី មានជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាន័រតុនក្នុង ឆ្នាំ២០១៤។ គាត់មានបទពិសោធន៍ការងារជាង ៦ឆ្នាំមកហើយ ក្នុងវិស័យព័ត៌មានវិទ្យាជាមួយវិស័យឯកជន។ ការងារដំបូងរបស់លោក គឺជាស្មៀនបញ្ចូលទិន្នន័យ នៅក្រុមហ៊ុន Neos (Cambodia) Inc. ក្នុងឆ្នាំ ២០១៣។ គាត់គឺជា បុគ្គលិកព័ត៌មានវិទ្យានៅសណ្ឋាគារ ខាដាមុំ ក្នុងឆ្នាំ២០១៤ ដែលជាកន្លែង ដែលគាត់បានធ្វើការ រៀន និងពង្រឹងសមត្ថភាពខាងព័ត៌មានវិទ្យារបស់គាត់។ ក្នុងឆ្នាំ២០១៥ គាត់បានបម្រើការងារនៅបុរី ឌឹមេគង្គរ៉ូយ៉ាល់ ដែលចាប់ផ្តើមជាបុគ្គលិកព័ត៌មានវិទ្យា បន្ទាប់មកក៏បានដំឡើងតំណែងជាប្រធានក្រុមផ្នែកព័ត៌មានវិទ្យា ដើម្បីដឹកនាំក្រុមការងារនៅក្នុងក្រុមហ៊ុន។ ក្នុងឆ្នាំ២០១៧ គាត់បានធ្វើការនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីមួយឈ្មោះ Corarl Co., Ltd ជាប្រធានក្រុមផ្នែកព័ត៌មានវិទ្យា អស់រយៈពេលជាង២ឆ្នាំផងដែរ។

កញ្ញា ឡាយ ដារី
ជំនួយការរដ្ឋបាល និងធនធានមនុស្ស
DaryLay@ticambodia.org

កញ្ញា ឡាយ ដារី បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជានៅខែសីហា ឆ្នាំ២០១៩។ មុនពេលចូលរួមជាមួយអង្គការតម្លាភាពកម្ពុជា កញ្ញាធ្លាប់បានចូលរួមសកម្មភាព ការងារស្ម័គ្រចិត្តជាច្រើនដូចជា គ្រូបង្រៀនភាសាអង់គ្លេស និងបរិស្ថាន នៅអង្គការសម្ព័ន្ធសកលសន្តិភាពកម្ពុជា និងជាអ្នកបកប្រែជាមួយមូលនិធិចក្ខុខ្មែរ។

កញ្ញា ជាសមាជិកមួយរូបក្នុងក្រុម ដែលធ្វើគម្រោងលើកស្ទួយ មួកត្នោតនិងបរិច្ចាគប្រាក់ទៅមន្ទីរពេទ្យកុមារអង្គរ។ មិនតែប៉ុណ្ណោះ កញ្ញាក៏ធ្លាប់ជាអ្នកហាត់ការផ្នែកធនធានមនុស្សនៅ អង្គការ People in Need អស់រយៈពេលប្រាំមួយខែ។ សព្វថ្ងៃ កញ្ញាសិក្សាបរិញ្ញាបត្រពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ (២០១៦-២០១៩) និងបរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិនៅ វិទ្យាស្ថានភាសាបរទេស(២០១៦-២០២០)។

លោក បូ ឌីណេរ
អ្នកសម្របសម្រួលលទ្ធកម្ម
dinebo@ticambodia.org

លោក បូ ឌីណេរ បានចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជានាខែឧសភា ឆ្នាំ២០១៥។ ក្នុងតួនាទីជាអ្នកសម្រប
សម្រួលលទ្ធកម្ម។ លោក ឌីណេរ បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្ម ឆ្នាំ២០០៧ ពីសាកលវិទ្យាល័យបៀលប្រាយ។ លោកមានបទពិសោធន៍ច្រើនជាង១២ឆ្នាំ ក្នុងការងារធ្វើលទ្ធកម្ម ការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាការផ្គត់ផ្គង់សម្ភារៈដល់កម្មវិធី និងជំនួយការកម្មវិធី ដើម្បីរៀបចំបង្កើតកម្មវិធីថ្មី ថែមទាំងដើរតួនាទីជាអ្នកសម្របសម្រួលជាមួយ អង្គការ សហគមន៍ និងជាអ្នកធ្វើបទបង្ហាញពីកម្មវិធីនៅពេលប្រជុំម្ដងៗ។ មុនពេលចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជា លោក ឌីណេរ បានធ្វើការនៅ អង្គការផេកកម្ពុជា (Pact Cambodia) តួនាទីជាមន្ត្រីរដ្ឋបាល និងធនធានមនុស្សដែលលោកបានរៀបចំគោលការណ៍រដ្ឋបាល ក៏ដូចជាសៀវភៅគោលការណ៍ណែនាំសម្រាប់ស្ថាប័នផងដែរ។

លោក ទ្រីសុខា
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
tsokha@ticambodia.org

លោក ទ្រី សុខា បានចូលរួមក្នុងក្រុមនេះនៅ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈបទពិសោធន៍ ជាង១០ឆ្នាំ ធ្វើការផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅក្រុមហ៊ុនឯកជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល លោកមានចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុការគ្រប់គ្រងផ្ទៃក្នុង និងអនុលោមភាព។ មុនពេលចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជា លោកបានធ្វើការជាមួយ អង្គការម៉ារីស្តូបកម្ពុជា ជាប្រធានហិរញ្ញវត្ថុ, PCG& Partner ជាប្រធានប្រឹក្សាយោបល់នៅគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (ស៊ីស៊ីស៊ី) ជាអ្នកឯកទេសហិរញ្ញវត្ថុ វីសិនហ្វាន់ ជាគណនេយ្យករ។ ក្នុងអំឡុងពេលនេះ គាត់ទទួលបានបទពិសោធន៍ជាច្រើនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការវិភាគអាជីវកម្ម ការរៀបចំផែនការយុទ្ធសាស្រ្ត និងថវិកា រួមទាំងការផ្តល់ដំបូន្មានបន្ថែមលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងការអនុវត្តការងារ។ សុខា ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្ម (MBA) លើមុខជំនាញហិរញ្ញវត្ថុ និងបរិញ្ញាបត្រគណនេយ្យ (បរិញ្ញាបត្រ) ផ្នែកគណនេយ្យពីសាកលវិទ្យាល័យបៀលប្រាយ។

លោកស្រី សេង សូរិយា
មន្រ្តីផ្នែកហិរញ្ញវត្ថុ
soryaseng@ticambodia.org

លោកស្រី សេង សូរិយា ជាមន្រ្តីហិរញ្ញវត្ថុនៃអង្គការតម្លាភាពកម្ពុជា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨។ មុនពេលបម្រើការងារជាមួយអង្គការតម្លាភាពកម្ពុជា លោកស្រី សូរិយា ជាបុគ្គលិកហិញ្ញវត្ថុនៅ អង្គការ ហ្រ្វេន អ៊ីនធឺណេហ្សិនណល។ លោកស្រី បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកសង្គមជាច្រើនជាមួយអង្គការក្រៅ រដ្ឋាភិបាលមួយចំនួន។

លោកស្រី យឹម សុខលីម
មន្រ្តីផ្នែកហិរញ្ញវត្ថុ
soklimyim@ticambodia.org

លោកស្រី យឹម សុខលីម បានចូលរួមក្រុមការងារជាមួយ អង្គការតម្លាភាពកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៤ ដោយមានតួនាទីជាអ្នកហាត់ការផ្នែកហិរញ្ញវត្ថុ។ ហើយ៦ខែក្រោយមកក៏ក្លាយជា ជំនួយការផ្នែកហិរញ្ញវត្ថុ និងក្រោយមកក្លាយជាមន្ត្រីផ្នែកហិរញ្ញវត្ថុ។ អំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ លោកស្រី បានហាត់ការផ្នែកហរិញ្ញវត្ថុ នៅអង្គការដៃគូរៀបចំការអភិវឌ្ឍសហគមន៍ (CMDP) និងគម្រោងពង្រឹងសហគ្រិនធុនតូច និងមធ្យម (MSME) ព្រមទាំងធ្លាប់ជាគណនេយ្យករ នៅគម្រោង CPWF នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ លោកស្រី បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ។

លោក អ៊ឹម នរិន្ទ
ប្រធានកម្មវិធីជាន់ខ្ពស់
norinim@ticambodia.org

លោក អ៊ឹម នរិន្ទ បានចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជា នៅខែធ្នូ ឆ្នាំ២០១៦។ លោក នរិន្ទ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរ គឺបរិញ្ញាបត្រជាន់ខ្ពស់សង្គមវិទ្យានយោបាយពីសាកលវិទ្យាល័យ London School of Economics and Political Science (LSE) នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅក្នុងឆ្នាំ២០១៦ និងរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ University of Malaya នៃទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅក្នុងឆ្នាំ២០១៣។ លោក នរិន្ទ ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ IIC University of Technology (ឆ្នាំ២០០៨)។ លោក មានបទពិសោធន៍ការងារ ជាង៨ឆ្នាំជាមួយអង្គការលីកាដូក្នុងតួនាទីជាច្រើនដូចជា៖ មន្ត្រីឯកសារ មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិកុមារ និងពលកម្មកុមារ និងមន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិ។

លោកស្រី សោម ច័ន្ទធីតា
ប្រធានកម្មវិធី
chanthidasom@ticambodia.org

លោកស្រី សោម ច័ន្ទធីតា បានចាប់ផ្តើមការងារជាមួយក្រុមការងារអង្គការតម្លាភាពកម្ពុជា នៅខែសីហា ឆ្នាំ២០១៦។ ធីតា មានបទពិសោធន៍ជាង៧ឆ្នាំ ធ្វើការជាមួយស្ថាប័នអប់រំ និងអង្គការអន្តរជាតិនានាដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អេស្ប៉ាញ គណៈកម្មាការទន្លេមេគង្គ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសអាឡឺម៉ង់។ ក្នុងពេលបំពេញការងារ ធីតា បានធ្វើការទៅលើផ្នែកជាច្រើនដូចជា៖ រដ្ឋបាល និងហិរញ្ញវត្ថុ អភិវឌ្ឍន៍ទេសចរណ៍ និងស្រាវជ្រាវ ព្រមទាំងក្នុងវិស័យកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយសហការជាមួយនឹងដៃគូរដ្ឋាភិបាលដូចជា៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។ ធីតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនិរន្តរភាព ពីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុននៅឆ្នាំ២០១១ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០០៧ ព្រមទាំងបរិញ្ញាបត្រភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស នៅឆ្នាំ២០០៧។

លោក សុក សំអឿន
មេធាវី
Soeun@ticambodia.org

លោក មេធាវី សុក សំអឿន បច្ចុប្បន្នជាមេធាវី នៃ មជ្ឈមណ្ឌលតស៊ូមតិ និង ប្រឹក្សាយោបល់ផ្នែកច្បាប់ នៃអង្គការតម្លាភាពកម្ពុជា។ លោកធ្លាប់ជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) អស់រយៈពេល ១៨ឆ្នាំ ហើយ បច្ចុប្បន្នក៏ជាប្រធានការិយាល័យមេធាវី ក្រុមអ្នកច្បាប់ និង ទីប្រឹក្សា អមរិន្ទ។ លោកធ្លាប់ជាសាស្រ្តាចារ្យច្បាប់នៅតាមសកលវិទ្យាល័យនានា និង ធ្លាប់បានសសេរសៀវភៅពាក់ព័ន្ធនឹងច្បាប់ បច្ចេកទេសច្បាប់ និង ការបោះឆ្នោត ជាច្រើនក្បាល​។ លោកធ្លាប់ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ជាច្រើន ជាពិសេស លោកធ្លាប់ជា សមាជិកក្រុមការងារព្រាងច្បាប់ប្រឆាំងពុករលួយ ដែលមានសមាសភាពចំរុះរវាងរដ្ឋាភិបាល និង សង្គមស៊ីវិល។

លោក​ ជា ចំរើន
ជំនួយការផ្នែកច្បាប់ មជ្ឈមណ្ឌលតស៊ូ​មតិនិងប្រឹក្សាយោបល់ផ្នែកច្បាប់
cchamroeun@ticambodia.org

លោក ជា ចំរើន បានបពា្ចប់ការសិក្សានៅថ្នាក់ទី ៣ ទំនើបជាតិ​ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៧០។ លោក បានទទួលបានបទពិសោធន៍ ផ្នែកជំនួយការ កម្មវិធីផ្សព្វផ្សាយច្បាប់ Legal Awareness Program (LAP) នៅអង្គការក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា The Cambodian Defenders Project​(CDP) ចាប់ពីឆ្នាំ ២០០០ ដល់ ២០១២ ។

លោក ឈាវ ណាក់
ប្រធានកម្រោង សាលាអភិបាលកិច្ច
nakchheav@ticambodia.org

លោក ឈាវ​ ណាក់ បានចូលរួមការងារនៅដើមខែមករា ឆ្នាំ​២០១៦ ។ គាត់ជាអ្នកជំនាញផ្នែកអភិបាលកិច្ចល្អ​។ គាត់ធ្វើការងារជាងម្ភៃឆ្នាំជាជំនាញការក្នុងផ្នែកអភិបាលកិច្ចវិស័យសាធារណៈ។ គាត់ធ្លាប់ធ្វើការជាមួយស្ថាប័នរដ្ឋ ​និងមិនមែនរដ្ឋ លើផ្នែកអភិបាលកិច្ចតាំងពីឆ្នាំ​១៩៩៥​ ដល់២០១៦ ដូចជាកម្មវិធីមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ដែលផ្តល់មូលនិធិដោយអង្គការធនាគារពិភពលោក។ គាត់ក៏មានបទពិសោធន៍យ៉ាងច្រើនក្នុងការធ្វើការងារជាមួយអង្គការសង្គមស៊ីវិលនានាក្នុងស្រុក និងអន្តរជាតិ និងមានភាពជាអ្នកដឹកនាំ និងជាអ្នកសម្របសម្រួលក្នុងការលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ។ គាត់ធ្លាប់ជាទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោង សិទ្ធទទួលបានព័ត៌មាន ដែលសហការអនុវត្តដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ក្រសួងព័ត៌មាន និងអង្គការ យូណេសស្កូ នាឆ្នាំ​២០១៥ ។

ឈាវ ណាក់ បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញបត្រលើមុខវិជ្ជា ប្រជាជន និងវិទ្យាសាស្រ្ត នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាប្រជាសាស្ត្រ នៅទីក្រុងបុំប៊ៃ ប្រទេសឥណ្ឌា ។ 

កញ្ញា មិន សំនាង
ជំនួយការកម្រោង សាលាអភិបាលកិច្ច
SamneangMin@ticambodia.org

កញ្ញា សំនាង បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជា នៅខែសីហា ឆ្នាំ២០១៧។ មុនពេលដែល សំនាងបំពេញតួនាទីបច្ចុប្បន្ននៅអង្គការតម្លាភាពកម្ពុជានេះ កញ្ញាជាអ្នកហាត់ការក្នុងកម្មវិធីពង្រឹងសិទ្ធិអំណាចយុវជន និងពលរដ្ឋ ហើយក៏ជាអតីតនិស្សិតនៅក្នុងកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងជំនាន់ទី២ នៅអង្គការតម្លាភាពកម្ពុជា។ សំនាង បានចូលរួមអនុវត្តគម្រោងយុវជនជាច្រើនចាប់តាំងពីឆ្នាំ២០១៥ ដែលមានការគាំទ្រថវិកាដោយអង្គការលេចធ្លោនានារួមមានអង្គការតម្លាភាពកម្ពុជា អង្គការអុកស្វាម និងអង្គការទស្សនៈពិភពលោក ក្នុងការអនុវត្តគម្រោងផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លាភាព អភិបាលកិច្ចល្អ ការប្រឆាំងអំពើពុករលួយ ភាពជាអ្នកដឹកនាំ ការពង្រឹងសិទ្ធិអំណាចយុវជន និងស្ត្រី និងការកម្ពស់ការយល់ដឹងអំពីអាហារូបត្ថម្ភកុមារ។ កញ្ញា សំនាង ក៏ត្រូវបានតែងតាំងជាលេខាធិការនៃបណ្តាញយុវជនដើម្បីតម្លាភាពប្រចាំតំបន់អាស៊ី – ប៉ាស៊ីហ្វិក (YMTA) ដែលបានបម្រើការងាររយៈពេល ១០ខែ ក្នុងការសម្របសម្រួល និងធ្វើការជាមួយក្រុមយុវជនជាច្រើននៅក្នុងតំបន់រួមមានប្រទេសបង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដើម្បីឱ្យពួកគាត់អនុវត្តគម្រោងក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងអភិបាលកិច្ច និងការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសរៀងៗខ្លួន។

សំនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យកម្ពុជា។

លោក ឈាង អម្រិត
មន្រ្តីសម្របសម្រួលកម្មវិធី
amrithchheang@ticambodia.org

លោក ឈាង អម្រិត បានចាប់ផ្តើមការងារជាមួយអង្គការតម្លាភាពកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៦។ មុនចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជា លោក អម្រិត មានបទពិសោធន៍រយៈពេល៣ឆ្នាំ បម្រើការនៅតាមស្ថាប័នអន្តរជាតិមួយចំនួនដូចជា៖ អង្គការយុវជនអាយស៊ែក ទីភ្នាក់ងារភីសខ័ររបស់ស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅប្រទេសកម្ពុជា និងស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ខេមបូឌា។ អម្រិត មានបទពិសោធន៍ភាគច្រើនទៅលើផ្នែកការអនុវត្ត ការគាំទ្រគម្រោង ព្រមទាំងការបណ្តុះបណ្តាល។ អម្រិត ទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ ពោលគឺ អក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យកម្ពុជាក្រោមកម្មវិធីអាហារូបករណ៍ និងផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ បន្ថែមពីនេះ នៅដើមឆ្នាំ២០១៥ អម្រិត ក៏ទទួលបានអាហារូបករណ៍កម្មវិធីផ្លាស់ប្តូរការសិក្សារនៅវិទ្យាស្ថានកិច្ចការប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យឈៀងម៉ៃប្រទេសថៃ ផងដែរ។

លោក ជី លីម៉េង
ជំនួយការកម្មវិធី – ពង្រឹងអំណាចប្រជាពលរដ្ឋ និងយុវជន
LymengChi@ticambodia.org

លោក ជី លីម៉េង បានចូលរួមជាមួយអង្គការតម្លាភាពកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៨ ជាអ្នកហាត់ការ។ មុនពេលចូលជាសមាជិកអង្គការនេះ លោកត្រូវបានជ្រើសរើសជាប្រតិភូឆ្នើមមួយអមដំណើរជាមួយប្រតិភូ៤នាក់ផ្សេងទៀត ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានដាក់ពាក្យស្នើសុំចូលរួមក្នុង កម្មវិធីអាហារូបករណ៍សុចរិតភាពរយៈពេលមួយខែ ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំ
វ័យក្មេង ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយអង្គការតម្លាភាពកម្ពុជា។ នៅទីនោះ លោកបានទៅទស្សនកិច្ចអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន១២ និងស្ថាប័នរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីពង្រីកការយល់ដឹងរបស់លោកលើការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់អភិបាលកិច្ច និងសណ្តាប់ធ្នាប់សង្គម និងយុត្តិធម៌។ នៅពេលគាត់ត្រឡប់មកវិញ គាត់ត្រូវបានផ្តល់ឱកាសឱ្យធ្វើជាអ្នកហាត់ការវ័យក្មេងក្រោមកម្មវិធី គ្រិះអភិបាលកិច្ច និងការពង្រឹងសមត្ថភាពនៃអង្គការតម្លាភាពកម្ពុជា។ បន្ទាប់មកគាត់ត្រូវបានតម្លើងតួនាទីជាអ្នកប្រឹក្សាយោបល់សម្រាប់កម្មវិធី ស្រាវជ្រាវ និងតស៊ូមតិ បន្ទាប់ពីគាត់បានបង្ហាញពីលទ្ធផលការងារប្រកបដោយគុណភាពសមស្របតាមតម្រូវការ។ បន្ទាប់ពីការទទួលបានសមិទ្ធផលជាបន្តបន្ទាប់ គាត់ត្រូវបានតំឡើងតួនាទីជាជំនួយការកម្មវិធីជាន់ខ្ពស់សម្រាប់កម្មវិធី ពង្រឹងអំណាចប្រជាពលរដ្ឋ និងយុវជន ចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក លីម៉េង បានបញ្ចប់បរិញ្ញាបត្រផ្នែកសិក្សាអន្តរជាតិ ជំនាញសេដ្ឋកិច្ចអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស និងដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៅឆ្នាំ២០១៨។ ក្រៅពីសមិទ្ធិផលសិក្សារបស់លោក លោកក៏ត្រូវបានតែងតាំងជាប្រធាន និងសហប្រធានដើម្បីដឹកនាំសន្និសីទអង្គការសហប្រជាជាតិគំរូជាច្រើននៅក្នុង និងក្រៅប្រទេសកម្ពុជា ក្រោមការពិភាក្សាលើប្រធានបទជាច្រើនរាប់ចាប់តាំងពីវិទ្យាសាស្រ្តនយោបាយ រហូតដល់សេដ្ឋកិច្ច វប្បធម៌សង្គម បរិស្ថាន និងការអភិវឌ្ឍ។

កញ្ញា អេង មុយហួង
ជំនួយការគម្រោង
mouyhoungeng@ticambodia.org 

កញ្ញា អេង មុយហួង បានចូលជាមួយអង្គការតម្លាភាពកម្ពុជា នៅខែសីហា ឆ្នាំ២០១៨ ដោយមានតួនាទីជាជំនួយការគម្រោងនៃការផ្តល់អំណាចដល់ប្រជាពលរដ្ឋ និងយុវជន នៅខេត្តរតនៈគិរី។ នៅឆ្នាំ២០១៤ មុនពេលចូលរួមជាមួយអង្គការតម្លាភាពកម្ពុជា មុយហុង ធ្លាប់បានធ្វើការស្ម័គ្រចិត្តជាអ្នកដឹកនាំវ័យក្មេង អស់រយៈពេលមួយឆ្នាំ។ កញ្ញា អេង មុយហុង ធ្លាប់បានធ្វើការក្រៅម៉ោង ជាមួយអង្គការអនុផលព្រៃឈើ រយៈពេលខ្លីផងដែរ។ កញ្ញា ក៏ធ្លាប់ធ្វើជាអ្នកជំនាញកុំព្យូទ័រ នៅគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត រយៈពេល៣ខែ។ បន្ទាប់មក កញ្ញា ក៏ធ្លាប់ធ្វើជាជំនួយការរដ្ឋបាល នៅរដ្ឋបាលព្រៃឈើរយៈពេល១ឆ្នាំកន្លះទៀត។ តាមរយៈបទពិសោធន៍ការងារទាំងអស់នេះ កញ្ញា អេង មុយហុង បានរៀបចំទំនាក់ទំនង ធ្វើការក្នុងសង្គមប្រមូលថវិកា ទៅសង់បណ្ណាល័យឱ្យជនជាតិដើមភាគតិច បានបង្រៀន រៀបចំឯកសារ ធ្វើការស្រាវជ្រាវ និងការស្រង់មតិ ធ្វើរបាយការណ៍ ការសម្របសម្រួល និងការកសាងសមត្ថភាពក្រុម។ លើសពីនេះទៅទៀត កញ្ញា អេង មុយហុង ក៏មានជំនាញផ្នែកគ្រប់គ្រងយ៉ាងទូលំទូលាយផងដែរ ។ កញ្ញា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀលប្រាយ នៅខេត្តរតនៈគិរី។

កញ្ញា ហោ មួយស៊ាង
មន្រ្តីសម្របសម្រួលកម្មវិធី
mouyseanghor@ticambodia.org 

កញ្ញា ហោ មួយស៊ាង បានចូលរួមជាមួយក្រុមការងារអង្គការតម្លាភាពកម្ពុជា នៅខែមករា ឆ្នាំ២០១៥ ដើម្បីជួយគាំទ្រកម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន។ កន្លងមក កញ្ញាធ្លាប់បម្រើការងារជាជំនួយការផ្នែកតស៊ូមតិ និងកសាងបណ្ដាញ នៅអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាអង្គការមួយធ្វើការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ និងសិទ្ធិអ្នកដទៃ នៅលើដងផ្លូវ ។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រសេដ្ឋកិច្ចផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងសញ្ញាបត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងទទួលបានវិញ្ញាបនបត្រ ជំនាញតស៊ូមតិផងដែរ។

កញ្ញា សឹម ស៊ុបព្រី
ជំនួយការ– កម្មវិធីកម្មវិធីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍសមត្ថភាព
soupryseum@ticambodia.org

កញ្ញា សឹម ស៊ុបព្រី ចាប់ផ្តើមចូលអង្គកាតម្លាភាពកម្ពុជាចាប់តាំងពីខែកក្កដាឆ្នាំ២០១៨។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញច្បាប់ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ សំរាប់បទពិសោធន៏ការងាររបស់គាត់គឺសរុបមានរយៈពេល៦ឆ្នាំហើយ។ មុននឹងចូលប្រលោកក្នុងអង្គកាតម្លាភាពកម្ពុជា កញ្ញាសឹម ស៊ុបព្រី ធ្លាប់ធ្វើការជាជំនួយការផលិតករ ជំនួយការទំនាក់ទំនងសាធារណៈ ជំនួយការរដ្ឋបាល  និងមន្ត្រីធនធានមនុស្ស។ ក្រៅពីធ្វើការ កញ្ញាបានចូលរួមធ្វើការស្ម័គ្រចិត្តជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើនចំណេះដឹង បទពិសោធន៍ ហើយជាពិសេសចូលរួមជួយសហគមន៍ និងសង្គមរបស់នាងឲ្យកាន់តែរីកចំរើនជាងមុន។ ដូច្នេះកញ្ញាអាចជាអ្នកតំណាងឲ្យការបង្កើតសន្តិភាពសំរាប់សហគមន៍របស់នាង។ ក្នុងឆ្នាំ២០១៧ នាងបានទទួលពានជ័យលាភីតំណាងបុគ្គលិកល្អបំផុតសំរាប់ជំនាញគ្រប់គ្រងធនធានមនុស្ស។

លោក រ៉ា ច័ន្ទរតន៍
ប្រធានកម្មវិធីពង្រឹងសុចរិតភាពអាជីវកម្ម
chanroatra@ticambodia.org

រ៉ា ច័ន្ទរតន៍ បានចូលបម្រើការជាមួយ​អង្គការតម្លាភាពកម្ពុជាក្នុង​ខែ​តុលា ឆ្នាំ២០១៨ បច្ចុប្បន្នលោក ជាប្រធានកម្មវិធី​សុចរិតភាពធុរកិច្ច ​និងគណនេយ្យភាពរ៉ែ។ លោកធ្លាប់ធ្វើការជាមួយស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល ​និង​វិស័យ​ឯកជនក្នុងប្រទេសកម្ពុជា ថៃ និងបណ្ដាប្រទេស​អាស៊ានដទៃទៀតផងដែរអស់រយះពេលជាង​ ១៦ឆ្នាំ​កន្លងមកហើយ។ ការងារទាំងអស់នេះ​ធ្វើឱ្យលោកទទួលបាននូវ​បទពិសោធន៍ និងជំនាញវិជ្ជាជីវៈយ៉ាងសម្បូរបែបលើ​ផ្នែកការអភិវឌ្ឍចម្រុះទីជនបទ​  ការគ្រប់គ្រងធនធានធម្មជាតិ  ការកសាងសមត្ថភាព ព្រមទាំង​ការធានានិរន្តរភាព និងការអភិវឌ្ឍ​ធុរកិច្ច។ លោក ច័ន្ទរតន៍​ មានបទពិសោធន៍​គ្រប់គ្រងគម្រោង​ និងធ្វើការជាមួយ​ដៃគូអភិវឌ្ឍ​ជាច្រើន​ដូចជា ធនាគារពិភពលោក ធនាគារ​អភិវឌ្ឍអាស៊ី សហភាពអ៊ឺរ៉ុប ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិច ជំនួយ​រដ្ឋាភិបាលអូស្ត្រាលី ជំនួយ​សហប្រតិបត្តិការបច្ចេកទេស​ប៊ែលហ្សិច និងម្ចាស់ជំនួយ​ដទៃទៀត។ ​លោក ច័ន្ទរតន៍​ មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់ផ្នែក​គ្រប់គ្រង​ធុរកិច្ច និង​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​ធុរកិច្ច​ផងដែរ។

កញ្ញា សួន ម៉ារីណា
ជំនួយការកម្មវិធីពង្រឹងសុចរិតភាពអាជីវកម្ម
maryna.soun@ticambodia.org

កញ្ញា សួន ម៉ារីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ ការគ្រប់គ្រងសហគ្រិន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ក្រៅពីនេះ បច្ចុប្បន្នម៉ារីណា ក៏ជានិស្សិតឆ្នាំទី៤ ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ កញ្ញា បានចូលរួមសកម្មភាពស្ម័គ្រចិត្តជាច្រើន ដូចជាមន្រ្តីស្ម័គ្រចិត្ត នៅនាយកដ្ឋានហិរញ្ញវត្ថុ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់បឋមសិក្សា។ កញ្ញាបានធ្វើសកម្មភាពស្ម័គ្រចិត្តជាច្រើនដូចជាមន្រ្ដីស្ម័គ្រចិត្តក្នុងនាយកដ្ឋានហិរញ្ញវត្ថុនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគ្រូបង្រៀនស្ម័គ្រចិត្ដនៅបឋមសិក្សាជាមួយអង្គការមូលនិធិសន្តិភាពសកលប្រចាំនៅកម្ពុជា ជាអ្នករៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរជាមួយក្រុមរីកសាយ និងជាអ្នករៀបចំកម្មវិធីអប់រំជាមួយសភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តជាដើម។ ក្រៅពីការងារស្ម័គ្រចិត្ត ម៉ារីណា ក៏ធ្វើការជាអ្នកត្រួតពិនិត្យគុណភាពនៅក្នុងវិស័យស្រាវជ្រាវនៅក្រុមហ៊ុនបណ្ដាញអភិវឌ្ឍន៍ជំនាញ (BDLINK) ។

លោក ខេង រដ្ឋា
មន្ត្រីសម្របសម្រួលកម្មវិធីស្រាវជ្រាវ
rathakheng@ticambodia.org

លោក ខេង រដ្ឋា បានចូលបម្រើការនៅអង្គការតម្លាភាពកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៦។ មុនពេលធ្វើការងារនេះ រដ្ឋា គឺជាយុវជនមួយរូបដែលបានចូលរៀនវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំវ័យក្មេង» ជំនាន់ទី១ របស់អង្គការតម្លាភាពកម្ពុជា នៅឆ្នាំ២០១៤។ ក្រោយមក រដ្ឋា និងមិត្តភក្ដិ បានផ្ដួចផ្ដើមបង្កើតវគ្គបណ្ដុះបណ្ដាល កម្មវិធីយុទ្ធធានាការផ្សព្វផ្សាយ និងកិច្ចពិភាក្សាដេញដោយរបស់យុវជនទៅលើផ្នែកអភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ រដ្ឋា ក៏ធ្លាប់ធ្វើការជាជំនួយការកម្មវិធីស្ម័គ្រចិត្តនៅអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលធ្វើការពង្រឹងសិទ្ធិអំណាចយុវជនឱ្យមានការទទួលខុសត្រូវសង្គម និងក្លាយជាពលរដ្ឋសកម្ម។ រដ្ឋា បានរៀបចំវេទិកាសាធារណៈ វគ្គបណ្ដុះបណ្ដាល សិក្ខាសាលា កិច្ចពិភាក្សាជាមួយអ្នកនយោបាយ កម្មវិធីទស្សនៈកិច្ចសិក្សាទៅតំបន់ផ្សេងៗ កម្មវិធីប្រកួតប្រជែងអត្ថបទ ព្រមទាំងសកម្មភាពកសាងសមត្ថភាព និងស្មារតីក្រុម។ បន្ថែមពីនេះ រដ្ឋា ក៏មានបទពិសោធន៍ក្នុងវិស័យស្រាវជ្រាវជាច្រើនផងដែរ។ រដ្ឋា ធ្លាប់ធ្វើការជាអ្នកប្រមូល និងបញ្ចូលទិន្នន័យទាំងគុណវិស័យ និងបរិវិស័យ ជាអ្នកសម្របសម្រួលកិច្ចពិភាក្សា FGD អ្នកកត់ត្រា មេក្រុម និងជំនួយការស្រាវជ្រាវ។ រដ្ឋា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសង្គម ឯកទេសចិត្តវិទ្យាដោយទទួលបានអាហារូបករណ៍រដ្ឋពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ជា សឹង្ហតារាឬទ្ធិ
ប្រធានផ្នែកទំនាក់ទំនង និងយុទ្ធនាការផ្សព្វផ្សាយឌីជីថល
Csinghtararith@ticambodia.org

លោក ជា សឹង្ហតារាឬទ្ធិ បានចូលជាសមាជិកអង្គការតម្លាភាពកម្ពុជា នៅខែឧសភា ឆ្នាំ២០២០។ ក្នុងអាជីពរយៈពេល៥ឆ្នាំ លោកធ្លាប់ធ្វើការជាអ្នកយកព័ត៌មាន អ្នកស្រាវជ្រាវ អ្នកបណ្តុះបណ្តាលផ្នែកទំនាក់ទំនង និងអ្នកយុទ្ធសាស្ត្រផ្នែកទំនាក់ទំនងបែបឌីជីថល។ នៅអង្គការតម្លាភាពកម្ពុជា លោកមានភារកិច្ចរៀបចំ និងអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនង ក៏ដូចជារៀបចំផែនការសកម្មភាព ផែនការថវិការ និងត្រួតពិនិត្យទៅលើការផលិតសម្ភារៈទំនាក់ទំនងផ្សេងៗ។ តារាឬទ្ធិ​ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៦ ។

កញ្ញា ឈឺន សុភា
ជំនួយការផ្នែកទំនាក់ទំនង
sopheachheun@ticambodia.org

កញ្ញា សុភា ចូលជាសមាជិកនៃអង្គការតម្លាភាព នៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងតំណែងជំនួយការផ្នែកទំនាក់ទំនង។ មុនពេលចូលរួមជាសមាជិកនៅទីនេះ សុភា បានធ្វើបុគ្គលិកហាត់ការនៅ អង្គការអាក់សេនអេតកម្ពុជា​ អស់រយៈពេលជិត​ ៨ខែ។ សុភា ក៏បានធ្វើការស្ម័គ្រចិត្តជាច្រើនដូចជា ធ្វើការបកប្រែ ផ្នែកទីផ្សា និងលក់។ល។ សុភា បានទទួលបរិញ្ញាប័ត្រពីវិទ្យាស្ថានសិក្សាបរទេសជំនាញសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១៩។

កញ្ញា ឈន រក្សា
មន្រ្តីសម្របសម្រួលនៅខេត្តសៀមរាប
reaksharchhorn@ticambodia.org

កញ្ញា ឈន រក្សា ចូលរួមជាមួយអង្គការតម្លាភាពកម្ពុជា នៅខែ មីនា ឆ្នាំ២០១៧។ នាងបញ្ចប់បរិញ្ញាប័ត្រ ផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រងពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៥។ អំឡុងពេលសិក្សា នាងធ្លាប់ ធ្វើជាបុគ្គលិក ហាត់ការនៅមីក្រូហិរញ្ញវត្តុ វីសិនហ្វាន ខេមបូឌា។ បន្ទាប់ពីបញ្ចប់ថ្នាក់មហាវិទ្យាល័យមក នាងធ្វើជាបុគ្គលិកគណនីនៅក្នុងក្រុមហ៊ុន ស៊ីបីអឹម។

លោក ទៀន សាមមើឌី
មន្រ្តីសម្របសម្រួលនៅខេត្តកំពត
samedytein@ticambodia.org

លោក ទៀន សាមមើឌី បានចូលរួមជាមួយអង្គការតម្លាភាពម្ពុជា ក្នុងចាប់ពីខែមីនា ឆ្នាំ២០១៧។ លោក ទៀន
សាមមើឌី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ២០១៤ នៃសាកលវិទ្យាល័យអង្គរខេមរាជំនាញច្បាប់សាធារណៈ ។ ក្នុងកំឡុងពេលសិក្សាក្នុងសាកលវិទ្យាល័យគាត់បានចូលរួមស្ម័គ្រចិត្តជាមួយ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា គាត់ភាគច្រើនធ្វើលើយុវជន ហើយបន្ទាប់ពីបញ្ចាប់ការសិក្សាគាត់បានបម្រើការក្នុងអង្គការក្នុងស្រុកមួយឈ្មោះថា អង្គការសម្ព័ន្ធសប្បុរសធម៌ដែលកាងារភាគច្រើនរបស់គាត់ផ្តោតលើផែ្នកសុខភាព។ បន្ថែមពីនោះ គាត់ក៏ធ្លាប់ធ្វើការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងកុមារនៅកម្ពុជា ជាមន្ត្រីកម្មវិធី ដើម្បីលើកម្ពស់វិស័យទេសចរណ៍នៅក្នុងសហគមន៍។

កញ្ញា នក់ ស្រីលាភ
ជំនួយការគម្រោងនៅខេត្តបាត់ដំបង
sreyleapnouk@ticambodia.org

កញ្ញា នក់ ស្រីលាភ បានចូលបម្រើការងារនៅអង្គការតម្លាភាពកម្ពុជា នៅខែឧសភា ឆ្នាំ២០១៨ ដោយមានតួនាទីជាជំនួយការគម្រោងនៅការិយាល័យប្រចាំតំបន់ខេត្តបាត់ដំបង។ ស្រីលាភ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយសាខា ខេត្តបន្ទាយមានជ័យ និងបរិញ្ញាបត្រ ជំនាញ   គណនេយ្យនៅសាកលវិទ្យាល័យបាត់ដំបង។ ស្រីលាភ មានបទពិសោធន៍ជាង៣ឆ្នាំ ធ្វើការជាមួយយុវជន លើវិស័យអភិបាលកិច្ចល្អ និងសហគមន៍អភិវឌ្ឍន៍កសិកម្ម។ មុនពេលចូលបំរើការងារនៅអង្គការតម្លាភាពកម្ពុជា នាងធ្វើការនៅអង្គការក្នុងស្រុកមួយដែលមានឈ្មោះថា ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ដោយមានតួនាទីជាបុគ្គលិកគម្រោង។ នាពេលបច្ចុប្បន្ននេះ នាងកំពុងបន្តការសិក្សា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក វិទ្យាសាស្ត្រកសិកម្ម និរន្តរភាពនៅសាកលវិទ្យាល័យបាត់ដំបង។