សន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ ២០២០

 សេចក្ដីថ្លែងការណ៍ព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុក​រលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។

ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០បង្ហាញថា​ ប្រទេសភាគច្រើនមានភាពប្រសើរ​ឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះក្នុង​ការដោះស្រាយ​បញ្ហាអំពើពុករលួយ។ ពិន្ទុរបស់ប្រទេសជិតពាក់កណ្ដាលនៅក្នុងសន្ទស្សន៍CPIមានសភាពនៅទ្រឹងក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ដែលបង្ហាញពីភាពជាប់គាំងរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដែលជាឫសគល់នៃអំពើពុករលួយ។ ជាងពីរភាគបីនៃប្រទេសទាំងអស់នោះទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ ទិន្នន័យនេះបានបង្ហាញថា ទោះបីគេឃើញមានកំណែទម្រង់តាមបណ្តាប្រទេសខ្លះក៏ដោយ ក៏​ប្រទេសភាគច្រើននៅតែមានបញ្ហាក្នុងការដោះស្រាយបញ្ហាអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។ បើប្រៀបធៀប​កម្រិតតំបន់ តំបន់ដែលទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ គឺ​អឺរ៉ុប​ខាងលិច និងសហភាពអឺរ៉ុប ទទួលបានពិន្ទុជា​​មធ្យម​ចំនួន ៦៦។ តំបន់ដែលទទួលបាន​ពិន្ទុ​ទាបជាងគេ គឺ​អនុតំបន់​សាហារ៉ា (អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន​ ៣២ ហើយ​តំបន់អឺរ៉ុប​ខាងកើតនិង​អាស៊ី​កណ្ដាល មានពិន្ទុជាមធ្យមចំនួន​ ៣៦។ ដោយឡែក តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​ ទទួលបានពិន្ទុជា​មធ្យម​ចំនួន ៤៥ ដូចគ្នាទៅនឹងឆ្នាំ២០១៩ ដែលស​បញ្ជាក់ឱ្យឃើញពីភាពជាប់គាំងនៅក្នុងតំបន់នេះ។

ការវិភាគលទ្ធផលក៏បានបង្ហាញផងដែរថា អំពើពុករលួយកំពុងយាយីទៅលើប្រព័ន្ធសុខាភិបាល និងរួមចំណែកដល់​​ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ​ ក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ ក្នុងចំណោមបណ្តាប្រទេសដែលទទួលបានពិន្ទុល្អនៅក្នុងសន្ទស្សន៍ ភាគច្រើនបានវិនិយោគខ្លាំងទៅលើវិស័យសុខាភិបាល ហើយបណ្តាប្រទេសទាំងនោះមានលទ្ធភាពក្នុងការផ្តល់ការថែទាំសុខភាពដល់ប្រជាពលរដ្ឋ ហើយមិនរំលោភលើបទដ្ឋាន​លទ្ធិប្រជាធិបតេយ្យឬនីតិរដ្ឋឡើយ។ ទោះយ៉ាងនេះក្តី យោងតាមការរកឃើញ ប្រទេសដែលទទួលបានពិន្ទុខ្ពស់នៅក្នុងសន្ទស្សន៍ ក៏ប្រឈមទៅនឹងបញ្ហាអំពើពុករលួយ រួមទាំងកង្វះតម្លាភាពនៃចំណាយសាធារណៈ ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ជាដើម។

លទ្ធផលនៃសន្ទស្សន៍ក្នុងឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ២១ពិន្ទុ លើពិន្ទុអតិបរមា ១០០ ដែលជាការកើន១ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៨។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ នៅកម្រិតតំបន់ ប្រទេសកម្ពុជា​បន្ត​ស្ថិតក្នុង​ចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិច នៅលើតែប្រទេស​អាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែ​ប៉ុណ្ណោះ ហើយ​ក៏ជាប្រទេសមានពិន្ទុ​ទាប​ជាង​គេបំផុត​​ក្នុងតំបន់​អាស៊ានផងដែរ។ ប្រទេសនានា​​ក្នុង​តំបន់អាស៊ាន ទទួលបានពិន្ទុ​ចម្រុះ។ ប្រទេសសឹង្ហបុរីបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសស្អាតស្អំជាងគេទាំង១០ នៅលើពិភពលោកដោយរក្សាពិន្ទុដដែល (៨៥) និងជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយប្រទេសស៊ុយអែត និងស្វីស។ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មានពិន្ទុធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំមុន៖ មីយ៉ាន់ម៉ា (ធ្លាក់ចុះពី ២៩ ដល់ ២៨) វៀតណាម (៣៧ ដល់ ៣៦) ម៉ាឡេស៊ី (៥៣ ដល់ ៥១) និងឥណ្ឌូណេស៊ី (៤០ ដល់ ៣៧)។​ ទន្ទឹមនឹងនេះដែរប្រទេសថៃ ឡាវ ព្រុយណេ និងហ្វីលីពីននៅតែរក្សាពិន្ទុដដែល។

លទ្ធផលរបស់ប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងមួយចំនួន រួមមានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអំពើពុករលួយក្នុងវិស័យឯកជន កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការពង្រឹងការកៀរគរ​ធនធាន ការជំរុញឱ្យមានរដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក និងលើកកម្ពស់សេវាសាធារណៈ ជាពិសេសការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែ ការប្រសើរឡើងនេះ​មិនទាន់បាន​ផ្លាស់ប្ដូរទស្សនៈយល់ឃើញជារួម​របស់​អ្នក​ជំនាញ ​និង​ធុរជននោះទេ ជាពិសេសទៅលើកំណែទម្រង់រចនាសម្ព័ន្ធ និងជាប្រព័ន្ធជុំវិញបញ្ហាអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ និងការពង្រឹងនីតិរដ្ឋ ត្រូវបានចាត់ទុកថានៅមិនទាន់មានភាពប្រសើរឡើងនៅឡើយ។ ជាក់ស្ដែង ប្រទេសកម្ពុជា​នៅតែទទួលបាន​ពិន្ទុ​ទាប​ខ្លាំង​ ក្នុង​សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក (WJP) ឆ្នាំ២០២០ និង​គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (VDEM) ឆ្នាំ២០២០ ដែល​វាស់វែង​ពីកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​នីមួយៗក្នុងការកែលម្អ​នីតិរដ្ឋ​ និង​ការអភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា៖ ការបន្តទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយបង្ហាញពីកង្វះខាតជាលក្ខណៈនយោបាយ និងស្ថាប័នដែលចាក់ឫសនៅក្នុងប្រទេសមួយ។ ក្នុងអំឡុងពេលរិបត្តិកូវីដ១៩នេះ អំពើពុករលួយកាន់តែបង្កការគំរាមកំហែងទ្វេដងចំពោះប្រទេសជាច្រើនដែលមានសេដ្ឋកិច្ចចំណូលទាប។ ទោះបីប្រទេសកម្ពុជាទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាកំណែទម្រង់រដ្ឋបាល និងហិរញ្ញវត្ថុសាធារណៈក្តី ពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនេះបានបង្ហាញថាកម្ពុជានៅមានបញ្ហាសំខាន់ជាច្រើនទៀតដើម្បីដោះស្រាយ។”

ជាថ្មីម្តងទៀត ដើម្បីកាត់បន្ថយអំពើពុករលួយ អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនរបៀបវារៈកំណែទម្រង់តាមរយៈ៖

  • ការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ
  • ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលបានព័ត៌មាន ច្បាប់ការពារបុគ្គលរាយការណ៍ និងច្បាប់ការពារសាក្សី អ្នកជំនាញ និងជនរងគ្រោះ ដែលស្របតាមបទដ្ឋានអន្តរជាតិ
  • ការពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងការលើកកម្ពស់នីតិរដ្ឋ និងដោះស្រាយគម្លាតរវាងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ
  • ការបង្កបរិយាកាសឱ្យមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ
  • ការធ្វើឱ្យកាន់តែប្រសើរនូវបរិយាកាសអាជីវកម្ម និងលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ ពង្រឹងការអនុលោមច្បាប់ដោយស្មើភាព និងលុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ដែលជាឧបសគ្គក្នុងការប្រកបអាជីវកម្មនៅកម្ពុជា
  • ការបង្កើតយន្តការធានាគណនេយ្យភាព និងធានានូវការអនុវត្តតុល្យភាពអំណាចទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • ការបង្កើនប្រសិទ្ធភាព និងឯករាជ្យភាពរបស់ស្ថាប័នត្រួតពិនិត្យការអនុវត្តច្បាប់ ដូចជា រដ្ឋសភា អាជ្ញាធរ សវនកម្មជាតិ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងអង្គភាពប្រឆាំងអំពើពុករលួយ
  • ការលើកកម្ពស់តម្លាភាពក្នុងការប្រមូលចំណូលជាតិ ដោយផ្តល់លទ្ធភាពឱ្យសាធារណជនអាចទទួលបានព័ត៌មាន ទាក់ទងនឹងអ្នកបង់ពន្ធជូនរដ្ឋ ក្នុងទិសដៅ​បង្កើត​ជាបរិយាកាស​ជឿទុកចិត្ត​ទៅ​ដល់​វិស័យ​ឯកជន និងជំនឿចិត្តរបស់អ្នកបង់ពន្ធផងដែរ។

អង្គការតម្លាភាពកម្ពុជាប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋឱ្យ​កាន់តែប្រសើរឡើងនៅក្នុងប្រទេស ។

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ដែលធ្វើចំណាត់ថ្នាក់លេខរៀងលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈទៅតាមប្រទេស និងដែនដីនីមួយៗនៅលើសកលលោក តាមរយៈការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមជាច្រើន ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២០ ធ្វើចំណាត់ថ្នាក់លេខរៀងចំពោះប្រទេស និងដែនដី សរុបចំនួន ១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន ១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃ និងទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនានា។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ មានដូចជា៖

១. ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៩​

២. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៩

៣. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២០​

៤. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០២០​

៥. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២០

៦. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២០​

៧. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២០​

៨. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៩​

 

សម្រាប់ព័ត៌មានលម្អិតអំពីលទ្ធផល និងប្រភពទិន្នន័យដែលពាក់ព័ន្ធ សូមចូលទៅកាន់៖ www.transparency.org និង www.ticambodia.org/kh/cpi2020

សម្រាប់សេចក្ដីថ្លែងការណ៍ព័ត៌មានជាភាសាខ្មែរ សូមចុច

សម្រាប់លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២០ សូមចុច

សម្រាប់បទបង្ហាញពីវិធីសាស្ត្រស្រាវជ្រាវសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២០ សូមចុច

សម្រាប់សំណួរដែលសួរជាញឹកញាប់ សូមចុច

សម្រាប់វិធីសាស្ត្រស្រាវជ្រាវសង្ខេប សូមចុច

សម្រាប់វិធីសាស្ត្រស្រាវជ្រាវបច្ចេកទេស សូមចុច

 

###

អង្គការតម្លាភាពអន្តរជាតិ គឺអង្គការសង្គមស៊ីវិលដែលឈានមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

  • លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា

ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០

អ៊ីមែល៖ piseypech@ticambodia.org

 

This post is also available in: អង់​គ្លេស