Report Corruption by phone 092/069/060 57 87 87 Report Online

ការចូលរួមរបស់យុវជនក្នុងការលុបបំបាត់អំពើហិង្សាលើស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ – ថោ សុខនិ

         អំពើហិង្សាតែងតែកើតឡើងសឹងគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ជាតិសាសន៍ ដោយមិនប្រកាន់ពណ៌សម្បុរ ឬ សាសនាណាមួយឡើយ ជាពិសេសទៅលើស្ត្រី ដែលជាភេទងាយរងគ្រោះនិងជាភេទមួយដែលសង្គមចាត់ទុកជាភេទទន់ខ្សោយ។ ដោយសង្កេតឃើញអំពើហិង្សាកើតឡើងជាបន្តបន្ទាប់ដែលទាមទារនូវការចូលរួមទប់ស្កាត់ និងលុបបំបាត់ពីសំណាក់យុវជនដែលជាកម្លាំងស្នូលក្នុងសង្គម. តើយុវជនមានតួនាទីអ្វីខ្លះក្នុងការចូលរួមទប់ស្កាត់ក៏ដូចជាលុបបំបាត់អំពើហិង្សាលើស្រ្តី?

          ជាការពិតណាស់យុវជនពិតជាមានតួនាទីយ៉ាងសំខាន់នៅក្នុងការទប់ស្កាត់ក៏ដូចជាលុបបំបាត់អំពើហិង្សាលើស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ​ ព្រោះយុវជនជាកម្លាំងបណ្តាលឲ្យមានការលើកតម្កើងសិទ្ធមនុស្ស។  យុវជនគឺជាធនធានមនុស្សក្នុងការអភិវឌ្ឍន៍រាល់គ្រប់វិស័យនៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេស​។ យុវជនគឺជាកម្លាំងចលករនៅក្នុងការណែនាំ និងបញ្ជេញមតិ ការតវ៉ា ការបញ្ចេញយោបល់ទៅដល់សកម្មភាពមួយចំនួនដែលប៉ះពាល់នៅក្នុងសហគមន៍​និងក្នុងគ្រួសារ ។ យុវជនត្រូវបានលើកកម្ពស់ឲ្យមានការចូលរួមនូវសកម្មភាពមួយចំនួនដូចជា ការងារស្ម័គ្រចិត្ត ការបណ្តុះបណ្តាលវគ្គខ្លីៗ ទាក់ទងទៅនិង សេវាសាធារណៈ អភិបាលកិច្ចល្អ ការលើកកម្ពស់សិទ្ធសេរីភាព​ ផ្សេងៗ ។ ការទទួលបាននូវចំណេះ​និងការចូលរួមនៅក្នុងកិច្ចការសង្គមនេះហើយបានជាយុវជនពិតជាអាចទប់ស្កាត់និងផ្សព្វផ្សាយទៅដល់គ្រួសារ​និងសហគមន៍របស់ពួកគេ ។

          យុវជនគឺជាអ្នកដឹកនាំនាពេលអនាគត។ មែនទែនទៅយុវជនមានតួនាទីជាចម្បងនៃការអភិវឌ្ឍន៍ និងការបង្កើតនូវធិបតេយ្យភាព និងគំរូសម្រាប់ក្មេងៗជំនាន់ក្រោយ ។ មុននឹងវិវត្ថន៍ខ្លួនទៅជាអ្នកដឹកនាំល្អ និងជាគំរូភាពនៅក្នុងសហគមន៍ ពួកគាត់ត្រូវបានឆ្លងកាត់នូវការចូលរួមនៅក្នុងសង្គមជាក់ស្តែង ការបណ្តុះបណ្តាល ហើយអ្វីដែលមិនអាចខ្វះបាននោះគឺ បទពិសោធន៍នៅជុំវិញខ្លួន។ ហេតុការណ៍មួយចំនួនដែលបានកើតឡើង ហាក់មិនមានយុត្តិធម៌និងស្មើរភាព​ ដូចនេះយុវជនបានយកចំណុចនោះមកចែករំលែកទៅដល់ក្មេងៗ យុវជនដទៃទៀត និងមនុស្សក្នុងសហគមន៍ទាំងមូល ឲ្យបានដឹងនិង រកវិធីសាស្រ្តក្នុងការដោះស្រាយ និងការកែប្រែដ៏មានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍន៍។ កាលណាដែលយុវជន ក្មេងៗ មានការយល់ដឹងពីបញ្ហាទាំងអស់នោះ ប្រកដណាស់ពួកគាត់និងឆ្លើយតប និងព្យាយាមកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារ នាពេលខាងមុខ។

          យុវជនជំរុញឲ្យមានការចូលរួមកិច្ចការសង្គម។ ផ្តើមចេញពីការចង់ដឹង ចង់លឺ ការធ្វើការងារក្នុងស្ថាប័នរដ្ឋ និង អង្គការនានា ទើបជំរូញឲ្យយុវជនកើតការចង់ចូលរួមជាមួយ ការងារស្ម័គ្រចិត្ត និងការអនុវត្ថន៍គម្រោងដែលបានមកពីអង្គការក្រៅរដ្ឋាភិបាលដែលទាក់ទងទៅនិង ការផ្តល់នូវសេវាសាធារណៈ ការទទួលសេវាសាធារណៈ ភូមិឃុំមានសុវត្ថិភាព ច្រកចេញចូលតែមួយ គនេយ្យភាព​ ភាពជាអ្នកដឹកនាំ សិទ្ធរបស់ស្រ្តីនិងកុមារ អភិបាលកិច្ចល្អ ការប្រឆាំងអំពើពុករលួយ ផ្សេងៗ។ ការចូលរួមរបស់យុវជនមួយភាគតូចអាចស្រូបទាញ និងបំផុសឲ្យយុវជនផ្សេងៗទៀត មានការចូលរួម និងទទួលបាននូវចំណេះដឹង,បំណិនជីវិត បទពិសោធន៍ល្អៗ និងដឹងពីផលប៉ះពាល់នូវរាល់រូបភាពហិង្សាទាំងនោះ ពួកគាត់និងមិនប្រព្រឹត្តិនូវសកម្មភាព ទាំងនោះ ហើយនិងបង្ហាត់បង្ហាញទៅដល់គ្រួសារនៅក្នុងសហគមន៍ ឬគ្រួសាររបស់ពួកគាត់ផ្ទាល់ ដើម្បីជៀសវាងនិងកាត់បន្ថយក្នុងការបង្ករឲ្យមានជាអំពើហិង្សា។

          សរុបមកយុវជនពិតជាធនធានដ៏សំខាន់ដែលនៅតាមបណ្តាប្រទេសនីមួយៗដែលមិនអាចខ្វះបាន និងជាតម្រូវការដ៏ចាំបាច់នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ និងសហគមន៍។ ប្រសិនបើប្រទេសសម្បូរទៅដោយធនធានមនុស្សដែលឆ្លងកាត់នូវបទពិសោធន៍ ការអប់រំ ការទំនាក់ទំនង សីលធម៌​-សុជីវធម៌ ការគោរព សមត្ថភាព ភាពច្នៃប្រឌិត វិន័យ ការធ្វើជាការងារស្ម័គ្រចិត្ត មេត្តាធម៌ …។ ប្រាកដណាស់ប្រទេសនោះ សហគមន៍នោះ តំបន់នោះ និងមានភាពរីកចម្រើន​ សម្បូរទៅដោយអ្នកសិក្សា អណាព្យាបាលមានការយល់ដឹង ទទួលបានប្រាក់ចំណូល និងកាត់បន្ថយ​ និងលុបបំបាត់អំពើហិង្សានៅក្នុងគ្រួសារនិងសហគមន៍​។

          ដើម្បីជំរុញឲ្យមានការចូលរួម ពីយុវជននៅក្នុងការងារសង្គម និងកាត់បន្ថយ លុបបំបាត់អំពើហិង្សាលើស្រ្តីនិងកុមារនៅក្នុងសហគមន៍ក៏ដូចជានៅប្រទេសកម្ពុជា​ ខ្ញុំមានការស្នើសុំទៅកាន់ស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ-យុវជន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជា ៖

 • ស្ថាប័នរដ្ឋ​ ៖​ ជាស្ថាប័នមួយដែលមានឥទ្ធិពលនៅក្នុងការសម្រេច និងអនុវត្ថននូវការស្នើសុំពីប្រជាពលរដ្ឋ និងមានតួនាទីបម្រើនូវសេវាកម្មដល់ប្រជាជន ។
 • ជំរុញឲ្យមានអភិបាលកិច្ចល្អនៅក្នុង​សហគមន៍ ទីប្រជុំជន
 • ការផ្តល់នូវសេវាសាធារណៈប្រកបដោយតម្លាភាព និងគនេយ្យភាព
 • ចូលរួមលើកកម្ពស់ការងារស្ម័គ្រចិត្តឬហាត់ការទៅដល់យុវជនក្នុងក្រសួងឬមន្ទីរនិមួយៗ
 • គាំទ្រនូវសកម្មភាពរបស់អង្គការសង្គមស៊ីវិលក្នុងតំបន់ដោយការចូលរួម​ឬ គាំទ្រ សហការណ៍
 • សិទ្ធក្នុងការទទួលបានសេវាសាធារណៈ ប្រកបដោយសុចរិត​
 • លើកម្ពស់សិទ្ធស្រ្តីក្នុងការងារ និងលើកទឹកចិត្តបុគ្គលិកស្រ្តី
 • ការបង្កើតច្បាប់ក្នុងការដាក់ទោសទៅដល់ជនបង្ករ
 • អនុញ្ញាតិឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការប្រជុំនៅក្នុងភូមិ សង្កាត់ និងការដេញថ្លៃ ការធ្វើវិសោធនកម្មច្បាប់ផ្សេងៗ ។
 • វិស័យឯកជន ៖ វិស័យដែលបង្កើតឡើងដោយម្ចាស់អាជីវកម្ម និងអ្នកជំនួញផ្សេងៗដើម្បីទទួលបាននូវផលប្រយោជន៍ផ្សេងៗ។ តាមបណ្តាក្រុមហ៊ុនឯកជនក៏ត្រូវមានការចូលរួមនិងគាំទ្រទៅដល់ស្ថាប័នរដ្ឋ និងអង្គការក្រីរដ្ឋាភិបាល។
 • បើកឪកាសសម្រាប់យុវជនក្នុងការចូលរួមសកម្មភាពមួយចំនួនដែលមាននៅក្នុងក្រុមហ៊ុន
 • ជួយគាំទ្រនិងផ្គត់ផ្គង់សកម្មភាពរបស់អង្គការសង្គមស៊ីវីល និងវិស័យរដ្ឋ
 • បណ្តុះគំនិតទៅដលើបុគ្កលិកឲ្យមានភាពស្មើរគ្នាក្នុងការធ្វើការងារ និងតម្លាភាពក្នុងការទទួលបានការងារ​
 • បង្កើតឪកាសការងារសម្រាប់ស្រ្តីឲ្យបានច្រើននៅក្នុងសហគមន៍តាមដែលអាចធ្វើបាន
 • បើកឲ្យមានការជ្រើសរើសអ្នកគ្រប់គ្រងជាស្រ្តី ។
 • ប្រជាពលរដ្ឋ-យុវជន ៖
 • បណ្តុះគំនិតទៅតាមសម័យកាល និងបើកចិត្តទូលាយនៅក្នុងការទទួលយកនូវចំណេះដឹងថ្មីទាក់ទងទៅនិងជីវភាពប្រចាំថ្ងៃ
 • ចូលរួមនៅក្នុងការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ និងស្វែងយល់ពីការទប់ស្កាត់អំពើហិង្សានិងដំណោះស្រាយ
 • ប្រជាពលរដ្ឋនៅក្នុងសហគមន៍គួរគាំទ្រនូវសកម្មភាពស្ម័គ្រចិត្តរបស់យុវជនក្នុងតំបន់
 • កាត់បន្ថយការ ផឹកគ្រឿងស្រវឹង លេងល្បែង និងអប់រំឲ្យកូនប្រុសគោរពនិងឲ្យតម្លាំស្រី្ត។
 • អង្គការសង្គមស៊ីវិល ៖ ជាស្ថាប័នក្រៅជួររដ្ឋាភិបាលនិងមិនស្វែងរកប្រាក់ចំណេញ​និងធ្វើការជាមួយយុវជន​និងប្រជាពលរដ្ឋ នៅតាមស្ថាប័នផ្សេងៗ​។
 • បង្កើតជាវគ្គបណ្តុះបណ្តាលក្នុងការអភិវឌ្ឍន៍ជំនាញទន់នៅតាមតំបន់ដាច់ស្រយ៉ាល
 • បង្កើតជាការបង្រៀនទៅដល់ប្រជាជនដែលខ្វះវិជ្ជាបំណិតជីវិត ជាពិសេសស្រ្តីនិងកុមារ
 • លើកកម្ពស់ក្នុងការបណ្តុះគំនិតក្នុងការប្រកួតប្រជែងក្នុងការសេរ​ ការបង្កើតជាវីឌីអូ ទាក់ទងទៅនិងការអភិបាលកិច្ចល្អ។