សេចក្តីស្នើរបស់អង្គការតម្លាភាពកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការការពារបុគ្គលរាយការណ៍

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សូមគោរពជូន

ឯកឧត្តម បណ្ឌិត ឪម យិនទៀង

ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

កម្មវត្ថុ៖ សេចក្តីស្នើរបស់អង្គការតម្លាភាពកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការការពារបុគ្គលរាយការណ៍

ថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានដឹកនាំនៅក្នុង ដំណើរការ ធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ បានបង្ហាញជាផ្លូវការនូវ សេចក្តីព្រាងបឋម នៃច្បាប់នេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទីពីរ ។ តាងនាមអោយអង្គការតម្លាភាពកម្ពុជា យើងខ្ញុំសូមសំដែងនូវសេចក្តីសោមនស្ស  ដោយបានឃើញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរ ការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយនេះ ។ តាមរយៈការអនុម័តច្បាប់មួយនេះ ព្រះរាជាណាចក្រកម្ពុជា នឹងបោះមួយជំហានទៀតស្របតាមនិន្នាការអន្តរជាតិ ។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឡើកកម្ពស់ស្តង់ដារអន្តរជាតិ យើងខ្ញុំសូមអនុញ្ញាត  ផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

I- វិសាលភាពនៃច្បាប់

វិសាលភាពនៃច្បាប់នេះគួរតែពង្រីកអោយបានទូលំទូលាយ និងជៀសវាងចន្លោះប្រហោង ឲ្យអស់លទ្ធភាព ។ ដោយឡែកសេចក្តីព្រាងបឋមបបច្ចុប្បន្ន (មាត្រាទី ៣ និង មាត្រាទី ៤ ចំណុចទី៩)      បានកំណត់វិសាលភាពដែលមានលក្ខណៈតូចចង្អៀតដោយអនុវត្តតែទៅលើការរាយការណ៍ពីការប្រព្រឹត្តិមិនត្រឹមត្រូវ ដែលអាចជាបទល្មើសពុករលួយ ឬកំហុសខាងវិន័យ ។ យើងខ្ញុំសូមស្នើសុំឲ្យមានការការពារចំពោះការរាយការណ៍អំពី ការរំលោភអំណាច អំពើខុសច្បាប់ អំពើដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព ឬសុវត្តិភាពសាធារណៈ  ការខ្ជះខ្ជាយ និងការប្រើមូលនិធិខុសទិសដៅ ។

II- ការរាយការណ៍ទៅយន្តការខាងក្រៅដែលឯករាជ្យ

ក្រៅពីការរាយការណ៍ទៅយន្តការផ្ទៃក្នុងដូចមានចែងក្នុងសេចក្ពី ព្រាងបឋមបច្ចុប្បន្ន យើខ្ញុំសូមស្នើឲ្យបង្កើតនូវយន្តការខាងក្រៅមួយ ដែលឯករាជ្យ ដែលមានសិទ្ធិអំណាចពិតប្រាកដ ដើម្បីការការពារបុគ្គលរាយការណ៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ នៅក្នុងបរិបទព្រះរាជាណាចក្រកម្ពុជា ដោយសារតែភាពរសើបនៃការរាយការណ៍ យើងខ្ញុំជឿថាយន្តការរាយការណ៍ផ្ទៃក្នុង នឹងមិនអាច   ផ្តល់ការការពារការពិតប្រាកដ ទៅដល់បុគ្គលរាយការណ៍បានឡើយ ។ បណ្តាប្រទេសជាច្រើនដែលបានទទួលជោគជ័យនៅក្នុងការការពារបុគ្គលរាយការណ៍តែង ពឹងផ្អែកលើយន្តការខាងក្រៅដែលឯករាជ្យនេះដូចជាដូចជានៅ Ombudsman ប្រទេសណូវែលសេឡង់ នឹង Commissioner  នៅប្រទេសកាណាដា និងចក្រភពអង់គ្លេសជាដើម ។

III- ការរាយការណ៍ទៅសមាជិកសភា និងប្រព័ន្ធផ្សព្វផ្សាយ

យើងខ្ញុំ សូមស្នើឲ្យមានការការពារចំពោះការរាយការណ៍ទៅសមាជិកសភា ។ ជាងនេះទៅទៀត ក្នុងគោលដៅ ការពារផលប្រយោជន៍សាធារណៈ ក្នុងការទប់ស្កាត់ហានិភ័យចំពោះមុខ ដែលនឹងកើតឡើងយ៉ាងប្រាកដ ហើយដែល ប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ ឬបរិស្ថាន យើងខ្ញុំសូមស្នើឲ្យពន្លៀតការការពារទៅដល់ការរាយការណ៍ទៅប្រព័ន្ធផ្សព្វផ្សាយផងដែរ ។

IV- សិទ្ធិក្នុងការបដិសេធមិនចូលរួមក្នុងការប្រព្រឹត្តិទង្វើខុសច្បាប់ និងការរក្សាសិទ្ធិពិសេស

សេចក្តីព្រាងបឋមបច្ចុប្បន្ន ហាក់ដូចមិនទាន់បានបង្ហាញច្បាស់លាស់ ទាក់ទងនឹងបញ្ហានេះនៅឡើយទេ ។ យើងខ្ញុំសូមស្នើអោយមានការពារពេញលេញ ចំពោះបុគ្គលរាយការណ៍ ដែលបានបដិសេធមិនគោរពតាមការបញ្ជាឲ្យធ្វើខុសច្បាប់ ។ លើសពីនេះទៅទៀត យើងខ្ញុំក៏សូមស្នើឲ្យ សេចក្តីព្រាងបឋមនេះ បញ្ជាក់ឲ្យច្បាស់លាស់ថា សិទ្ធិក្នុងការរាយការណ៍ មានអានុភាពលុបលើកាត្វកិច្ចរក្សាការសម្ថាត់ ដែលតែងមានចែងក្នុងកិច្ចសន្យារការងារនានា  ។

V- សិទ្ធរបស់បុគ្គលរាយការណ៍ក្នុងការប្តឹងទៅតុលាការ

សេចក្តីព្រាងបឋមបច្ចុប្បន្ន បានបង្កើតនិតិវិធីពីរថ្នាក់ទាក់ទង់នឹងការប្តឹងទាមទារសំណង ប្រឆាំងទៅនឹងសកម្មភាពនាំអោយខូចខាត ។ សេចក្តីព្រាងបឋមនេះ (មាត្រា ១៧) ចែងថា « អង្គមានសមត្ថកិច្ចត្រូវសម្របសម្រួល រវាងបុគ្គលរាយការណ៍ និងបុគ្គលដែលបានធ្វើសកម្មភាពនាំអោយខូខាត មុនធ្វើការទាមទារនៅតុលាការ…» ។ យើងខ្ញុំសូមស្នើអោយបុគ្គលរាយការណ៍មានសិទ្ធិ ធ្វើការទាមទារទៅតុលាការដោយផ្ទាល់ តាមការសម្រេចចិត្តរបស់ខ្លួន  (ចំនុចនេះគឺសមស្របជាមួយនឹង រដ្ឋធម្មនុញ្ញ មាត្រា៣៩) ។

VI – ការផ្ដល់រង្វាន់

បណ្តាប្រទេសមួយចំនួនដូចជាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បង្កើតអោយមាននូវការផ្តល់រង្វាន់ ជាទឹកប្រាក់ ដល់បុគ្គលរាយការណ៍។ យើងខ្ញុំសូមស្នើអោយបង្កើតយន្តការផ្ដល់រង្វាន់ ដែលមានលក្ខណៈប្រហាក់ប្រហែលនេះដែរ។

VII – កិច្ចសហការអន្តរក្រសួង

សេចក្តីព្រាងបឋមបច្ចុប្បន្ន ផ្តល់សិទ្ធឱ្យវាទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយចេញការណែនាំពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គមានសមត្ថកិច្ច (យន្តការរាយការណ៍ផ្ទៃក្នុង)។ យើងខ្ញុំសូមស្នើអោយបញ្ចូលស្ថាប័នពីរទៀតគឺ ក្រសួងមុខងារសាធារណៈ និងក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាពិចារណាលើសេចក្ដីស្នើរបស់យើងខ្ញុំខាងលើដោយក្ដីអនុគ្រោះ។

សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាទទួលនូវសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។