មេឃុំរងដែលក្រោកឈរឡើងប្រឆាំងនឹងអំពើពុករលួយ

លោក ឃួន អាត បានធ្វើការជាមន្រ្តីអាជ្ញាធរមូលដ្ឋានអស់រយៈពេល ១៥ ឆ្នាំមកហើយ ចាប់តាំងពីមុខតំណែងជាជំនួយការមេឃុំរហូតក្លាយជាមេឃុំរងទី១។ ជាអ្នកតំណាងឱ្យសង្កាត់កំពង់បាយ នៅក្នុងក្រុងកំពត ខេត្តកំពត លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ៣ថ្ងៃ ស្ដីពី “អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ” ដែលបានរៀបចំឡើងនៅដើមឆ្នាំ ២០១៥ ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្ដីនៅកម្ពុជា ចូលរួមសហការជាមួយអង្គការតម្លាភាពកម្ពុជា។

បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកបានសង្កេតឃើញការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងខ្លួនគាត់ និងអ្នកដទៃដែលនៅជុំវិញខ្លួនគាត់។ ដូចដែលគាត់បាននិយាយ “អភិបាលកិច្ចល្អ ការប្រឆាំងអំពើពុករលួយ និងតម្លាភាពគឺជាអ្វីដែលអាជ្ញាធរត្រូវធ្វើការពីលើ។ ពួកវាជាចំណុចរសើបសម្រាប់រដ្ឋាភិបាល ហើយពួកយើងត្រូវបានបញ្ជាឱ្យធ្វើការទៅលើពួកវាសព្វថ្ងៃនេះ។” ក្រៅពីបំពេញកាតព្វកិច្ចរបស់គាត់នៅក្នុងការប្រឆាំងអំពើពុករលួយ លោក ឃួន អាត ក៏បានទទួលស្គាល់ផងដែរថា នៅក្នុងពេលកន្លងមក ទាំងប្រជាជន និងមន្រ្តីឃុំមិនបានយល់ច្បាស់ពីច្បាប់ប្រឆាំងអំពើពុករលួយ និងតម្លៃសេវាសាធារណៈ។ ជាលទ្ធផល ប្រជាជនតែងតែបង់ប្រាក់សម្រាប់សម្រួលសេវាសាធារណៈ ហើយមន្រ្តីក៏ទទួលយកប្រាក់ទាំងនោះ។ ក៏ប៉ុន្ដែ បន្ទាប់ពីលោកបានចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកមិនត្រឹមតែបង្កើនចំណេះដឹងរបស់គាត់ទាក់ទងនឹងអំពើពុករលួយ និងអភិបាលកិច្ចល្អទេ លោកថែមទាំងបានកែប្រែរបៀបដែលលោកអនុវត្តការងារនៅក្នុងស្ថាប័នរបស់លោក។ សំខាន់ជាងនេះទៅទៀត លោកបានចែករំលែកព័ត៌មានយ៉ាងទូលំទូលាយជាមួយប្រជាជនក្នុងតំបន់ និងបានជូនដំណឹងពួកគេអំពីការប្រឆាំងអំពើពុករលួយ និងតម្លៃសេវាសាធារណៈ។

បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោក ឃួន អាត បានចែកចាយផ្ទាំងរូបភាពចំនួន ៥០០ ច្បាប់ចម្លងដែលបង្ហាញពីតម្លៃសេវាសាធារណៈទៅកាន់រាប់រយគ្រួសារ និងបានជម្រុញឱ្យពួកគេទៅរកសេវាសាធារណៈដោយខ្លួនពួកគេផ្ទាល់ដោយគ្មានការប្រើប្រាស់ឈ្មួញកណ្ដាល។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់លោកនៅក្នុងការចែករំលែកព័ត៌មាន លោកបានសង្កេតឃើញថាមនុស្សកាន់តែច្រើនបានមកសួររក និងទទួលសេវាសាធារណៈដោយខ្លួនពួកគេផ្ទាល់។ លោកក៏បានជម្រុញឱ្យប្រជាជនរាយការណ៍ពីអំពើពុករលួយ ឬអ្វីដែលមិនពេញចិត្តជាមួយការងាររបស់មន្រ្តីឃុំ។ លោកបាននិយាយថា “ខ្ញុំបានប្រាប់ពួកគាត់ថា ប្រសិនបើពួកគាត់ចង់រិះគន់មន្រ្តីណាម្នាក់ សូមកុំខ្លាច។ ពួកគាត់អាចរាយការណ៍តាមរយៈប្រអប់គណនេយ្យភាព ឬសរសេរសំបុត្រទៅកាន់មេឃុំ។ គ្មាននរណាម្នាក់នឹងបង្ហាញពីអត្តសញ្ញាណរបស់ពួកគាត់ឡើយ។ ក៏ប៉ុន្ដែ ជំនួសឱ្យការសរសេរលិខិត ពួកគាត់ក៏អាចរាយការណ៍មកខ្ញុំផ្ទាល់។” បន្ទាប់ពីលោកបានជម្រុញប្រជាជន លោកបានកត់សម្គាល់ឃើញថា មនុស្សកាន់តែច្រើនបានចូលរួមក្នុងការរាយការណ៍ពីអំពើពុករលួយ។ ឧទាហរណ៍ មានករណីមួយដែលមន្រ្តីយកលុយពីអ្នកភូមិនៅពេលវាស់វែងដីធ្លី បន្ទាប់មកពួកគាត់បានរាយការណ៍ទៅកាន់លោក។ គាត់បានធ្វើសកម្មភាពភា្លមៗដោយបានកោះហៅមន្រ្តីនោះមកសាកសួរ និងព្រមាន។ លោកបាននិយាយទៅកាន់មន្រ្តីនោះថា “នៅពេលខាងមុខ កុំទទួលយកលុយពីអ្នកភូមិ ទោះបីជាពួកគាត់ផ្ដល់ជូនក៏ដោយ!”

បន្ថែមពីលើការអប់រំអ្នកភូមិពីអំពើពុករលួយ និងតម្លៃសេវាសាធារណៈ លោក ឃួន អាត ក៏បានចែករំលែកចំណេះដឹងដែលលោកទទួលបានពីវគ្គបណ្ដុះបណ្ដាលជាមួយមិត្តរួមការងាររបស់លោក។ ជាភស្ដុតាង លោកបានបញ្ចូលបទបង្ហាញទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ជារៀងរាល់ខែ ដែលមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើនដូចជាមេប៉ូលីស នាយកសាលា ប្រធានមណ្ឌលសុខភាព សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ និងមន្ត្រីឃុំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ អាជ្ញាធរទាំងនោះបានយកចំណេះដឹងដែលទទួលបានទៅដាក់អនុវត្តពិតប្រាកដ។ ដើម្បីបង្ហាញពីវា លោក ឃួន អាត បានរំលឹកឡើងវិញពីករណីមួយ អ្នកគ្រូម្នាក់នៅសាលាមហាសាមគ្គីដែលត្រូវបានគេចោទប្រកាន់ពីបទយកប្រាក់ពីសិស្ស។ នាយកសាលា និងមេឃុំបានធ្វើការស៊ើបអង្កេត កោះហៅអ្នកគ្រូ ផ្ដល់ការព្រមានដល់គាត់ និងឱ្យគាត់ចុះហត្ថលេខាលើលិខិតប្ដេជ្ញាថានឹងមិនធ្វើវាម្ដងទៀត។ តាំងពីពេលនោះមក លោក ឃួន អាត មិនបានឃើញករណីដូចនេះកើតឡើងនៅសាលាមហាសាមគ្គីម្ដងទៀតឡើយ។

លោក ឃួន អាត ទទួលបានការគោរពជាច្រើនពីប្រជាជន និងបានក្លាយជាអ្នកជំនាញនៅក្នុងអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។ លោកត្រូវបានគេអញ្ជើញជាញឹកញាប់ឱ្យទៅនិយាយនៅក្នុងប៉ុស្ដិ៍វិទ្យុ៩៩.៧ ពីប្រធានបទទាក់ទងនឹងអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។ អ្នកស្ដាប់ក៏បានផ្ដល់មតិវិជ្ជមានថាការបកស្រាយរបស់លោកគឺងាយស្រួលយល់។

លោក ឃួន អាត បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រឆាំងអំពើពុករលួយក្នុងនាមជាថ្នាក់ដឹកនាំអាជ្ញាធរក្នុងតំបន់។ ដូចដែលគាត់បាននិយាយថា “ខ្ញុំប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយអំពើពុករលួយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយខ្ញុំធ្វើនេះក៏ដើម្បីកេរ្តិ៍ឈ្មោះល្អរបស់ខ្ញុំផងដែរ។” លើសពីនេះទៅទៀត លោកជឿជាក់ថាប្រទេសមួយមិនអាចរីកចម្រើនបានទេ លុះត្រាតែអំពើពុករលួយត្រូវបានកាត់បន្ថយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ដូច្នេះហើយ លោកគិតថាការកែប្រែរបស់លោក និងការសហការពីប្រជាជនគឺសំខាន់ណាស់ ប្រសិនបើយើងចង់ផ្លាស់ប្ដូរប្រព័ន្ធ។

ដោយសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកក្នុងការប្រឆាំងអំពើពុករលួយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្រោងនឹងបញ្ចូលការអប់រំលើអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយទៅក្នុងគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ឃុំកំពង់បាយ ជាមួយនឹងគោលបំណងធ្វើឱ្យចំណេះដឹងរបស់ប្រជាជនកាន់តែប្រសើរឡើង និងពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

This post is also available in: អង់​គ្លេស

Leave a Reply