របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦


ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស­­­­­­­­­­ និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។

ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។

ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌ និងដើម្បីលើកកម្ពស់សិទ្ធិមនុស្សបែរទៅជាត្រូវបានប្រជាពលរដ្ឋបន្តមើលឃើញថាជាស្ថាប័នដែលបានរំលោភអំណាច និងមុខងារទៅវិញ។

ពាក់ព័ន្ធនឹងការចូលរួមរបស់សាធារណ:ជន របាយការណ៍នេះបានរកឃើញថា៧៣ភាគរយនៃអ្នកផ្តល់បទសំភាសន៍ជឿជាក់ថាប្រជាពលរដ្ឋទូទៅអាចចូលរួមបង្កើនប្រសិទ្ធិភាពក្នុងការប្រឆាំងអំពើពុករលួយហើយ ៦៣ភាគរយឆ្លើយថាពួកគេមានឆន្ទៈក្នុងការរាយការណ៍ពីអំពើពុករលួយ។ ម្យ៉ាងទៀត ៦៦ភាគរយនៃអ្នកផ្តល់ចម្លើយ យល់ស្របថាការរាយការណ៍អំពើពុករលួយគឺជាទង្វើដ៏ត្រឹមត្រូវ។ ប៉ុន្តែជាក់ស្តែងមានតែ៥ភាគរយនៃអ្នកផ្តល់ចម្លើយដែលធ្លាប់បានប្រព្រឹត្តអំពើសូកប៉ាន់ បានរាយការណ៍អំពើពុករលួយនេះក្នុងពេលកន្លងមក។ អ្នកផ្តល់ចម្លើយចំនួន៤៥ភាគរយបានឆ្លើយថាមូលហេតុដែលប្រជាពលរដ្ឋមិនរាយការណ៍ពីអំពីពុករលួយដោយសារតែខ្លាចប្រឈមនឹងលទ្ធផលមិនល្អក្រោយរាយការណ៍រួច ហើយ១៧ភាគរយឆ្លើយថាទោះជារាយការណ៍ក៏គ្មានវិធានការណ៍អី្វដែរ។

ជាការដែលគួរឱ្យកត់សម្គាល់ មានតែ៣៥ភាគរយនៃអ្នកផ្តល់ចម្លើយសរុបប៉ុណ្ណោះ ដែលជឿជាក់ថាវិធានការណ៍ និងគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធិភាព។

អង្គការតម្លាភាពកម្ពុជាបានបន្តទទូចម្តងហើយម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តកំណែទម្រង់ជាលក្ខណៈរចនាសម្ព័ន្ធ និងជាប្រព័ន្ធនៅក្នុងស្ថាប័នជាតិសំខាន់ៗដោយផ្តោតលើកំណែទម្រង់ប្រព័ន្ធតុលាការ និងភ្នាក់ងារអនុវត្តច្បាប់ និងការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ដោយអនុលោមតាមស្តង់ដាអន្តរជាតិ។

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា “នៅពេលដែលសាធារណៈជនទូទៅបញ្ជាក់ថាអំពើពុករលួយបានរីករាលដាលពេញក្នុងសង្គមទៅហើយនោះ ថ្នាក់ដឹកនាំក្នុងសង្គមនោះគួរតែយកចិត្តទុកដាក់ទៅលើបញ្ហាពុករលួយនេះឱ្យកាន់តែខ្លាំង និងធ្វើការឆ្លើយតបឱ្យទាន់ពេលវេលាដោយអនុលោមតាមកំណែទម្រង់ជាគន្លឹះដែលអ្នកជំនាញបានស្នើឡើង។” លោកបានបន្តថា “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលបង្ហាញពីទស្សនៈ  និងបទពិសោធន៍របស់ម្ចាស់សន្លឹកឆ្នោតហើយគួបផ្សំជាមួយរបាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវទស្សនទាន ក៏ដូចជាចក្ខុវិស័យដល់ រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណបក្សនយោបាយដើម្បីបង្កើតយុទ្ធសាស្រ្ត និងវិធានការណ៍ដែលមានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។”

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ទូរស័ព្ទលេខ ០១២ ៨៧៧ ៨៣៣

 

ទាញយកបទបង្ហាញទាំងពីរភាសាសូចចុចនៅទីនេះ

This post is also available in: អង់​គ្លេស