សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩

សេចក្ដីថ្លែងការណ៍ព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។

ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ បង្ហាញថា ប្រទេសភាគច្រើនមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះឡើយ ក្នុងការដោះស្រាយអំពើពុករលួយ។ ជាងពីរភាគបីនៃប្រទេសទាំងអស់នោះទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ២០១២មក មានប្រទេសតែ២២ប៉ុណ្ណោះ ដែលមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសចំនួន២១ផ្សេងទៀតបែរជាទទួលបានពិន្ទុធ្លាក់ចុះទៅវិញ។ ប្រទេសដទៃទៀតមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះឡើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងបណ្ដាឆ្នាំកន្លងមក។ បើប្រៀបធៀបកម្រិតតំបន់ តំបន់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺអឺរ៉ុបខាងលិច ទទួលបានពិន្ទុជាមធ្យមចំនួន ៦៦។ តំបន់ដែលទទួលបានពិន្ទុទាបជាងគេ គឺអនុតំបន់សាហារ៉ា (អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន ៣២ ហើយអឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាល មានពិន្ទុជាមធ្យមចំនួន ៣៥។ តំបន់អាស៊ីប៉ាស៊ីហ្វិច ទទួលបានពិន្ទុជាមធ្យមចំនួន ៤៥ បន្ទាប់ពីមានពិន្ទុជាមធ្យមចំនួន ៤៤ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលនេះបញ្ជាក់ឱ្យឃើញពីភាពជាប់គាំងនៅក្នុងតំបន់នេះ។

ការវិភាគលើលទ្ធផលជាសកលក៏បង្ហាញផងដែរថា ប្រទេសដែលទទួលបានពិន្ទុប្រសើរសម្រាប់សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ក៏ជាប្រទេសដែលបានអនុវត្តខ្លាំងទៅលើច្បាប់ស្តីពីការគ្រប់គ្រងថវិកាសម្រាប់ការឃោសនាបោះឆ្នោត និងជាប្រទេសដែលមានការពិគ្រោះយោបល់ទូលំទូលាយក្នុងការសម្រេចចិត្តលើគោលនយោបាយ។ ផ្ទុយមកវិញ ប្រទេសដែលទទួលបានពិន្ទុតិចជាប្រទេសដែលមានបញ្ហាតុល្យភាពអំណាច ខណៈពេលដែលបុគ្គលមានទ្រព្យសម្បត្តិច្រើនមានឥទ្ធិពលខ្លាំងទៅលើរដ្ឋាភិបាល និងខ្វះការចូលរួមទូលំទូលាយក្នុងដំណើរការសម្រេចចិត្ត។ ជាឧទាហរណ៍ ប្រទេសដែលពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថវិកាសម្រាប់ការឃោសនាបោះឆ្នោតបានត្រឹមត្រូវ ទទួលបានពិន្ទុជាមធ្យមចំនួន ៧០ ចំណែកប្រទេសដែលមិនទាន់មានច្បាប់នេះ ទទួលបានពិន្ទុជាមធ្យមចំនួន ៣៤ ឬប្រទេសដែលមានការអនុវត្តច្បាប់នេះនៅទន់ខ្សោយ ទទួលបានពិន្ទុជាមធ្យមចំនួន ៣៥ តែប៉ុណ្ណោះ។ ៦០ភាគរយនៃប្រទេសនិងដែនដីដែលទទួលបានពិន្ទុប្រសើរតាំងពីឆ្នាំ២០១២មក ក៏ជាប្រទេសដែលបានពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជុំវិញការគ្រប់គ្រងការបរិច្ចាគថវិកាសម្រាប់ការឃោសនាបោះឆ្នោត។ ដូច្នេះ ការកាត់ផ្តាច់ឥទ្ធិពលនៃលុយរបស់អ្នកមានទៅលើនយោបាយ គឺមានសារៈសំខាន់ណាស់ដើម្បីធានាការសម្រេចចិត្តផ្នែកនយោបាយបម្រើទៅដល់ប្រយោជន៍សាធារណៈ និងទប់ស្កាត់បាននូវឱកាសពុករលួយ។

លទ្ធផលនៃសន្ទស្សន៍ក្នុងឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ២០ពិន្ទុ លើពិន្ទុអតិបរមា ១០០ គឺជាពិន្ទុ ដដែលធៀបនឹងឆ្នាំមុន។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦២ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នៅលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។ ប្រទេសនានាក្នុងតំបន់អាស៊ាន ទទួលបានពិន្ទុចម្រុះ។ ប្រទេសសិង្ហបុរីបន្តស្ថិតនៅកំពូលតារាង ជាប្រទេសលេខរៀងទី៤ ដែលស្អាតស្អំបំផុតក្នុងពិភពលោក បើទោះជាទទួលបានពិន្ទុដដែលដូចឆ្នាំមុន។ ប្រទេសម៉ាឡេស៊ី និងវៀតណាមជាប្រទេសតែ២ប៉ុណ្ណោះដែលមានពិន្ទុកើនឡើងពី៤៧ទៅ៥៣ និង ៣៣ទៅ៣៧ រៀងគ្នា។ ប្រទេសឥណ្ឌូណេស៊ីក៏កើន២ពិន្ទុបន្ថែមពី ៣៨ទៅ៤០ ខណៈប្រទេស ហ្វីលីពីនជាប្រទេសតែមួយគត់ក្នុងតំបន់ដែលធ្លាក់ពិន្ទុពី៣៦មក៣៤។ ចំណែកប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជារក្សាពិន្ទុនៅដដែល។

លទ្ធផលនេះចង្អុលបង្ហាញថា ទោះបីជាកម្ពុជាសម្រេចបាននូវលទ្ធផលជាក់លាក់មួយចំនួន ដូចជា៖ ភាពប្រសើរឡើងនៃការកៀរគរធនធាន និងកំណែលម្អការផ្តល់សេវាសាធារណៈ ប៉ុន្តែការប្រសើរឡើងនេះមិនទាន់បានផ្លាស់ប្ដូរទស្សនៈយល់ឃើញជារួមរបស់អ្នកជំនាញនិងធុរជននោះទេ ជាពិសេសជុំវិញបញ្ហាអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ។ កំណែទម្រង់ជាប្រព័ន្ធ និងស៊ីជម្រៅសំខាន់ៗជាពិសេសទាក់ទងនឹងនីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌ មានភាពប្រសើរឡើងតិចតួច ឬមិនប្រសើរឡើងទាល់តែសោះ។ ប្រទេសកម្ពុជានៅតែទទួលបានពិន្ទុទាបខ្លាំង ក្នុងសន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក (WJP) និងគម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (VDEM) ដែលវាស់វែងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការកែលម្អនីតិរដ្ឋ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។

លោក ប៉ិច ពិសី នាយកប្រតិបត្តិស្តីទីនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា “កម្ពុជាបានបោះជំហានជាវិជ្ជមានមួយចំនួនក្នុងការលុបបំបាត់អំពើពុករលួយតាមវិស័យនានា ដែលបាននាំមកនូវលទ្ធផលគួរឱ្យពេញចិត្តខ្លះ ដូចជា៖ ការកាត់បន្ថយអំពើពុករលួយទ្រង់ទ្រាយតូច និងការបង្កើនចំណូលថវិកា តាមរយៈការប្រមូលសារពើពន្ធ និងសេវាកម្មគយ អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយមិនត្រូវបានដោះស្រាយឱ្យត្រឹមត្រូវទេនោះ អំពើពុករលួយនឹងបន្តបង្កើតភាពអយុត្តិធម៌សង្គម និងបង្កជាហានិភ័យដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលចំបាច់ត្រូវបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះជាប្រព័ន្ធ និងស៊ីជម្រៅ ” ។

ជាថ្មីម្តងទៀត អង្គការតម្លាភាពកម្ពុជាសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ពន្លឿនរបៀបវារៈកំណែទម្រង់ជាច្រើនទៀតដែលជាចំណុចអាទិភាព។ ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ និងការអនុម័តឱ្យបានទាន់ពេលវេលានូវបទប្បញ្ញត្តិដែលលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានសាធារណៈ និងការការពារបុគ្គលរាយការណ៍ គឺជាជំហានចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងការលើកកម្ពស់នីតិរដ្ឋ និងដោះស្រាយគម្លាតរវាងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយគឺជាវិធានការដ៏ចាំបាច់។ ការគាំទ្រអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏មានសារៈសំខាន់ដូចគ្នាផងដែរ។ សំខាន់ជាងនេះទៅទៀត ប្រទេសកម្ពុជាត្រូវការជាបន្ទាន់នូវយន្តការធានាគណនេយ្យភាពដ៏គួរឱ្យទុកចិត្ត ក៏ដូចជាការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងធានាតុល្យភាពអំណាចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អង្គការតម្លាភាពកម្ពុជាចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវផ្លែផ្កាគួរឱ្យកត់សម្គាល់លើការកៀរគរធនធាន ប៉ុន្តែជាការចាំបាច់ផងដែរសម្រាប់រាជរដ្ឋាភិបាល ក្នុងការឱ្យសាធារណជន ទទួលបានព័ត៌មាន ឬទិន្នន័យរបស់អ្នកបង់ពន្ធជូនរដ្ឋ ដើម្បីជំរុញឱ្យមានតម្លាភាព ក្នុងទិសដៅបង្កើតជាបរិយាកាសជឿទុកចិត្តទៅដល់វិស័យឯកជន និងជំនឿចិត្តរបស់អ្នកបង់ពន្ធផងដែរ។ អង្គការតម្លាភាពកម្ពុជាប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជួយអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៥ ដែលធ្វើចំណាត់ថ្នាក់លេខរៀងលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈទៅតាមប្រទេស និងដែនដីនីមួយៗនៅលើសកលលោក តាមរយៈការដាក់ពិន្ទុតាមមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយត្រូវបានគណនា និងផ្ទៀងផ្ទាត់ដោយប្រើប្រាស់ប្រភពទិន្នន័យរបស់ស្ថាប័នដែលមានកិត្តិនាមជាច្រើន ដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនៅក្នុងប្រទេសទៅលើទំហំនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៩ ធ្វើចំណាត់ថ្នាក់លេខរៀងចំពោះប្រទេស និងដែនដី សរុបចំនួន ១៨០ ដោយពឹងផ្អែកទៅលើលទ្ធផលនៃការស្ទង់មតិរហូតដល់ចំនួន ១៣ទិន្នន័យ ដែលឆ្លុះបញ្ចាំងអំពីការវាយតម្លៃ និងទស្សនៈនៃការយល់ឃើញរបស់ធុរជន និងអ្នកជំនាញនានា។ ចំពោះប្រទេសកម្ពុជា ប្រភពទិន្នន័យសរុបចំនួន ៨ ត្រូវបានប្រើប្រាស់ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ មានដូចជា៖

១. សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២០

២. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០១៩

៣. ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៨

៤. ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០១៩

៥. ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៨

៦. ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (EOS) ឆ្នាំ២០១៩

៧. សន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០១៩

៨. គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ (V-Dem) ឆ្នាំ២០១៩។

 

សម្រាប់ព័ត៌មានលម្អិតអំពីលទ្ធផល និងប្រភពទិន្នន័យដែលពាក់ព័ន្ធ សូមចូលទៅកាន់៖ www.transparency.org

សម្រាប់សេចក្ដីថ្លែងការណ៍ព័ត៌មានជាភាសាខ្មែរ សូមចុច

សម្រាប់លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៩ សូមចុច

សម្រាប់វិធីសាស្ត្រស្រាវជ្រាវសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៩ សូមចុច

សម្រាប់សំណួរដែលសួរជាញឹកញាប់ សូមចុច

សម្រាប់វិធីសាស្ត្រស្រាវជ្រាវសង្ខេប សូមចុច

###

អង្គការតម្លាភាពអន្តរជាតិ គឺអង្គការសង្គមស៊ីវិលដែលឈានមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

 

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

  • លោក ប៉ិច ពិសី នាយកប្រតិបត្តិស្ដីទី

ទូរស័ព្ទលេខ៖ (៨៥៥) ០៨៩ ៩៧២ ៦២០

អ៊ីមែល៖ piseypech@ticambodia.org