កម្មវិធីស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ

កម្មវិធីពង្រឹងសិទ្ធិអំណាចស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ

កម្មវិធីពង្រឹងសិទ្ធិអំណាចស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំ របស់អង្គការតម្លាភាពកម្ពុជា (WYEL) ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ស្រ្តី និងយុវជន អំពីគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចប្រជាធិបតេយ្យ ព្រមទាំងពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ដើម្បីចូលរួមក្នុងដំណើរការ ការធ្វើសេចក្តីសម្រេចចិត្តនានា។ WYEL មានគោលបំណងចម្បងពីរ៖

គោលបំណងទី១៖ បង្កើនចំណេះដឹងរបស់ស្ត្រី និងយុវជនអំពីគណនេយ្យភាព តម្លាភាព អភិបាលកិច្ចប្រជាធិបតេយ្យ និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋ;

គោលបំណងទី២៖ បង្កើនសមត្ថភាពរបស់ស្រ្តី និងយុវជន ដើម្បីចូលរួមក្នុងដំណើរការ ការធ្វើសេចក្តីសម្រេចចិត្ត នានា។

ជាលទ្ធផលនៃសកម្មភាពនានារបស់អង្គការតម្លាភាពកម្ពុជា យុវជន និងស្ត្រី នឹងបង្កើនចំណេះដឹងរបស់ពួកគេអំពីគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ អង្គការតម្លាភាពកម្ពុជា គ្រោងនឹងលើកយកប្រធានបទទាំងនេះ ដើម្បីចែករំលែកឱ្យកាន់តែងាយស្រួលយល់ និងដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងយុវជន លើកយកមកពិភាក្សាកាន់តែច្រើនជាងមុន តាមរយៈមានការបង្កើតនូវបរិយាកាសផ្សេងៗ សម្រាប់ការសិក្សា និងការពិភាក្សា ព្រមទាំងការធ្វើជាដៃគូ ជាមួយនឹងអង្គភាពប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធ។ សកម្មភាពទាំងនេះ នឹងរួមបញ្ចូលទាំងការលើកកម្ពស់សិទ្ធិ ស្រ្តីឱ្យក្លាយជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ជាពិសេស បញ្ហាដែលទាក់ទងទៅនឹងអភិបាលកិច្ចប្រជាធិបតេយ្យ  ។ អង្គការតម្លាភាពកម្ពុជា ក៏នឹងបន្តពង្រីកបណ្តាញរបស់ខ្លូនដែលមានស្រាប់ នៅរាជធានីភ្នំពេញ និងបណ្តាញនៅខេត្តទាំង៥ របស់ខ្លួន ដើម្បីជម្រុញការចូលរួម និងធានាឱ្យបានការចូលរួមរបស់ស្រ្តី និងយុវជន។ តាមរយៈបណ្តាញដែលមានស្រាប់ អង្គការតម្លាភាពកម្ពុជា អាចរក្សាបាននូវទំនាក់ទំនង ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចប្រជាធិបតេយ្យ។